អតីត​ពលរដ្ឋ​នៅ​​​ដី​ក្រហម​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ

អតីត​អ្នក​រស់​នៅ​តំបន់​ដី​ក្រហម​ប្រមាណ​១៥០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៤៤​​គ្រួសារ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដីធ្លី​និង​ផ្ទះសម្បែង​នៅ​សហគមន៍​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ មករា ឆ្នាំ​២០០៩ បាន​ប្រារព្ធ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញនេះ។

0:00 / 0:00

ពិធី​រំឭក​ខួប​លើក​ទី​១​នៃ​ការ​បណ្ដេញ​ចេញ​ បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​វត្ត​ស្វាយពពែ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៤ មករា​នេះ ដោយ​មាន​ការ​និមន្ត​ព្រះសង្ឃ​សូត​មន្ត​ផង​ដែរ។

បន្ទាប់​ពី​ពិធី​សូត​មន្ត​បាន​ចប់​សព្វ​គ្រប់ អតីត​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ដី​ក្រហម បាន​ដើរ​ហែ​ក្បួន​ទៅ​រៀបចំ​ពិធី​អុជ​ធូប​ទៀន​នៅ​ទីតាំង​នៃ​អតីត​សហគមន៍​ដី​ក្រហម​ដែល​ត្រូវ​បាន​ព័ទ្ធ​របង​ស័ង្កសី​ជិត​និង​កាន់កាប់​ដោយ​ក្រុម​ហ៊ុន​7NG។

ទស្សនា​​វីដេអូ​នៅ​វឹបសាយថ៍ YouTube

នៅ​ឯ​​ទី​តាំង​​ដី​នៃ​អតីត​សហគមន៍​ដីក្រហម ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​7NG តំណាង​អតីត​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ដី​ក្រហម លោក ចាន់ វិចិត្រ បាន​អាន​សេចក្ដី​ថ្លែង​ការណ៍​ក្នុង​ឱកាស​ខួប​គម្រប់​មួយ​ឆ្នាំ ដោយ​បញ្ជាក់​ពី​ការ​ឈឺ​ចាប់​ដែល​ពួក​គាត់​មាន​ប្រសាសន៍​ថា មិន​អាច​បំភ្លេច​បាន។

លោក ចាន់ វិចិត្រ បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «ប្រជាពលរដ្ឋ​អ្នក​សហគមន៍​ដីក្រហម​នៅ​តែ​ចងចាំ​អស់​មួយ​ជីវិត​នូវ​អំពើ​អមនុស្សធម៌ ព្រៃផ្សៃ សាហាវ​យង់ឃ្នង រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​រស់​នៅ ដែល​យើង​ចាត់​ទុក​ថា ជា​វាល​ពិឃាត​ទី២»

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ បាន​អំពាវនាវ​សូម​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សូម​កុំ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​តទៅ​ទៀត។

លោក យ៉េង វីរៈ បាន​អំពាវនាវ​ដូច្នេះ ៖ «មន្រ្តី​អនុវត្ត​ច្បាប់​បាន​បំពាន​លើ​ច្បាប់​ហ្នឹង ហើយ​យក​ច្បាប់​មក​បង្កើត​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទៅ​វិញ»

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​សម្ដែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​​ដែល​បាន​បង្ខំ​ចិត្ត​ទៅ​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​ ពី​សាលារៀន​នៃ​កូន​ចៅ​របស់​ពួក​គាត់​និង​ពី​ទី​កន្លែង​ប្រកប​របរ​រកស៊ី។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​រដ្ឋាភិបាល​លោក​ចង់​អភិវឌ្ឍ​កន្លែង​ត្រង់​ណា សូម​លោក​មេត្តា​ជួយ​ឲ្យ​បង​ប្អូន​ឲ្យ​មាន​បាន​សំណង​ឲ្យ​បាន​សមរម្យ ជួយ​អ្នក​ក្រ​ឲ្យ​រស់​សិន​មុន​នឹង​ជួយ​អ្នក​មាន​ឲ្យ​មាន​ថែម»

ក្នុង​ពិធី​អុជ​ធូប​ទាន​នៅ​ក្បែរ​​របង​នៃ​ក្រុមហ៊ុន​7NG ប្រជាពលរដ្ឋ​បាន​ប្រើ​ពាក្យ​ទ្រគោះ​បោះ​បោក​ធ្ងន់ៗ​ដល់​អ្នក​ដែល​បាន​បណ្ដេញ​ពួក​គាត់​ហើយ​យក​ដីធ្លី​របស់​ពួក​គាត់​នោះ ៖ «អស់​លោក​បំពាន​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​ដី​ក្រហម​ទាំង​ប៉ុន្មាន​សប្បាយ​ប៉ុណ្ណា​ឲ្យ​អ្នក​ឯង​ឈឺ​ចាប់​លើស​អ្នក​ដី​ក្រហម​១០០​ដង»

អតីត​អ្នក​រស់នៅ​ក្នុង​សហគមន៍​ដី​ក្រហម​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ និង​កម្មករ​របស់​ក្រុមហ៊ុន​7NG បណ្ដេញ​ចេញ​ពី​ដីធ្លី​និង​ផ្ទះ​សម្បែង​កាល​ពី​ថ្ងៃ​ទី​២៤ មករា ឆ្នាំ​២០០៩។ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​ បាន​បង្ខំ​ចិត្ត​ទទួល​យក​ផ្ទះ​ល្វែង​នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​លក់​ផ្ទះ​ហើយ​ត្រឡប់​មក​ជួល​ផ្ទះ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ដោយ​ពួក​គាត់អះអាង​ថា ទីតាំង​ថ្មី​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ទឹក​និង​ភ្លើង​ហើយ​ម្យ៉ាង​ទៀត​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រកប​របរ​ទទួលទាន៕