ពលរដ្ឋ​ក្រុម​៧៨​ជាង​៤០​គ្រួសារ​យល់​ព្រម​រុះ​រើ​ផ្ទះ

2009-07-16

ប្រជាជន​ក្រុម​៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ជាង​៤០​គ្រួសារ​ក្នុង​ចំណោម​ជាង​៥០​គ្រួសារ ព្រម​រុះរើ​ផ្ទះ​ដោយ​ខ្លួន​ឯង​បណ្តើរៗ​ចេញ​ពី​ដី​មាន​ទំនាស់​ជាមួយ​សាលា​ក្រុង ក្រោយ​ពី​មាន​ការប្រឹង​តវ៉ា​គ្រប់​ច្រក​ល្ហក​គ្មាន​ដំណោះស្រាយ។

RFA Photo/Thai Sothea

សកម្មភាព​រុះរើ​ផ្ទះ​នៅ​ក្រុម​៧៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ នា​ថ្ងៃ​១៦ កក្កដា ២០០៩។

អ្នក​រស់នៅ​ក្រុម​៧៨ នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​១៦ ខែ​កក្កដា កំពុង​រុះរើ​ផ្ទះ​ដោយ​ខ្លួន​ឯង បាន​ឲ្យ​ដឹង​ថា សាលា​ក្រុង​កំណត់​ថ្ងៃ​ចុង​ក្រោយ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០០៩ ឲ្យ​ចាក​ចេញ​ពី​ដី​កំពុង​រស់នៅ បើ​អ្នក​ណា​មិន​ព្រម​គេ​នឹង​បណ្តេញ​ចេញ​ដើម្បី​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ៖ «ខ្លាច​ថ្ងៃ​ទី​១៧ គេ​ឈូស អ៊ីចឹង​យើង​ភ័យ ខ្លាច​ដូច​ដី​ក្រហម​អ៊ីចឹង គេ​ឈូស ខ្លាច​ដូច​អ៊ីចឹង។ យើង​មិន​ព្រម​ទៅ​គេ​ឈូស​ចោល​អត់​ប្រយោជន៍​ដដែល យើង​នៅ​ក្រោម​អំណាច​របស់​គេ យើង​អត់​មាន​សិទ្ធិ​តវ៉ា​ជាមួយ​គេ​ទេ តែ​គេ​ឈូស​ចោលៗ​ហើយ បើ​ឈូស​ចោល​ដឹង​តែ​អត់​ហើយ សុខ​ចិត្ត​យក​ប៉ុណ្ណឹង​វិញ។ បើ​យើង​ក្រ​គ្មាន​លុយ បើ​គេ​ឈូស​ទៅ​មិន​អត់? គ្មាន​ផ្ទះ​នៅ​ទៀត។ សុខ​ចិត្ត​ដើរ​ចេញ ចេញ​ដោយ​បង្ខំ ហើយ​ដោយ​ស្ដាយ​ទៀត»

ពួក​គាត់​ថា អាជ្ញាធរ​ក្រុង​ផ្តល់​ជម្រើស​ពីរ​សម្រាប់​ដោះដូរ​ឲ្យ​ចាក​ចេញ​ពី​ដី ទី​១ យក​ប្រាក់​៨០០០​ដុល្លា រ ទី​២ យក​ប្រាក់​៥០០០​ដុល្លារ និង​ដី​ទំហំ​៥​គុណ​នឹង​១២​ម៉ែត្រ នៅ​ភូមិ​ត្រពាំងអញ្ចាញ ខណ្ឌ​ដង្កោ។

ពួក​គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​មាន​ការតវ៉ា​និង​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ផង​និង​សង្គម​ស៊ីវិល​ផង ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​តប​គួរ​ជា​ទី​ទុក​ចិត្ត ទើប​នាំ​គ្នា​រើ​ផ្ទះ​ដោយ​ឃើញ​គំរូ​ការបណ្ដេញ​នៅ​ដី​ក្រហម​នាំ​ឲ្យ​មាន​ការតក់ស្លុត ទើប​សម្រេច​ចិត្ត​ទទួល​យក​ប្រាក់​៤០០០​ដុល្លារ​មុន។ ក្រោយ​រើ​ចេញ​ពី​ដី​រួច​សាលា​ក្រុង​ផ្តល់​៤០០០​ដុល្លារ​ទៀត ប៉ុន្តែ​ប្រាក់​នោះ​មិន​អាច​យក​ទៅ​ទិញ​ដី​រស់​នៅ​ក្នុង​ទីក្រុង​បាន​ទេ។

ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ប្រមាណ​១០​គ្រួសារ​ដែល​មាន​ផ្ទះ​ឈើ​ធំៗ​មិន​ទាន់​យល់ព្រម​រុះ​ឲ្យ​ដឹង​ថា មិន​ព្រម​ចាក​ចេញ​ឡើយ​ដរាប​ណា​គ្មាន​ការដោះស្រាយ​សមរម្យ ៖ «ខ្ញុំ​មិន​ទៅ​ទេ ៨០០០​ពាន់​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា កិច្ច​ចរចា​រក​ដំណោះស្រាយ​តាម​របៀប​ផ្លូវ​កណ្តាល​បាន​ជោគជ័យ ដោយ​អ្នក​រស់​នៅ​ក្រុម​៧៨​ជាង​៤០​គ្រួសារ​បាន​សុខ​ចិត្ត​រុះ​រើ​ផ្ទះ​ពី​ដី​នោះ នៅ​សល់​ប្រមាណ​១០​គ្រួសារ​ទៀត​អាច​យល់ព្រម​នៅ​ពេល​ដ៏​ខ្លី។

លោក ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍​ថា ៖ «ក្រុមហ៊ុន​ថា ធ្វើ​អី​រដ្ឋបាល​អី​ប្រហែល​ជា​យើង​កែ​សម្រួល​ឲ្យ​ទៅ​ជា​ការងារ​មនុស្សធម៌​វិញ។ យើង​នឹង​ទៅ​ជួយ​ដឹក​ផ្ទះ​អី​យក​ទៅ​ឲ្យ​គាត់​ដល់​កន្លែង»

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន លោក សៀ ភារម្យ ថ្លែង​ថា មនុស្ស​ជាង​៧​ម៉ឺន​គ្រួសារ​រស់នៅ​១៨​សហគមន៍​ក្នុង​ទីក្រុង​ប្រឈម​នឹង​ការ​ឲ្យ​រើ​ផ្ទះ​ចេញ​ក្រោម​ហេតុផល​ថា​មាន​ការអភិវឌ្ឍ​ទីក្រុង។ ភាគ​ច្រើន​ពួក​គេ​តែងតែ​ប្រឆាំង​តវ៉ា ប៉ុន្តែ​ចុង​ក្រោយ​គ្មាន​ជម្រើស​រង​នូវ​ការបង្ខំ​ជម្លៀស។

លោក សៀ ភារម្យ បាន​បញ្ជាក់​ថា ៖ «ប្រឹងប្រែង​រកស៊ី​រាប់​ឆ្នាំ​ទម្រាំ​តែ​គាត់​បាន​លំនៅ​ប៉ុណ្ណឹង ហើយ​ត្រូវ​បាន​គេ​មក​ប្លន់​យក មក​រំលោភ​យក​ទៅ​ដោយ​ដាក់​ពាក្យ​ថា​អភិវឌ្ឍន៍​នេះ»

សូម​ជម្រាប​ថា ប្រជាពលរដ្ឋ​ក្រុម​៧៨ រស់នៅ​ភូមិ​ទី​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ខាង​ត្បូង​ទីតាំង​រដ្ឋ​សភា​ថ្មី មាន​ទំហំ​ប្រមាណ​១​ហិកតារ ត្រូវ​សាលា​រាជធានី​ភ្នំពេញ​តម្រូវ​ឲ្យ​ចាកចេញ​ដើម្បី​យក​ដី​នោះ​ធ្វើ​សួន​ច្បារ​អភិវឌ្ឍ​ទីក្រុង៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង