ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ូប៊ែឌី

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និង​ក្រុម​ការ​ងារ​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២២ និង ២៣ មិថុនា ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី និង​ត្រូវ​ក្រុមហ៊ុន​ឯកជន​បណ្ដេញ​ចេញ ស្ថិត​នៅ​ក្រុង​ព្រះសីហនុ និង​នៅ​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស យក​ចិត្ត​ទុក​ដាក់​ចុះ​អង្កេត​ផ្ទាល់​លើ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ទាំង​នេះ។ ក្នុង​ជំនួប​នោះ លោក សុរិយា ស៊ូប៊ែឌី បាន​ទទួល​ពាក្យ​បណ្ដឹង ញត្តិ និង​ស្ដាប់​នូវ​ការ​រៀបរាប់​ពី​ទុក្ខ​លំបាក​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​បន្ទាប់​ពី​មាន​ការ​បណ្ដេញ​ចេញ ព្រម​ទាំង​លើក​យក​បញ្ហា​ទាំង​នោះ​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​រក​ដំណោះស្រាយ៕