ប្រភពពីបណ្ដាញសហគមន៍ការពារព្រៃឈើ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កងទាហានបានដោះលែងប្រជាសហគមន៍ព្រៃឈើចំនួន ២០នាក់វិញហើយ បន្ទាប់ពីក្រុមប្រដាប់អាវុធទាំងនោះបានចាប់ខ្លួនអ្នកភូមិរយៈពេលជាង ២០ម៉ោងមក។
ប្រធានបណ្ដាញសហគមន៍ការពារព្រៃឈើខេត្តឧត្តរមានជ័យ គឺលោក សា ថ្លៃ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៨ ខែមេសា ថា ក្រុមទាហានបានចាប់ខ្លួនប្រជាសហគមន៍ព្រៃឈើចំនួន ២០នាក់ ដោយនាំយកទៅស្នាក់នៅក្នុងភូមិកូនដំរី នៃសង្កាត់សំរោង ចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តឧត្តរមានជ័យ ហើយបង្ខំឱ្យសមាជិកសហគមន៍ទាំងនោះប្រគល់វត្ថុតាងបទល្មើសព្រៃឈើឱ្យពួកគេវិញ។
លោក សា ថ្លៃ បានបញ្ជាក់ថា ដោយសារតែពុំមានការជួយអន្តរាគមន៍ពីអាជ្ញាធរ ឬសមត្ថកិច្ចណាមួយ ប្រជាសហគមន៍ព្រៃឈើបានសម្រេចចិត្តប្រគល់វត្ថុតាងនៃបទល្មើសព្រៃឈើដែលគេរឹបអូសបានទៅឱ្យទាហានទាំងនោះ ដើម្បីពួកគេបានរួចខ្លួន៖ «ពួកយើងបង្ខំឱ្យម៉ាស៊ីន ២គ្រឿង ហើយនិងក្ដារចំនួន ១០០សន្លឹកទៅគេវិញទៅ ដើម្បីយករួចខ្លួនទៅ ពីព្រោះយើងនៅពន្យារពេលឱ្យសមត្ថកិច្ច ឬក៏អាជ្ញាធរដែនដីហ្នឹងចូលរួមដោះស្រាយបញ្ហានោះ ប៉ុន្តែអត់មានអ្នកណាមួយចេញមុខក្នុងការដោះស្រាយនោះឱ្យមានប្រសិទ្ធភាពទេ»។
កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា កន្លងទៅ ក្រុមប្រជាសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ បានប្រមូលផ្ដុំគ្នាចុះល្បាត និងដើរកំណត់ឡូត៍អនុផលព្រៃនៅក្នុងតំបន់សហគមន៍ការពារព្រៃឈើ "រតនារុក្ខា" ដែលមានព្រំប្រទល់ជាប់សង្កាត់កូនក្រៀល និងសង្កាត់សំរោង។ ក្នុងពេលនោះគេបានចាប់ដកហូតយកម៉ាស៊ីនអារឈើចំនួន ២គ្រឿង និងក្ដារជាច្រើនសន្លឹកពីក្រុមអ្នកអារឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍ ក៏ប៉ុន្តែស្រាប់តែលេចមុខទាហានប្រដាប់អាវុធមួយក្រុមមកចាប់ខ្លួនប្រជាសហគមន៍ចំនួន ២០នាក់ បង្ខំជាថ្នូរនៃការប្រគល់វត្ថុតាងបទល្មើសព្រៃឈើនោះវិញ។
ប្រភពពីសហគមន៍ព្រៃឈើឱ្យដឹងថា នៅមុនពេលកើតមានបញ្ហាគេបានស្គាល់ទាហានម្នាក់ដែលប្រាប់ថា ឈ្មោះ ញ៉ឹប សុផល ជាអនុសេនីយ៍ឯក ជាប្រធានកងអនុសេនាធំលេខ១ នៃកងពលតូចលេខ ៤ ដែលជាអ្នកដឹកនាំកម្លាំងប្រដាប់អាវុធមកចាប់ខ្លួនប្រជាសហគមន៍នោះ។ ក៏ប៉ុន្តែទោះយ៉ាងណាសហគមន៍ព្រៃឈើមិនបានប្រាកដថា ទាហានទាំងនោះមានមូលដ្ឋាននៅទីណាទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤ ដើម្បីសុំការពន្យល់ថា តើទាហានទាំងនោះពិតជានៅក្រោមការគ្រប់គ្រងរបស់អង្គភាពកងពលតូចលេខ៤ មែន ឬយ៉ាងណា?
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ បានឱ្យដឹងថា តុលាការមិនទាន់មានចំណាត់ការផ្លូវច្បាប់ចំពោះបញ្ហានោះយ៉ាងណានៅឡើយទេ ដោយលោកកំពុងបញ្ជូនមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនទៅធ្វើរបាយការណ៍អំពីរឿងនោះជាមុនសិន៖ «មិនអាចឆ្លើយបញ្ជាក់ថា យ៉ាងណាៗបាន! ចាំមើល៍ខាងរដ្ឋបាលព្រៃឈើគេរាយការណ៍មកវិញសិន»។
ចំណែកលោក ស្រី ណារ៉េន អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ បានហៅសកម្មភាពប្រដាប់អាវុធចាប់ខ្លួនប្រជាសហគមន៍ព្រៃឈើ ២០នាក់នោះថា គឺជាការប្រើអំណាចគំរាមកំហែងលើប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
នេះជាលើកទី២ហើយដែលក្រុមទាហាននៅខេត្តឧត្តរមានជ័យ បានប្រើអាវុធគំរាមកំហែងទៅលើសហគមន៍ព្រៃឈើ។ កាលពីអំឡុងខែមីនា ឆ្នាំ២០១០ កន្លងទៅទាហានប្រដាប់អាវុធមួយក្រុមធ្លាប់បានប្រើកាំភ្លើងភ្ជង់ និងចាប់វាយសហគមន៍ព្រៃឈើ "រំដួលវាសនា" បណ្ដាលឱ្យសមាជិកសហគមន៍ ចំនួន ៥នាក់រងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
