កម្មករ​រោងចក្រ​២​នាក់​ស្លាប់​និង​ជាង​៥០​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

កម្មករ​រោងចក្រ​ញីវ ហាតថិច (New Hattech) ២​នាក់ បាន​ស្លាប់ និង​ជាង ៥០​នាក់​ទៀត​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ​៤។

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សល់ គឹមសាន ឱ្យ​ដឹង​ថា កម្មករ​ទាំង​ពីរ​នោះ ម្នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​មីនា។ ក្នុង​ចំណោម​កម្មករ​ដែល​របួស​ជាង ៥០​នាក់​នោះ មាន ៥​នាក់​របួស​ធ្ងន់ ធ្វើ​ការ​នៅ​រោងចក្រ​ផ្សេង ប៉ុន្តែ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​អង្គស្នួល ខែត្រ​កំពង់ស្ពឺ​ដូច​គ្នា។

លោក សល់ គឹមសាន បញ្ជាក់​ថា កម្មករ​ទាំង​អស់​នោះ​ជិះ​ឡាន​ទ្រុង​កូរ៉េ​រួម​គ្នា ដែល​ពួក​គេ​បង់​ថ្លៃ​ឈ្នួល​ប្រចាំ​ខែ​ធ្វើ​ដំណើរ ហើយ​ក៏​ក្រឡាប់​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ៨​យប់ ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ៖ «មូលហេតុ​ក្រឡាប់​ឡាន​នោះ ដោយសារ​មាន​ឡាន​មួយ​ខូច​នៅ​កណ្ដាល​ផ្លូវ ពុំ​បាន​ដាក់​របាំង​ជា​សញ្ញា​ទេ ហើយ​នៅ​ពេល​ឡាន​ដឹក​កម្មករ​បើក​ទៅ​ដល់​ក៏​កាច់​ចង្កូត គេ​ក៏​ដួល​ក្រឡាប់​តែម្ដង»

លោក សល់ គឹមសាន បាន​អះអាង​ថា កម្មករ​ដែល​របួស​ទាំង​នោះ មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មួយ​ចំនួន​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​អង្គស្នួល។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ក្រុមហ៊ុន​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​បាត់បង់​ជីវិត​ពីរ​នាក់​នោះ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។