កម្ពុជា​ទទួល​បាន​កិច្ច​គាំទ្រ​ពី​ស.រ.អា.​ដោយសារ​រឿង​ប្រេង?

មាន​ដំណឹង​ផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន​មួយ​ពី​កោះ​ហ្គាម ឈ្មោះ Guampdn.com នៅ​ថ្ងៃ​ទី​១ តុលា​នេះ ដែល​ដាក់​ចំណងជើង​ថា កម្ពុជា​ទទួល​បាន​កិច្ច​គាំទ្រ​ព្រោះ​រឿង​ប្រេង មិន​មែន​សិទ្ធិ​នោះ​ទេ បន្ទាប់ពី​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក (ស.រ.អា) លោក John Negroponte បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេល​ថ្មីៗ​នេះ។

លោក John Negroponte ប្រាប់​សភា​ពាណិជ្ជកម្ម​អាមេរិកាំង​នៅ​ក្រុង​ហុងកុង​ថា ស.រ.អា.​គាំទ្រ​កិច្ចការ​កម្ពុជា​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ កែលម្អ​សុខភាព​សាធារណៈ និង​បង្កើន​ការគោរព​សិទ្ធិ​មនុស្ស។

លោក​បាន​ហៅ​ការវិវត្តន៍​ទាំងអស់​នេះ​ថា​វិជ្ជមាន​បំផុត ហើយ​បាន​ចាត់ទុក​ការរៀបចំ​សាលាក្តី​ខ្មែរ​ក្រហម​ថា​អាចនឹង​ស្រប​តាម​ខ្នាត​អន្តរជាតិ​ទៀត​ផង។ បន្ទាប់​មក​លោក​ប្រកាស​ថា រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​វិភាគទាន​ជួយ​សាលាក្តី​នេះ ១​លាន​៨​សែន​ដុល្លារ​អាមេរិក។

អ្នក​និពន្ធ​អត្ថបទ បណ្ឌិត អាប់ឌុលហ្គាហ្វា ពៀងម៉េថ អតីត​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សកល​វិទ្យាល័យ ហ្គាម ចោទ​ជា​សំណួរ​ថា តើ​ប្រទេស​កម្ពុជា​ពណ៌នា​ដោយ​មន្រ្តី​អាមេរិកាំង​រូប​នោះ ហើយ​និង​កម្ពុជា​ពណ៌នា​ដោយ​លោក Yash Ghai តំណាង​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ផ្នែក​សិទ្ធិ​មនុស្ស រួម​នឹង​ក្រុម​អង្គការ​នៃ​សង្គម​ស៊ីវិល​ជា​ច្រើន​ទៀត​ជា​ប្រទេស​តែ​មួយ​ដូច​គ្នា ឬ​មិន​ដូច។

លោក​ឲ្យ​អ្នក​ផង​ជួយ​គិត​ថា តើ​ចិន ស.រ.អា និង​ប្រទេស​ដទៃ​ទៀត ចូល​ខ្លួន​មក​ជួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​គ្រប់គ្រង​ប្រេងកាត​ក្នុង​ឈូង​សមុទ្រ​ថៃ​នោះ​ឬ​យ៉ាង​ណា?៕