តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី៖ ការ​កំណត់​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​បាត់​ទឹកដី​កម្ពុជា

ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម ពិត​ជា​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ឯ​ខេត្ត​ស្វាយរៀង​នោះ។

0:00 / 0:00

ទោះ​បី​ជា​មាន​ការ​រារាំង​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រតិភូ​នៃ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​ដូច​បំណង ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​បោះ​បង្គោល​កំណត់​ព្រំដែន​មិន​មាន​ភាព​ត្រឹមត្រូវ​ទេ។

បន្ទាប់​ពី​ក្រុម​អ្នក​តំណាងរាស្ត្រ​ចំនួន​២១​រូប ព្រមទាំង​មន្ត្រី​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​ប្រឆាំង បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​បង្គោល​ព្រំដែន​លេខ​១៥២ នៅ​ឃុំ​ពងទឹក ស្រុក​រំដួល និង​ចំណុច​នៃ​ការ​វាស់វែង​កំណត់​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ចន្ទ ទី​១៤ ធ្នូ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម ពិត​ជា​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​កម្ពុជា។

ទស្សនា​​វីដេអូ​នៅ​វឹបសាយថ៍ YouTube

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ «រដ្ឋាភិបាល​និង​សភា ជា​ពិសេស​កណៈកម្មការ​ធ្វើការ​ទាក់ទង​ជាមួយ​កិច្ចការ​ព្រំដែន កិច្ចការ​បរទេស​ហ្នឹង ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បោះ​បង្គោល​ព្រំដែន ពី​ព្រោះ​រាប់​ពាន់​បង្គោល ហើយ​យើង​ទើប​តែ​បាន​ឃើញ​តែ​បួន​ប្រាំ​បង្គោល​ប៉ុណ្ណឹង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ទម្រាំ​តែ​រាប់​ពាន់​បង្គោល​ទៀត តើ​វា​នឹង​បាត់បង់​ប៉ុណ្ណា?»

លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​អះអាង​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​ប្រឆាំង ពុំ​មាន​មូលដ្ឋាន​បច្ចេកទេស ហើយ​លោក​បាន​បន្ត​ថា សកម្មភាព​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គឺ​ជា​ការ​យក​ចំណេញ​ផ្នែក​នយោបាយ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ៖ «គាត់​គ្រូ​ទាយ គាត់​គ្រូ​ទាយ​វា​សម បើ​ថា​អត់​គ្រូ​ទាយ​មិន​ដឹង​នរណា​ថា​បាត់​កើត​ទេ។ គេ​មាន​បច្ចេកទេស​គ្រប់​សព្វ​គេ​មិន​ច្បាស់​ផង ទម្រាំ​យើង​គ្រាន់​តែ​ដើរ​អើត​មើល ហើយ​ឮ​ប្រជាជន​ប្រាប់​អ៊ីចេះ​ប្រាប់​អ៊ីចុះ អាហ្នឹង​វា​ពិបាក​ថា​ដែរ»

ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ទៅ​កាន់​ព្រំដែន​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​អាជ្ញាធរ​ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់ និង​មាន​ការ​ចត​រថយន្ត​យោធា​ប្រភេទ​ដំរី​ទឹក​កាត់​ទទឹង​ច្រក​ផ្លូវ​ទៅ​កាន់​វត្ត​អង្គរំដេញ។

ទោះ​យ៉ាង​ណា ក្បួន​រថយន្ត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​វាង​តាម​វាល​ស្រែ ហើយ​ក៏​បាន​ចូល​ទៅ​ដល់​ក្នុង​វត្ត​អង្គរំដេញ។

នៅ​ក្នុង​វត្ត​អង្គរំដេញ ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ហើយ​បាន​ចរចា​យ៉ាង​តានតឹង​ជាមួយ​កង​កម្លាំង​នគរបាល​អន្តរាគមន៍​ប្រមាណ​២០​នាក់ ព្រម​ទាំង​តម្រួត​ព្រំដែន​ជា​ច្រើន​នាក់​ទៀត ដើម្បី​សុំ​ចូល​ទៅ​ពិនិត្យ​ទី​ដែល​លោក សម រង្ស៊ី បាន​ដក​បង្គោល​តម្រុយ​កំណត់​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​២៥ តុលា​កន្លង​ទៅ។

ដោយ​មិន​ទទួល​បាន​នូវ​ការ​អនុញ្ញាត ប្រជាកសិករ​ដែល​កំពុង​តែ​មាន​កំហឹង​ផង​នោះ បាន​ទម្លុះ​របាំង​នៃ​កងកម្លាំង​អាជ្ញាធរ ហើយ​ទាំង​ក្រុម​អ្នក​តំណាង​រាស្ត្រ ទាំង​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​ដល់​ទី​ដៅ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​វត្ត​អង្គរំដេញ​ដូច​បំណង៕