អង់គ្លេស​ស្វាគមន៍​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ខ្មែរក្រហម

ស្ថានទូត​ប្រទេស​អង់គ្លេស​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​អតីត​ខ្មែរក្រហម​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​៤​នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​អ្នក​ដោះ​មីន​ជនជាតិ​អង់គ្លេស​ម្នាក់ ជាមួយ​នឹង​អ្នក​បកប្រែ​ភាសា​របស់​គាត់ កាលពី​១២​ឆ្នាំ​មុន ។

អតីត​ទាហាន​ខ្មែរក្រហម​ឈ្មោះ ស៊ិន ដន មាន​អាយុ​៥២​ឆ្នាំ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​កន្លងមក ពីបទ​សម្លាប់​លោក Christopher Howes នៃ​អង្គការ​ដោះ​មីន​ឈ្មោះ Mine Advisory Group និង​អ្នក​បកប្រែ​ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ហួន ហួត កាលពី​ឆ្នាំ​១៩៩៦ នៅ​ក្នុង​ខេត្ត​សៀមរាប ។

លោក Christopher Howes និង​សហការី​អ្នក​ដោះ​មីន​របស់​លោក​មួយ​ក្រុម​បាន​ត្រូវ​ខ្មែរក្រហម​ចាប់​បង្ខាំង​ខ្លួន​ខណៈ​កំពុង​ធ្វើការ​ដោះមីន ។ លោក Christopher នា​ពេល​នោះ​បាន​សុំ​ឲ្យ​ខ្មែរក្រហម​ដោះលែង​សហការី​របស់​លោក​ទាំង​អស់​ដោយ​ទុក​តែ​រូបលោក​និង​អ្នក​បកប្រែ​របស់​លោក​ជាថ្នូរ ៕