គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីប្រកាសរួមថា នឹងជួបគ្នាជាកំពូលនៅថ្ងៃទី២២ ខែកក្កដា នេះ។
ចំណុចសំខាន់ៗនៃការជួបចរចាគ្នារួមមាន ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ស្ថិតក្រោមរដ្ឋធម្មនុញ្ញដែលនឹងអនុម័តដោយគណបក្សទាំងពីរ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅខែកុម្ភៈ ឆ្នាំ២០១៧ ហើយនិងការបោះឆ្នោតសភាតំណាងរាស្រ្តនៅឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មានរួមនៃគណបក្សឈ្នះឆ្នោតទាំងពីរ ចុះកាលពីយប់ថ្ងៃទី២០ កក្កដា ដែលផ្សព្វផ្សាយដោយលេខាធិការដ្ឋានគណបក្សសង្គ្រោះជាតិ គូសបញ្ជាក់ថា ក្នុងស្មារតីបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយឈរលើការគោរពផលប្រយោជន៍ដ៏ឧត្តុង្គឧត្ដមរបស់ប្រទេសជាតិ និងប្រជារាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាដោះស្រាយបញ្ចប់បញ្ហានយោបាយដែលកើតមានក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ។ ការឯកភាពគ្នានេះ គឺផ្អែកលើមូលដ្ឋាននៃការព្រមព្រៀងគ្នាជាគោលការណ៍រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤។
សេចក្ដីប្រកាសព័ត៌មានរួមដែលមានបោះត្រានៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឱ្យដឹងថា គណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឱ្យមានជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ នៅវេលាម៉ោង ៩ព្រឹក នៅវិមានព្រឹទ្ធសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។