សមត្ថកិច្ចជំនាញសន្និដ្ឋានជាជំហានដំបូងថា ករណីអគ្គីភ័យបណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នោះ បណ្ដាលមកពីឆ្លងចរន្តភ្លើង។ បើទោះជាយ៉ាងណា សមត្ថកិច្ចក៏នៅតែមិនទាន់ហ៊ានសន្និដ្ឋានបានថា ហេតុការណ៍នេះ ជាករណីឃាតកម្ម ឬយ៉ាងណានោះទេ។
កាលពីម៉ោង ៤កន្លះព្រឹកថ្ងៃទី២១ ខែឧសភា គ្រោះអគ្គីភ័យមួយបានឆាបឆេះអស់ផ្ទះបីខ្នង និងមនុស្សមួយគ្រួសារសរុបចំនួន ៤នាក់ រួមមាន ប្តី ប្រពន្ធ និងកូនៗ ស្លាប់ក្នុងភ្នក់ភ្លើង។ ផ្ទះកើតហេតុឋិតនៅក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ ទទួលស្គាល់ថា ការជួយសង្គ្រោះដើម្បីពន្លត់ភ្លើងមានភាពយឺតយ៉ាវទើបបណ្ដាលឲ្យមានគ្រោះថ្នាក់មនុស្សច្រើនបែបនេះ។ ប៉ុន្តែការយឺតយ៉ាវនេះ ត្រូវស្នងការរងនគរបាលរាជធានី លើកឡើងថា បណ្ដាលមកពីទីតាំងឆាបឆេះឋិតឆ្ងាយខ្លាំងពេកពីស្ថានីយពន្លត់អគ្គីភ័យ ហើយការផ្ដល់ព័ត៌មានអោយសមត្ថកិច្ចមានភាពយឺតយ៉ាវ និងខ្វះកិច្ចសហការពីប្រជាពលរដ្ឋជិតខាងនៅក្នុងមូលដ្ឋានកើតហេតុ។
ស្នងការរងនគរបាលរាជធានី ទទួលបន្ទុកពន្លត់អគ្គីភ័យនិងអាវុធជាតិផ្ទុះ លោក នេត វន្ថា ថ្លែងឲ្យដឹងថា អ្នកស្លាប់ក្នុងគ្រោះអគ្គីភ័យពួកគេសម្រាកនៅលើឡាវតឿ ហើយតាមការសន្និដ្ឋានអ្នកទាំងនោះបាត់បង់ម្ចាស់ការ ទើបមិនអាចចាក់មកក្រៅបាន។ លោកស្នងការរងបន្តថា ប្រសិនបើពលរដ្ឋនៅទីនោះមានកិច្ចសហការ ឬផ្ដល់ព័ត៌មានគ្រប់គ្រាន់ មិនធ្វើឲ្យរឿងនេះធ្ងន់ធ្ងរដូច្នេះឡើយ៖ «ទៅដល់ចំណុចកើតហេតុមិនឃើញមានប្រជាពលរដ្ឋប្រាប់ឲ្យជួយថាមានមនុស្សនៅក្នុងផ្ទះ និយាយរួមការជួយប្រជាពលរដ្ឋជិតខាងពុំមានភាពស្និទ្ធស្នាល»។
របាយការណ៍របស់ប៉ូលិសរយៈពេល ៥ខែដើមឆ្នាំ២០១៥ មានគ្រោះអគ្គិភ័យជាង ៦០ករណី ក្នុងនោះបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ និងរបួសម្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
