ជនជាតិ​ដើម​ភាគ​តិច​ជាង​៣០០​នាក់​នៅ​រតនគិរី​ទទួល​មុង​សុវត្ថិភាព

2012-02-14

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង ប្រមាណ​ជាង ៣០០​នាក់ នៅ​ខេត្ត​រតនគិរី បាន​ទទួល​មុង​សុវត្ថិភាព​ការពារ​ជំងឺ​គ្រុនចាញ់​ជា​លើក​ដំបូង ក្នុង​យុទ្ធនាការ​ជំហាន​ទី​ពីរ ក្រោម​ប្រធានបទ "រួម​គ្នា​លប់​បំបាត់​ជំងឺ​គ្រុនចាញ់​នៅ​ទូទាំង​ប្រទេស"។

ពិធី​ចែក​មុង​និមិត្ត​រូប​ដល់​ប្រជាពលរដ្ឋ​សំរាប់​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ជំហាន​ទី​ពីរ បាន​ចាប់​ផ្តើម​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ នេះ។

អាជ្ញាធរ​ខេត្ត​រតនគិរី និង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​រៀបចំ​ពិធី​ចែក​មុង​នេះ​នៅ​តំបន់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង ភូមិ​កាន់ឈើញ ក្នុង​ឃុំពយ ស្រុក​អូរជុំ ខេត្ត​រតនគិរី ដោយសារ​តែ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​តំបន់​នេះ ធ្លាប់​មាន​ជំងឺ​គ្រុន​ចាញ់​រាតត្បាត​ជា​ប្រចាំ ហើយ​ភូមិ​នេះ​ក៏​ជា​តំបន់​ដាច់​ស្រយាល មាន​ទីតាំង​នៅ​ជាប់​នឹង​តំបន់​ព្រៃ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី គឺ​លោក ស៊ិន សំឡៃ។ លោក​បាន​បញ្ជាក់​ថា គោលបំណង​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​គោលនយោបាយ​រាជ​រដ្ឋាភិបាល គឺ​ធ្វើ​យ៉ាង​ណា​រួម​គ្នា​លប់បំបាត់​ជំងឺ​គ្រុន​ចាញ់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​នៅ​ឆ្នាំ​២០២៥។

លោក​បន្ត​ថា មន្ត្រី​ភូមិ​ឃុំ​រួម​គ្នា​នឹង​មន្ត្រី​សុខាភិបាល​មូលដ្ឋាន នឹង​ចុះ​ចែក​មុង​នេះ​គ្រប់​ភូមិ​ឃុំ​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ត​ទៅ៖ «ស្អែក​គាត់​ចែក​នៅ​ភូមិ​ណា​នៅ​ឃុំ​ណា​ទៀត​ជា​រឿង​របស់​គាត់ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ចែក​ឲ្យ​គ្រប់​ភូមិ​ដែល​មាន​នៅ​ខេត្ត​រតនគិរី»

មន្ទីរ​សុខាភិបាល និង​ក្រុម​ការងារ​លប់​បំបាត់​ជំងឺ​គ្រុន​ចាញ់​ខេត្ត​រតនគិរី ក្នុង​យុទ្ធនាការ​ចែក​មុង​ជំហាន​ទី​ពីរ​នេះ បាន​ទទួល​មុង​ជ្រលក់​ថ្នាំ​ការពារ​មូស​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ជាង ១៣​ម៉ឺន​មុង​សំរាប់​ចែក​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​អចិន្ត្រៃយ៍​តាម​ភូមិ​ឃុំ និង​ប្រជាពលរដ្ឋ​រស់​នៅ​ចល័ត​តាម​កសិដ្ឋាន ការដ្ឋាន ជា​ពិសេស​ក្រុម​កម្មករ​ចំការ​កៅស៊ូ។ គ្រប់​សមាជិក​ក្រុម​គ្រួសារ រាប់​ទាំង​ទារក​ទើប​កើត ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវ​ទទួល​បាន​មុង​មួយ និង​មួយ​គ្រួសារ​ត្រូវ​បាន​ទទួល​មុង អង្រឹង​មួយ​បន្ថែម​ទៀត ដោយ​មិន​មាន​យក​ប្រាក់​កម្រៃ​អ្វី​ឡើយ។

