ហៀង រិទ្ធី បន្ត​ស្វែងរក​ការជួយ​ការពារ​សុវត្ថិភាព​ពី​សហគមន៍​អន្តរជាតិ

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក​បណ្ឌិត ហៀង រិទ្ធី បន្ត​ការស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​លោក។

លោក​បណ្ឌិត ហៀង រិទ្ធី បាន​ចេញ​លិខិត​ផ្លូវការ​តាំងពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៨​នេះ​មក ផ្ញើ​ជូន​ស្ថានទូត​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​ភ្នាក់ងារ​ប៉ូលិស​អាមេរិក អេហ្វ.ប៊ី.អាយ. សូម​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តាម​ចាប់​ជន​ដែល​បាន​គំរាម​រក​បាញ់​សម្លាប់​រូប​លោក កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៨ នៅ​ទីក្រុង​ភ្នំពេញ​នោះ។

លោក​បណ្ឌិត ហៀង រិទ្ធី បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា។ លោក​ពុំ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​នោះ​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​តាម​ចង់ផ្តាច់​ជីវិត​លោក​ដូច្នោះ​ទេ៕