គណៈប្រតិភូ​ខ្មែរ​មួយ​ក្រុម​គ្រោង​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន

គណៈប្រតិភូ​កម្ពុជា​ដែល​រួម​មាន​យុវជន​ចំនួន​៤០​នាក់​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២២ កញ្ញា ទៅ​ធ្វើ​ទស្សនកិច្ច​ប្រមាណ​១០​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ កញ្ញា បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​យុវជន​កម្ពុជា​ដែល​ក្នុង​នោះ ៣៦​នាក់​ជា​និស្សិត​វិទ្យាល័យ សាស្រ្តចារ្យ​៣​នាក់ និង​មន្រ្តី​រដ្ឋាភិបាល​ម្នាក់​ផង​នោះ គឺ​ជា​គណៈប្រតិភូ​ទី​បី​ដែល​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​រវាង​និស្សិត​និង​យុវជន​ជប៉ុន​-​អាស៊ី​បូព៌ា (Japan-East Asia Network for Exchange for Students and Youth)។

ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នេះ និស្សិត​ទាំងអស់​នឹង​ទៅ​ទស្សនា​ទីកន្លែង​សំខាន់ៗ​មួយចំនួន​ដែល​ទាក់ទង​នឹង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រម​ទាំង​សហគមន៍​មូលដ្ឋាន​នៃ​ប្រទេស​ជប៉ុន​ផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​លើក​ទី​១​ដែល​មាន​គ្នា​ចំនួន​៣០​នាក់ បាន​ធ្វើឡើង​ក្នុង​ខែ​មីនា ឆ្នាំ​២០០៨ និង​លើក​ទី​២ ដែល​រួម​មាន​ប្រតិភូ​ចំនួន​៧០​នាក់​បាន​ទៅ​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​រវាង​និស្សិត​និង​យុវជន​ជប៉ុន​-​អាស៊ី​បូព៌ា ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៨៕