សិស្សនៃវិទ្យាល័យ ជា ស៊ីម គឺកុមារា ម៉ឺន សុខាវាសនា អាយុ ១៧ឆ្នាំ ដែលបានមកកម្សាន្តនៅឆ្នេរខ្សាច់អូរឈើទាល ក្រុងព្រះសីហនុ បានឲ្យដឹងថា រូបគេមានការសោកស្ដាយ ក្រោយពីបានឃើញការបង្ហូរទឹកមិនស្អាតចូលទៅក្នុងសមុទ្រជាទីដែលទេសចរចូលចិត្តមុជនិងហែលទឹកកម្សាន្ត។
កុមារា ម៉ឺន សុខាវាសនា បាននិយាយថា ៖ «វាធ្វើឲ្យប៉ះពាល់ដល់ទឹកសមុទ្រ ហើយវាអាចធ្វើឲ្យខូចទីកន្លែងទេសចរណ៍»។
ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
ទោះបីជាមានភាពកខ្វក់ខ្លះក៏ដោយ កុមារាជនជាតិរុស្ស៊ីឈ្មោះ ម៉ាកស៊ីម (Maxim) អាយុ ១២ឆ្នាំ ដែលបានមកកម្សាន្តនៅឆ្នេរអូរឈើទាល បានសម្ដែងនូវការពេញចិត្ត ហើយបានអះអាងថា រូបគេនឹងមកលេងនៅទីនេះសាជាថ្មីទៀត។
ចំណែកទេសចរមកពីប្រទេសរុស្ស៊ីម្នាក់ទៀត កញ្ញា អាន (Ann) ក៏បានថ្លែងដែរថា កញ្ញាពេញចិត្តនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរកម្សាន្តអូរឈើទាល និងទឹកសមុទ្រនៅទីនោះដែលថ្លានិងមានសីតុណ្ហភាពក្ដៅឧណ្ហៗ។
ថ្វីត្បិតតែមានម្ចាស់អាហារដ្ឋានមួយចំនួនបានបង្ហូរទឹកនិងកាកសំណល់រាវពីផ្ទះបាយនិងពីបន្ទប់ទឹករបស់ខ្លួនចូលទៅក្នុងសមុទ្រក៏ដោយ ក៏មានម្ចាស់ហាងនិងអាជីវករមួយចំនួនបានជ្រើសយកវិធីផ្សេង ដើម្បីចៀសវាងមិនបង្ហូរទឹកកខ្វក់ ឬកាកសំណល់ចូលទៅក្នុងសមុទ្រឡើយ។
ម្ចាស់ផ្សារ Mini Mart Apple ប្រចាំក្រុងព្រះសីហនុ អ្នកស្រី ហ៊ន សុជាតា បានឲ្យដឹងថា អ្នកស្រីប្រើប្រាស់លូបង្កប់សម្រាប់ដាក់ទឹកកខ្វក់ ប្រយោជន៍ដើម្បីជួយថែរក្សាបរិស្ថាននិងជាការចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍។
អ្នកស្រី ហ៊ន សុជាតា បានបញ្ជាក់ថា ៖ «សម្រេចថា យើងមិនបង្ហូរទៅសមុទ្រដូចហាងផ្សេងៗ ហើយយើងប្រើជាលូស្តុកនៅខាងមុខវិញ។ នៅពេលដែលពេញ យើងហៅថា ខាងឡានបូមលូក្រុងមកបូមចេញវិញ។ អាហ្នឹងគឺជាមធ្យោបាយដ៏ល្អសម្រាប់ពួកយើងគឺមិនប៉ះពាល់បរិស្ថាន ហើយក៏មិនចំណាយលុយច្រើនអីដែរ»។
ម្ចាស់អាហារដ្ឋានឆ្នេរក្រហមនៅអូរឈើទាល លោក ថោ ចន្ថា បានមានប្រសាសន៍ថា ដោយការស្រឡាញ់បរិស្ថាននិងឆ្នេរទេសចរណ៍ធម្មជាតិ លោកបានរិះរកមធ្យោបាយមិនបង្ហូរកាក់សំណល់ពីអាហារដ្ឋានរបស់លោកចូលក្នុងសមុទ្រទេ។
លោក ថោ ចន្ថា បានមានប្រសាសន៍ថា ៖ «កាលណាធ្លាក់ចូលក្នុងសមុទ្រវាខូចបរិស្ថាន។ គោលគំនិតរបស់ខ្ញុំ គឺខ្ញុំមិនចង់ឲ្យចូលតែម្ដង ខ្ញុំត្រូវថែរក្សា ខ្ញុំប្រឹងដោយខ្លួនឯង ព្រោះខ្ញុំស្រឡាញ់ឆ្នេរដែរ។ ទី១ ខ្ញុំទាក់ទាញភ្ញៀវ ទី២ តាមគោលការណ៍រដ្ឋាភិបាលគេឲ្យយើងថែរក្សាឆ្នេរ ខ្ញុំខិតខំថែរក្សាឆ្នេរដោយខ្លួនឯង»។
លោក ថោ ចន្ថា បានឲ្យដឹងបន្ថែមថា ជាបណ្ដើរៗ អាជ្ញាធរក្រុងព្រះសីហនុបានសាងសង់បន្ទប់ទឹករដ្ឋនៅតាមបណ្ដោយឆ្នេរអូរឈើទាល តែមិនទាន់បានបើកឲ្យប្រើប្រាស់នៅឡើយ។
អ្នកទេសចរណ៍ក្នុងស្រុកមួយចំនួនបានអះអាងថា ពួកគាត់មកកម្សាន្តនៅឆ្នេរខ្សាច់ក្រុងព្រះសីហនុ តែពួកគាត់ហ៊ានចុះមុជឬហែលទឹកឡើយ គឺដោយសារតែពួកគាត់បានឃើញការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសំណាក់អាជ្ញាធរក្រុងព្រះសីហនុជុំវិញបញ្ហាអាហារដ្ឋាននានាបង្ហូរទឹកកខ្វក់និងកាកសំណល់រាវចូលសមុទ្របាននៅឡើយទេ៕
