មន្ត្រី​កម្ពុជា​ទស្សនកិច្ច​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក

មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​យោធា​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ដែល​វិល​ត្រឡប់​ពី​អ៊ីរ៉ាក់​ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​វិញ​នោះ។

លោក John Johnson អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​មួយ​ថ្មី​ទៀត​នៅ​ក្នុង​ការបង្កើន​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

គណៈប្រតិភូ​កម្ពុជា​បាន​ចេញ​ដំណើរ​ពី​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​ជិះ​យន្តហោះ​យោធា​អាមេរិក​ដើម្បី​ធ្វើ​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​អាមេរិក ឈ្មោះ USS Abraham Lincoln ដែល​សំចត​នៅ​ចម្ងាយ​ប្រមាណ​២៥០​ម៉ាយ ឬ​៤០២​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា។

លោក​ឧត្តមសេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការ​រង​កងទ័ព​កម្ពុជា​បាន​ចាត់ទុក​ទស្សនកិច្ច​នេះ​ថា​ជា​ឱកាស​ដ៏​ពិសេស​មួយ។

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង ឈ្មោះ USS Gary រួម​ជាមួយ​ទាហាន​និង​បុគ្គលិក​២០០​នាក់​បាន​ចូល​ចត​លើក​ទី​មួយ​នៅ​កំពង់ផែ​កម្ពុជា​នា​ក្រុង​ព្រះសីហនុ៕