ផ្លូវលេខ ៥៩៨ ត្រូវបានវិនិយោគ គឺស្ថាបនា ថែទាំ និងប្រមូលប្រាក់ថ្លៃប្រើប្រាស់ផ្លូវពីបណ្ដារថយន្តដឹកទំនិញ ដោយក្រុមហ៊ុន ភ្នំពេញហាយវេ (Phnom Penh Highway)។
យោងតាមសម្ដីរបស់របស់បុគ្គលិកនៃក្រុមហ៊ុនភ្នំពេញហាយវេ បានឲ្យដឹងថា ដោយសារតែផ្លូវត្រូវរងនូវការខូចខាត កាត់ផ្ដាច់ដោយសារទឹកជំនន់នោះ ក្រុមហ៊ុនមានបំណងផ្អាកការធ្វើចរាចរណ៍តាមដងផ្លូវនេះមួយរយៈ ដោយរង់ចាំជួសជុលហើយសិន ព្រោះខ្លាចត្រូវបង់ខាតកាន់តែច្រើន តែមិនអាចធ្វើទៅបាន។
ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់ក្នុងខណ្ឌឫស្សីកែវ ប្រជាពលរដ្ឋភាគច្រើនរួមទាំងមន្ត្រីជំនាញផងដែរ បានស្ដីបន្ទោសទៅលើការមិនយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានចំពោះការសាងសង់អគារថ្មីៗ និងប្រព័ន្ធបង្ហូរទឹក។
ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតបានសម្ដែងនូវក្ដីកង្វល់ពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសមច្ឆជាតិដោយសារតែការបង្ហូរទឹកកខ្វក់ចូលទៅក្នុងទន្លេសាប។
វិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានសេចក្ដីបំភ្លឺពីសំណាក់មន្ត្រីដែលពាក់ព័ន្ធជុំវិញបញ្ហានេះនៅឡើយទេ៕
