ប្រជាពលរដ្ឋរស់នៅស្រុកសៀមប៉ាង រាប់រយនាក់បាននាំគ្នាទៅតវ៉ា ហើយប្រើហិង្សារំដោះយកគ្រឿងយន្ត មានម៉ាស៊ីនកាត់ឈើ គោយន្ត ទូកពីសមត្ថកិច្ចជំនាញព្រៃឈើដែលបានចាប់រឹបអូសពីប្រជាពលរដ្ឋអ្នកធ្វើអាជីវកម្មឈើក្នុងព្រៃខុសច្បាប់។ បន្ទាប់ពីហេតុការណ៍នេះ តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្ស ៦នាក់ ពីបទញុះញង់នាំឲ្យប្រព្រឹត្តអំពើហិង្សា។
ទីប្រឹក្សាសាលាស្រុកសៀមប៉ាង លោក សម ប៊ុនធិន រួមទាំងប្រជាពលរដ្ឋឃុំថ្មកែវ ឈ្មោះ ញ៉ាន់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់ខ្លួនក្នុងចំណោមប្រជាពលរដ្ឋ ៤នាក់ផ្សេងទៀតដែលកំពុងព្យាយាមរត់គេចពីការចាប់ខ្លួននេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី២១ មិថុនា។ សមត្ថកិច្ចកងរាជអាវុធហត្ថមួយក្រុមបានចាប់ខ្លួនអ្នកទាំងពីរដាក់ខ្នោះពីឃុំសេកុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកកត់សំគាល់ថា ការចាប់ខ្លួនមន្ត្រីនិងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ធ្វើឡើងបន្ទាប់ពីអ្នកភូមិប្រមាណ ១០០នាក់ បានលើកគ្នាទៅតវ៉ានៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសៀមប៉ាង ហើយរំដោះយកគ្រឿងសម្ភារៈអ្នកភូមិដែលសមត្ថកិច្ចបានចាប់យកកាលពីខែមេសា កន្លងទៅ។
លោក ហូ សំអុល៖ «ធម្មតាបើសិនជាយើងទៅយកពីកន្លែងរដ្ឋបាលព្រៃឈើដោយគ្មានការអនុញ្ញាត អ៊ីចឹងវាអនាធិបតេយ្យដែរ។ ប៉ុន្តែនេះដោយសារគាត់លែងមានជំនឿទៅលើច្បាប់អស់ហើយ ច្បាប់មានតែច្បាប់ តែការអនុវត្តវាគ្មាន គឺការអនុវត្តបានតែអ្នកក្រ អ្នកតូចៗ ប៉ុន្តែអ្នកមានស័ក្ដិយស អ្នកមានអំណាច អ្នកមានលុយ គឺមិនអាចអនុវត្តបាន»។
របាយការណ៍អង្កេតរបស់មន្ត្រីអាដហុក ខេត្តស្ទឹងត្រែង ចាប់ពីខែមេសា រហូតបច្ចុប្បន្ន អ្នកភូមិនៅឃុំព្រៃកមាស ឃុំថ្មកែវ និងឃុំសេកុង បាននាំគ្នាទៅតវ៉ានៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង បួនលើក។ ប្រជាពលរដ្ឋអ្នកតវ៉ាបានដណ្ដើមយកម៉ាស៊ីនគោយន្ត ៨គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រកាត់ឈើ ៣គ្រឿង និងទូកមួយគ្រឿង ដែលសមត្ថកិច្ចចាប់រឹបអូសពីពួកគាត់ទាក់ទិនដឹកជញ្ជូនឈើខុសច្បាប់។
ទាក់ទងការចាប់ខ្លួនមន្ត្រីស្រុកនិងប្រជាពលរដ្ឋនេះដែរ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ទៀង វ៉ាន់ឌី បដិសេធថា លោកមិនទាន់បានទទួលព័ត៌មានស្ដីពីករណីនេះនៅឡើយ ដោយសារលោកជាប់ប្រជុំ៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មាន ព្រោះខ្ញុំជាប់ប្រជុំនៅនេះ។ សួរទៅរដ្ឋបាលព្រៃឈើទៅ ទូរស័ព្ទទៅព្រះរាជអាជ្ញាទៅ ព្រោះខ្ញុំអត់ដឹងផង»។
ចំណែកព្រះរាជអាជ្ញាអមតុលាការខេត្តស្ទឹងត្រែង លោក ប៉ែន សារ៉ាត់ មានប្រសាសន៍បញ្ជាក់ថា លោកបានចេញដីកា ៦ផ្សេងគ្នា បញ្ជាឲ្យនាំខ្លួនមនុស្ស ៦នាក់ តាមការស្នើសុំរបស់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីយកពួកគេមកសាកសួរពីបទញុះញង់នាំឲ្យមានអំពើហិង្សា៖ «ដីកាបញ្ជាឲ្យចូលខ្លួនដីកាខ្ញុំចេញទៅ ៦នាក់។ រឿងហ្នឹងខាងរដ្ឋបាលព្រៃឈើគេសុំឲ្យគេចូលខ្លួន»។
ប្រជាពលរដ្ឋស្រុកសៀមប៉ាង មួយរូបសុំមិនបញ្ចេញឈ្មោះរិះគន់ការចាប់ខ្លួនប្រជាពលរដ្ឋថា ជាការអនុវត្តច្បាប់រើសអើងរវាងពលរដ្ឋក្រីក្រ និងក្រុមអ្នកមានប្រាក់មានអំណាច។ ប្រជាពលរដ្ឋដដែលបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្ររកឈើក្នុងព្រៃបន្តិចបន្តួចត្រូវសមត្ថកិច្ចគ្រប់ប្រភេទចាប់ជំរិតយកប្រាក់ និងចាប់គ្រឿងយន្តពិន័យជាប្រាក់រាប់ពាន់ដុល្លារមិនអាចឲ្យប្រជាពលរដ្ឋមានប្រាក់បង់ពិន័យនោះបាន ក៏ប៉ុន្តែក្រុមសមត្ថកិច្ចបែរជាបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនសម្បទាននៅតំបន់នោះធ្វើអាជីវកម្មឈើអនាធិបតេយ្យដោយគ្មានការបង្ក្រាប៖ «ក្រុមហ៊ុនធ្វើបានមានខុសមានត្រូវ ផ្លូវថ្នល់ទៅណាមកណាខូចខ្ទេចខ្ទី ឃើញប្រជាជនទៅធ្វើមានឈើនៅលើគោយន្ត មួយគោយន្ត ពីរគោយន្ត ចាប់គ្នា ថាខុសច្បាប់។ គេទាមទារច្រើនពេកបានថា ប្រជាពលរដ្ឋនោះមិនមានលុយបង់យកគោយន្តមកវិញ ម្តងនោះក៏នាំគ្នាដង្ហែបាតុកម្មទៅយក»។
សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋឃុំសេកុង នៅរសៀលថ្ងៃទី២២ ខែមិថុនា បន្ទាប់ពីការចាប់ខ្លួនមន្ត្រីនិងពលរដ្ឋនោះ ស្នាក់ការអភិរក្សឧទ្យានជាតិវីរជ័យ ទំហំប្រមាណ ៩០០ម៉ែត្រក្រឡា សង់ពីឈើនិងបេតុង នៅស្រុកសៀមប៉ាង ត្រូវភ្លើងចេះអស់ដោយមិនដឹងមូលហេតុ។ ប្រភពមន្ត្រីបរិស្ថានសង្ស័យថា ដោយសារឆ្លងចរន្តអគ្គិសនី ប្រភពខ្លះទៀតសង្ស័យថាគេលួចដុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
