កុមារនិងមនុស្សពេញវ័យប្រុសស្រីចំនួន ៧នាក់ នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានស្លាប់នៅក្នុងអណ្ដូងទឹកមួយកន្លែង កាលពីល្ងាចថ្ងៃសៅរ៍ ទី៣១ ខែឧសភា កន្លងទៅ។
អធិការស្ដីទីរបស់ប៉ូលិសស្រុកបន្ទាយស្រី គឺលោក មុយ ណន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១ ខែមិថុនា ថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៧ល្ងាច ថ្ងៃសៅរ៍។
លោកអធិការស្ដីទីបញ្ជាក់ថា នៅថ្ងៃនោះមានបុរសម្នាក់ឈ្មោះ ទុយ ចិន ជាម្ចាស់ផ្ទះ បានទៅដងទឹកអណ្ដូងដើម្បីយកទៅពន្លត់ឡធ្យូង ហើយបានជ្រុះដែកកេះ និងលុយចំនួន ៣ពាន់រៀល ទៅក្នុងអណ្ដូងជម្រៅ ៥ម៉ែត្រ។ គាត់បានយកបង្អោងឫស្សី ១ដើម ដាក់ទៅក្នុងអណ្ដូង ហើយចុះរាវរកឃើញតែដែកកេះ មិនឃើញលុយទេ។ ក្រោយមកគាត់បានចេញពីអណ្ដូងទឹកដោយមិនបានដកបង្អោងចេញវិញទេ ធ្វើឱ្យកូនតូចៗរបស់គាត់ និងអ្នកជិតខាងចុះទៅរាវរកលុយ និងជួយក្មេង ហើយក៏ដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់។
លោក មុយ ណន៖ «អាមួយនោះប្រុស អាយុ ១១ឆ្នាំ វារត់ទៅចុះស្រវារកលុយ។ ពេលវាចុះទៅក៏សន្លប់ ដូចថាដកខ្យល់អត់រួច ដល់ពេលកុមារីមួយទៀត អាយុ ១៣ឆ្នាំ ចុះទៅជួយប្អូន ស្លាប់ទៀតទៅ ហើយក្មេងស្រីអាយុ ១៥ឆ្នាំចុះទៅទៀត។ ក្មេងៗ អ្នកជិតខាងគាត់មកជួយចុះទៅទៀត ស្លាប់អស់ ៧ ប្រុស ៥ ស្រី ២។ ដល់ទី៨នោះ រស់ គេជួយសង្គ្រោះទាន់»។
កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានចុះទៅពិនិត្យអណ្ដូងទឹកនោះ ហើយសន្និដ្ឋានថា មូលហេតុដែលកុមារ ៧នាក់ស្លាប់ គឺបណ្ដាលមកពីក្នុងអណ្ដូងនោះខ្វះខ្យល់អុកស៊ីហ្សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
