លោក John Negroponte ប្រាប់សភាពាណិជ្ជកម្មអាមេរិកាំងនៅក្រុងហុងកុងថា ស.រ.អា.គាំទ្រកិច្ចការកម្ពុជាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ កែលម្អសុខភាពសាធារណៈ និងបង្កើនការគោរពសិទ្ធិមនុស្ស។
លោកបានហៅការវិវត្តន៍ទាំងអស់នេះថាវិជ្ជមានបំផុត ហើយបានចាត់ទុកការរៀបចំសាលាក្តីខ្មែរក្រហមថាអាចនឹងស្របតាមខ្នាតអន្តរជាតិទៀតផង។ បន្ទាប់មកលោកប្រកាសថា រដ្ឋការក្រុងវ៉ាស៊ីនតោនធ្វើវិភាគទានជួយសាលាក្តីនេះ ១លាន៨សែនដុល្លារអាមេរិក។
អ្នកនិពន្ធអត្ថបទ បណ្ឌិត អាប់ឌុលហ្គាហ្វា ពៀងម៉េថ អតីតសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៃសកលវិទ្យាល័យ ហ្គាម ចោទជាសំណួរថា តើប្រទេសកម្ពុជាពណ៌នាដោយមន្រ្តីអាមេរិកាំងរូបនោះ ហើយនិងកម្ពុជាពណ៌នាដោយលោក Yash Ghai តំណាងអង្គការសហប្រជាជាតិ (អ.ស.ប.) ផ្នែកសិទ្ធិមនុស្ស រួមនឹងក្រុមអង្គការនៃសង្គមស៊ីវិលជាច្រើនទៀតជាប្រទេសតែមួយដូចគ្នា ឬមិនដូច។
លោកឲ្យអ្នកផងជួយគិតថា តើចិន ស.រ.អា និងប្រទេសដទៃទៀត ចូលខ្លួនមកជួយរដ្ឋាភិបាលលោក ហ៊ុន សែន ដែលគ្រប់គ្រងប្រេងកាតក្នុងឈូងសមុទ្រថៃនោះឬយ៉ាងណា?៕
