ការកាប់កាប់សម្លាប់ប្រជាជនកម្ពុជាត្រូវបានធ្វើឡើងស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេសក្នុងអំឡុងរបបខ្មែរក្រហម ជាក់ស្ដែងល្អាងល្ខោននិងល្អាងតែងខ្លួនលើខ្នងភ្នំសំពៅខេត្តបាត់ដំបង ដែលជាទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងជាទីគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរផងទាំងពួងនោះ ក៏បានក្លាយទៅជាទីពិឃាដមនុស្សដែរ។
ល្អាងល្ខោន និងល្អាងតែងខ្លួនមានប្រវត្តិយូរលង់ទាក់ទងទៅនឹងរឿងព្រេងនិទានខ្មែរគឺរឿងរាជកុល និងនាងរំសាយសក់។
សាក្សីអាយុ៩០ឆ្នាំ លោក ជួប សារិន បានរៀបរាប់តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅឆ្នាំ២០០៦អំពីហេតុការណ៍នៃការសម្លាប់មនុស្សដែលលោកបានឃើញផ្ទាល់ភ្នែក ៖ «ចងមុខ ៣-៤នាក់ ហើយថា អាកូនភាវនាទៅ កង់ប្រវត្តិសាស្រ្តកិនហើយ ឪពុកម្ដាយកម្ទេចហើយ ពីសង្គមពុករលួយខ្លាំងណាស់អ្ហែងនេះ។ ដំបងគេវ៉ៃផូងទៅ ខ្លះក្បាលទៅមុន ជើងច្រងេងច្រងាងទៅ។ ល្អាងល្ខោនថ្មច្រើនណាស់។ អាខ្មៅវាវ៉ៃចោលច្រើនណាស់»។
ស្របពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅឲ្យខ្លីថា សាលាក្ដីខ្មែរក្រហមកំពុងតែធ្វើការជំនុំជម្រះជាបន្តបន្ទាប់លើករណីរបស់អតីតមេដឹកនាំខ្មែរក្រហមទាំងប្រាំរូបដែលស្ថិតនៅក្នុងការឃុំឃាំងនោះ បុរសម្នាក់មកពីខេត្តពោធិ៍សាត់ដែលបានធ្វើដំណើរកម្សាន្តនៅភ្នំសំពៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ លោក អ៊ឹម ឡេង បានចូលទៅធ្វើគារវកិច្ចគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងល្អាងល្ខោនអមដោយសំណូមពរមួយចំនួន ជាពិសេសក្នុងគោលបំណងសូមឲ្យបញ្ចប់ជាស្ថាពរនូវវប្បធម៌និទ្ទណ្ឌភាព ឬការឲ្យអ្នកប្រព្រឹត្តល្មើសរួចខ្លួននៅកម្ពុជា។
លោក អ៊ឹម ឡេង ថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំមកនេះឃើញអាណោចអាធ័ម គឺថា ស្លាប់ដោយយុត្តិធម៌មិនតូចចិត្តទេ ស្លាប់ដោយអំពើអយុត្តិធម៌ ដោយជនមានអំណាចវាលេងល្ខោនឆាកជីវិត បែរជាយកអាយុជីវិតប្រជាពលរដ្ឋទៅសម្លាប់ ហាក់បីដូចជាសត្វឆ្កែសត្វឆ្មា។ សូម្បីតែសត្វឆ្កែ ឆ្មា ដែលគេស្រលាញ់នោះ ក៏ចាត់ទុកថាជាជីវិតមួយដែរ តែជនទាំងអម្បាលម៉ានដែលគេសម្លាប់នេះ វាថោកជាងសត្វឆ្កែ សត្វឆ្មាទៀត។ អ៊ីចឹងសូមវិញ្ញាណក្ខន្ធដែលបានស្លាប់ទៅហើយ សូមឲ្យជួយជំរុញដល់តុលាការខ្មែរក្រហម កុំឲ្យបរាជ័យ សូមឲ្យមានជ័យជំនះគ្រប់ពេលវេលា លុះត្រាតែឃើញថា អ្វីដែលស អ្វីដែលខ្មៅ ត្រូវតែហ៊ានសម្រេចចិត្ត អ្វីដែលត្រូវគឺត្រូវ សេចក្ដីអយុត្តិធម៌ គឺអយុត្តិធម៌ អយុត្តិធម៌ត្រូវតែបរាជ័យ»។
ព្រះសង្ឃមួយអង្គដែលគង់នៅអាស្រមគិរីរម្យលើខ្នងភ្នំសំពៅ ព្រះភិក្ខុ ជា ពេញ បាននិមន្តបរិយាយត្រួសៗអំពីការផ្ដួចផ្ដើមក្នុងការថែរក្សាអដ្ឋិធាតុរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមនៅក្នុងល្អាងភ្នំ ៖ «អាត្មាគិតឃើញអ៊ីចឹង បើសិនជាកសាងទ្រុងអ៊ីចឹងទៅ ថែថួនជាមួយតាយាយ គណៈកម្មការអាចារ្យយើងទៅ មានប្រយោជន៍ច្រើន។ ហើយអ្នកស្លាប់ហ្នឹង តាមដឹង អ្នកស្លាប់សម័យឃាតកម្ម ៣ឆ្នាំ ៨ខែ តាមដឹងមកថា មិនជាអ្នកនៅភ្នំសំពៅហ្នឹងទាំងអស់ទេ ហើយជួនកាលគេជម្លៀសមកពីខេត្តនានាទូទាំងប្រទេស។ ជម្លៀសអ៊ីចឹងមក ក៏ដូចថា កើតកមកើតរមាស់មិនស្អាតណាមួយចំពោះការងារគេ ឬក៏អំពើយុត្តិធម៌ អយុត្តិធម៌ម៉េច អាត្មាមិនដឹងទេ ការងាររបស់គេសង្គមរបស់គេកាលណោះយ៉ាងម៉េចៗ ក៏កើតគេចាប់គេសម្លាប់ ធ្វើទារុណកម្មហើយស្លាប់ទៅ»។
ពេលដែលបានឃើញនឹងភ្នែកនូវឆ្អឹងនិងលលាដ៍ក្បាលជនរងគ្រោះនៅក្នុងល្អាងភ្នំ អ្នកមកទស្សនាទាំងក្មេង ចាស់ ប្រុស ស្រី បានសម្ដែងនូវភាពតក់ស្លុតនិងការអាណិតអាសូរដល់ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.