ជំទប់​ទី​មួយ​ឃុំ​ពយ លោក ហ៊ាម សៀងបន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពយ សុទ្ធ​សឹង​ជា​ជន​ជាតិ​ដើម​ភាគ​តិច ច្រើន​មាន​ជំនឿ​ទៅ​លើ​អារក្ស​អ្នក​តា អ្នក​ភូមិ​និយម​សែន​ព្រេន ហេតុ​នេះ​ហើយ​កន្លង​ទៅ​នេះ​អ្នក​ភូមិ​មួយ​ចំនួន​បាន​រង​ជំងឺ​គ្រុនចាញ់​រាតត្បាត​ខ្លះ បាន​ស្លាប់​ដោយសារ​ខ្វះ​ការ​យល់​ដឹង​ពី​មូស​ខ្លា​ខាំ​ចំលង​មេរោគ​គ្រុនចាញ់។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ដោយសារ​ការ​អប់រំ​ពី​វិស័យ​សុខាភិបាល ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ក្នុង​ភូមិ ៨០% ដេក​ក្នុង​មុង និង​ទៅ​មណ្ឌល​សុខភាព កាល​ណា​មាន​ជំងឺ​រាតត្បាត៖ «គេ​ពី​មុន​ហ្នឹង​អត់​ចូល​ចិត្ត​ដេក​មុង​ទេ ទាល់​តែ​មាន​កើត​ជំងឺ​កើត​អី​បាន​គាត់​ចាប់​អារម្មណ៍។ គេ​សែន​ព្រេន​បែប​ប្រពៃណី​ខ្លះ បើ​គេ​ទារ​មាន់​គេ​ឲ្យ​មាន់ ទារ​ជ្រូក​គេ​ឲ្យ​ជ្រូក​ទៅ»

ប្រធាន​ក្រុម​ការងារ​ពិសេស​ខេត្ត​រតនគិរី លប់​បំបាត់​ជំងឺ​គ្រុនចាញ់ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក សូ នាក់ បាន​បញ្ជាក់​ថា មុង​សុវត្ថិភាព​ដែល​ប្រជាពលរដ្ឋ​បាន​ទទួល​នេះ​មាន​តំលៃ​ស្មើ​នឹង​អាយុ​ជីវិត​ប្រជាពលរដ្ឋ ប្រសិន​ប្រជាពលរដ្ឋ​ប្រើប្រាស់​មុង​នេះ​ជា​ប្រចាំ។

លោក​សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​យក​មុង​អំណោយ​នេះ​ទៅ​លក់ ឬ​ប្រើប្រាស់​អ្វី​ក្រៅ​ពី​ការពារ​សុវត្ថិភាព​កុំ​ឲ្យ​មូស​ខាំ និង​អំពាវនាវ​ចំពោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អាជីវករ​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​កុំ​ឲ្យ​មុង​អំណោយ​សុវត្ថិភាព​នេះ​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​លក់​ដូរ​នៅ​ទីផ្សារ៖ «បើ​សិន​យើង​យក​មុង​ទៅ​លក់​ផ្សារ​ទៅ តំលៃ​ហ្នឹង​វា​បាន​យ៉ាង​ច្រើន​ប្រាំ​ពាន់ ឬ​មួយ​ម៉ឺន។ ឲ្យ​ខាង​ផ្សារ​ហ្នឹង​គេ​ផ្សព្វផ្សាយ ហើយ​ខាង​អាជ្ញាធរ​ដែន​ដី​សង្កាត់ ឃុំ ឲ្យ​ផ្សាយ​ថា អត់​មាន​យក​ទៅ​លក់ ហើយ​ផ្សារ​អត់​ឲ្យ​ទិញ​ទេ»

យុទ្ធនាការ​ចែក​មុង​ដ៏​ធំ​នៅ​ខេត្ត​រតនគិរី លើក​ទី​ពីរ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សុខាភិបាល ដែល​មាន​គំរោង​ចែក​មុង​ចំនួន​ជាង ២,៧​លាន​មុង​នៅ​ក្នុង​ឆ្នាំ​២០១១ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ដែល​កំពុង​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​គ្រុនចាញ់​រាតត្បាត។

តាម​ការ​គ្រោង​ទុក​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី នឹង​បើក​យុទ្ធនាការ​ចែក​មុង​នេះ​រហូត​ដល់​បំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១២ ក៏​ប៉ុន្តែ​យុទ្ធនាការ​នេះ​អាច​បន្ត​ប្រសិន​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​បាន​ទទួល​មុង​គ្រប់ៗ​គ្នា​នៅ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​នៅ​កំពង់ស្ពឺ​បារម្ភ​ពី​ជំងឺ​ឆ្លង​រាតត្បាត

ថ្នាំ​បង្ការ​មេរោគ​អេដស៍​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ

សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ស្អាត

ជំងឺ​ចម្លែក​នៅ​តាកែវ គ្រូពេទ្យ​ប៉ាន់ស្មាន​ជា​ជំងឺ ឈីគុនហ្គុនយ៉ា

ជំងឺ​ឈឺ​ឆ្អឹង​ខ្នង

អ្នក​ភូមិ​នៅ​តាកែវ​កើត​ជំងឺ​រាតត្បាត

ក្រសួង​សុខាភិបាល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម

ពលរដ្ឋ​នៅ​រតនគិរី​​ជាង​៤​ពាន់​គ្រួសារ​មិន​បាន​ទទួល​មុង​សុវត្ថិភាព

មន្ត្រី​សុខាភិបាល៖ ជំងឺ​គ្រុនឈាម​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន

ពលរដ្ឋ​នៅ​កំពង់ធំ​រាប់​រយ​នាក់​កើត​ជំងឺ​រាក ក្អួត




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org