អង្គការ Freedom House របស់សហរដ្ឋអាមេរិក បានចេញតារាងនៃការធ្វើអង្កេតប្រចាំឆ្នាំ២០០៨ បានឲ្យដឹងថា ក្នុងចំណោម៤០ប្រទេសនៅទូទាំងទ្វីបអាស៊ីប៉ាស៊ីហ្វិក គឺកម្ពុជាស្ថិតក្នុងលំដាប់លេខ២៦ គ្រាន់បើជាងប្រទេសវៀតណាមដែលស្ថិតក្នុងលំដាប់លេខ៣៦ លាវលេខ៣៧ និងភូមាលេខ៣៩ ស្តីពីលំដាប់សុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន។
អង្គការឃ្លាំមើលសារព័ត៌មានអន្តរជាតិបានអះអាងថា ប្រទេសកម្ពុជាមានសុវត្ថិភាពគ្រាន់បើសម្រាប់អ្នកសារព័ត៌មាន បើទោះបីមានអ្នកកាសែតម្នាក់គឺលោក ឃឹម សម្បូរណ៍ ពីកាសែតមនសិការខ្មែរដែលជាកាសែតប្រឆាំងនឹងរដ្ឋាភិបាល បានរងការបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០០៨នេះក្តី។
ប៉ុន្តែមន្រ្តីអង្គការការពារសិទ្ធិមនុស្សនិងអ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជានិយាយប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកានេះ ថា ថ្វីបើការគំរាមកំហែងលើរូបកាយអ្នកសារព័ត៌មានមិនត្រូវបានទទួលស្គាល់ក្តី តែការវាយប្រហារលើអ្នកសារព័ត៌មានតាមផ្លូវច្បាប់មានការកើនឡើង។
តាំងពីឆ្នាំ១៩៩៤មកមានអ្នកសារព័ត៌មានយ៉ាងតិច១០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាដែលរាប់បញ្ជូលទាំង លោក ឃឹម សម្បូរណ៍ ផង។ ក្រុមអង្គការការពារសិទ្ធិមនុស្សអះអាងថា គ្មានករណីឃាតកម្មណាមួយដែលទាក់ទិននឹងមរណភាពរបស់អ្នកសារព័ត៌មានទាំងនោះត្រូវបានរកឃើញឃាតករឬដោះស្រាយឲ្យបានចប់សព្វគ្រប់ឡើយ។
លោកស្រី ណាលី ភីលក ប្រធានក្រុមសិទ្ធិកម្ពុជានៃអង្គការលីកាដូ មានប្រសាសន៍ថា បទល្មើសឧក្រិដ្ឋមិនត្រូវបានធ្វើការស៊ើបអង្កេតនិងកាត់ក្តីឲ្យបានត្រឹមត្រូវទេ ដែលជាការបង្ហាញឲ្យឃើញនូវនិទណ្ឌភាពនិងការមិនអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា និងថា ក្នុងរយៈពេល១០ឆ្នាំមកនេះមានការផ្លាស់ប្តូរតិចតួចណាស់ ដែលចាត់ថា កម្ពុជាមានសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន និងថាកម្ពុជាមានសេរីភាពសារព័ត៌មាននោះ៕
