ផ្ទះ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​នៅ​សៀមរាប

អាជ្ញាធរ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​និង​ចម្ការ​ស្វាយ​មួយចំនួន​បាន​ខូចខាត​ដោយសារ​ភ្លើង​ព្រៃ​ឆេះ​វាល​ស្មៅ​និង​ឈើ​តូចៗ​ក្នុង​តំបន់​ព្រៃ​ការពារ​នៃ​ឧទ្យាន​អង្គរ នា​ភាគ​ខាង​កើត​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ត កាល​ពី​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​១២ មិនា។

អធិការ​នគរបាល​ក្រុង​សៀមរាប លោក ភឹង ចិន្តារិទ្ធិ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១២ មីនា​ថា តាម​របាយការណ៍​ជំហាន​ដំបូង​ដែល​លោក​បាន​ទទួល​តាម​វិទ្យុ​ទាក់ទង គឺ​ភ្លើង​ព្រៃ​បាន​ឆេះ​វាលស្មៅ​នៅ​តំបន់​ការពារ​ប៉ែក​ខាង​ត្បូង​​លើ​ផ្ទៃដី​ប្រមាណ​ជាង​៤០​ហិកតា ហើយ​ភ្លើង​ព្រៃ​នោះ​បាន​រាល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​ផ្ទះ​មួយ​មាន​មនុស្ស​នៅ​និង​ផ្ទះ​មួយ​ទៀត​ពុំ​មាន​មនុស្ស​រស់​នៅ​ទេ ក្នុង​ភូមិសាស្រ្ត​ភូមិ​ទំនប់​អញ្ចាញ សង្កាត់​អង្គរធំ។

លោក ភឹង ចិន្ដារិទ្ធិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «តែ​ពី​រ​ខ្នង​ទេ។ ផ្ទះ​មួយ​មាន​ម្ចាស់​នៅ ផ្ទះ​មួយ​ទៀត​អត់​ម្ចាស់។ ព្រៃ​របោះៗ​នៅ​ក្នុង​តំបន់​ការពារ ព្រៃ​ស្បាត ព្រៃ​ស្បូវ​អី​ហ្នឹង​បាន​វា​ឆេះ​លឿន។ ខ្ញុំ​មិន​ទាន់​បាន​បញ្ជាក់ ប៉ុន្តែ​ឮ​តេអូ​ពី​ខាង​ត្បូង​មក គាត់​ថា ខាង​ត្បូង​ផ្លូវ​វា​ជាង​៤០​ហិកតា នៅ​ខាង​ជើង​យើង​មិន​ដឹង​ជា​ប៉ុន្មាន​ដែរ ទាល់​តែ​សួរ​លោក​អភិបាល អភិបាល​បូក​សរុប​ក្រោយ...»

អាជ្ញាធរ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា វាល​ស្មៅ​នៃ​តំបន់​ព្រៃ​ការពារ​ឧទ្យាន​អង្គរ គឺ​មាន​ភ្លើង​ឆេះ​ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​រាំងស្ងួត៕