កម្ពុជា​-​អាល្លឺម៉ង់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់​៥០​លាន​ដុល្លារ

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ នេះ នៅ​ទីក្រុង​ភ្នំពេញ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៥០​លាន​ដុល្លារ​អាមេរិក ។

ថវិកា​នោះ​ទី​មួយ​គឺ​សម្រាប់​ប្រើប្រាស់​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ឆ្នាំ ២០០៧ ដែល​រួម​មាន ៖ សុខភាព​បន្ត​ពូជ​លើក​ទី​៣, កម្មវិធី​រួម​ស្តីពី​ហិរញ្ញវត្ថុ​សុខុមាលភាព​សង្គម, កម្មវិធី​ដំឡើង​ភ្លើង​អគ្គិសនី​នៅ​ជនបទ​លើក​ទី​២, កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ។

ទី​ពីរ​គឺ​សម្រាប់​ប្រើប្រាស់​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស ឆ្នាំ ២០០៧ ដែល​រួម​មាន ៖ កម្មវិធី​រួម​គ្នា​ស្តីពី​ហិរញ្ញវត្ថុ​សុខុមាលភាព​សង្គម, ការគាំទ្រ​កំណែ​ទម្រង់​ការគ្រប់គ្រង​ដី​ធ្លី, កម្មវិធី​ឋាមពល​ជា​ថ្មី, ការគាំទ្រ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ធារាសាស្រ្ត និង​កសិកម្ម, គាំទ្រ​អាជ្ញាធរ​សវនកម្ម​ជាតិ, កម្មវិធី​កំណែ​ទម្រង់​រដ្ឋបាល និង​សហ​វិមជ្ឈការ​លើក​ទី​៣, ជំរុញ​នូវ​សិទ្ធិ​ស្ត្រី​លើក​ទី​២ និង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ជំហាន​ទី​២ ៕