អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បុរាណវិទ្យា​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​គម្រោង​ស្រាវជ្រាវ

0:00 / 0:00

រយៈពេល ២​ឆ្នាំ​មក​នេះ អង្គការ​មូលនិធិ​និង​អភិវឌ្ឍន៍​បុរាណវិទ្យា ដែល​ហៅ​កាត់​ថា អេ.ឌី.អេហ្វ (ADF) បាន​ទទួល​ជំនួយ​ពី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ដើម្បី​អនុវត្តន៍​គម្រោង​ធ្វើ​កំណាយ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែល​ជា​តំបន់​អតីត​រាជធានី​បុរាណ​នៃ​សតវត្ស​ទី​៩។ គម្រោង​ទាំង​នេះ​កាន់តែ​ជួយ​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​ខ្មែរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការពារ​រមណីយដ្ឋាន​បូរាណ​ជា​ច្រើន​កន្លែង ព្រមទាំង​ព្រៃ​ទេសភាព​នៅ​ទី​នោះ​ថែម​ទៀត។

អ្នក​គ្រប់គ្រង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បុរាណវិទ្យា អំពាវនាវ​សុំ​ឲ្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បន្ដ​ផ្ដល់​ជំនួយ​ថែម​ទៀត​សម្រាប់​ឱ្យ​គេ​យក​ទៅ​អនុវត្តន៍​គម្រោង​ថ្មីៗ នៅ​តំបន់​ខ្នងភ្នំ​គូលែន ក្នុង​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប ដើម្បី​ជួយ​បណ្ដុះបណ្ដាល​អ្នក​ភូមិ​ឱ្យ​មាន​ជំនាញ​កសិកម្ម ព្រម​ទាំង​បង្កើន​កិច្ច​ការពារ​តំបន់​បុរាណ​ជា​ច្រើន​កន្លែង​មួយ​ចំនួន​ទៀត។

ការ​អំពាវនាវ​រក​ជំនួយ​ជា​ថ្មី​នេះ បន្ទាប់ពី​ជំនួយ​សហរដ្ឋអាមេរិក លើ​គម្រោង​អនុវត្តន៍​រយៈពេល ២​ឆ្នាំ​បាន​បញ្ចប់​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៤។

អ្នក​គ្រប់គ្រង​ទូទៅ​របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បុរាណវិទ្យា លោក ហ្សង់ បាទីសសេវ៉ង់ស៍ (Jean batis Chevance) មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​ធ្នូ ថា អង្គការ​របស់​លោក​កំពុង​រៀបចំ​គម្រោង​ថ្មី ដោយ​មាន​ផែនការ​កំណត់ ជី.ភី.អេស (GPS) និង​គូស​ផែនទី​ផង សម្រាប់​ការពារ​ព្រៃឈើ​និង​រមណីយដ្ឋាន​បុរាណ​នៅ​ខ្នងភ្នំ​គូលែន​លើ​ផ្ទៃដី​ទំហំ​ជាង ៨០០​ហិកតារ។ បន្ថែម​លើ​នេះ​គម្រោង​ថ្មី​នឹង​ជួយ​បណ្ដុះបណ្ដាល​កសិករ​ឱ្យ​ចេះ​ជួយ​ការពារ​តំបន់​ធម្មជាតិ​និង​ព្រៃ​ឈើ។

លោក ហ្សង់ បាទីសសេវ៉ង់ស៍ មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នៅ​លើ​ខ្នងភ្នំ​គូលែន គឺ​នៅ​មាន​ការ​លំបាក​ជា​ច្រើន ដូចជា​ការ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ ការ​កាប់​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​ជួយ​បង្រៀន​អ្នក​ភូមិ​ឱ្យ​ចេះ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ជាដើម។ បញ្ហា​ទាំង​នេះ គឺ​ត្រូវការ​ជំនួយ​ដើម្បី​អនុវត្ត​គម្រោង​នានា៖ «ខ្ញុំ​គិត​ថា ប្រសិនបើ​យើង​អាច​ទទួល​ជំនួយ​ពី​ស្ថានទូត​អាមេរិក បន្ត​ទៀត គឺ​ជា​ការ​ល្អ​ណាស់ ពីព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​យើង​អាច​ពង្រឹង​គម្រោង​ខ្លះៗ​ថែម​ទៀត។ ដូច្នេះ​ប្រសិនបើ​យើង​មាន​ជំនួយ​ថ្មី​ពី​ស្ថានទូត​អាមេរិក បន្ត​ទៀត យើង​ប្រាកដ​ថា អាច​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​គម្រោង​ថ្មីៗ ព្រម​ទាំង​បង្ហើយ​កិច្ចការ​ខ្លះៗ​ដែល​នៅ​សេសសល់​ពី​មុន​ផង»

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ធ្លាប់​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ ៤.៧​ម៉ឺន​ដុល្លារ​ដល់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បុរាណវិទ្យា​ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ ម្ដង​មក​ហើយ ដើម្បី​យក​ទៅ​​អនុវត្ត​គម្រោង​ចងក្រង​ឯកសារ​កំណាយ​កិច្ច​ការពារ​ព្រៃឈើ​និង​តំបន់​អភិរក្ស ព្រមទាំង​បណ្ដុះបណ្ដាល​អ្នក​ភូមិ​ឱ្យ​យល់​ដឹង​ពី​រមណីយដ្ឋាន​បុរាណ ហើយ​និង​ការពារ​បរិស្ថាន​ធម្មជាតិ​ខ្នង​ភ្នំ​គូលែន​នោះ។

អ្នក​គ្រប់គ្រង​គម្រោង​នៅ​លើ​ខ្នងភ្នំ​គូលែន​នៃ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​បុរាណ លោក សឿ ពេជ្រ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ត្រូវ​ធ្វើ​កំណាយ​ជា​ច្រើន​កន្លែង​ទៀត​នៅ​លើ​ខ្នង​ភ្នំ​គូលែន តាម​កន្លែង​ដែល​មាន​ប្រាសាទ​និង​ស្លាក​ស្នាម​បុរាណ៖ «កំណាយ​នេះ​សំខាន់​ណាស់ គឺ​ដើម្បី​ជួយ​ឱ្យ​អ្នក​សិក្សា​ស្គាល់​ពី​អាយុកាល​នៃ​ប្រាសាទ​បុរាណ​នីមួយៗ។ ម្យ៉ាង​ទៀត​ពេល​ចុះ​ធ្វើ​កំណាយ បើ​ប៉ះចំ​វត្ថុ​បុរាណ​គឺ​នឹង​ប្រគល់​ឱ្យ​អាជ្ញាធរ​អប្សរា ឬ​ក៏​ប៉ូលិស​ការពារ​បេតិកភណ្ឌ​យក​ទៅ​ដាក់​សារមន្ទីរ»

​រយៈពេល ៣-៤​ឆ្នាំ​មក​នេះ ក្រុម​ការងារ​របស់​អង្គការ អេ.ឌី.អេហ្វ ដែល​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា គឺ​បាន​ធ្វើ​កំណាយ​នៅ​តាម​ប្រាសាទ​បុរាណ​ជា​ច្រើន​លើ​ខ្នងភ្នំ​គូលែន ដូចជា​នៅ​ប្រាសាទ​ថ្មដាប់ ប្រាសាទ​អូរតូប ពើងត្បាល់ ពើងឥសី ក្របីក្រាប ប្រាសាទ​អ្នកតា ប្រាសាទ​អូរផ្អុង ប្រាសាទ​រោង​ចិន និង​រាជធានី​បុរាណ ដែល​គេ​រក​ឃើញ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។