ក្រុមយុវជនអ៊ីស្រាអែលដែលចប់បេសកកម្មក្នុងជួរកងទ័ពនឹងមកកាន់ប្រទេសកម្ពុជានៅដើមខែធ្នូខាងមុខនេះដោយស្ម័គ្រចិត្តក្នុងនាមជាបេសកកម្មផ្នែកមនុស្សធម៌ ហើយនិងដើម្បីឲ្យប្រជាជនមូលដ្ឋានដែលគេទៅដល់នោះស្គាល់ពីអ៊ីស្រាអែល។
កាសែត Jerusalem Post ផ្សាយថ្ងៃអាទិត្យនេះថា ក្រុមយុវជនស្ម័គ្រចិត្តអ៊ីស្រាអែលទាំងនោះក្នុងមួយក្រុមមាន១០នាក់នឹងចុះទៅភូមិជីផាត់ នៅត្រង់ម្តុំភ្នំក្រវាញ រយៈពេល៣ខែ។ ហើយយុវជនទាំងនោះមាន៤ក្រុម អាយុចន្លោះពី២១ឆ្នាំនិង៤០ឆ្នាំនឹងចូលរួមក្នុងគម្រោងឈ្មោះថា "អ្នកវេចសម្ពាយនិងការផ្តល់ជំនួយ"។ ក្រុមនោះនឹងធ្វើសកម្មភាពក្នុងមួយថ្ងៃ១០ម៉ោង ៥ថ្ងៃក្នុងមួយសប្តាហ៍។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃនិងប្រទេសក្នុងតំបន់ Yael Rubinstein មានប្រសាសន៍ប្រាប់កាសែតនេះថា សកម្មភាពបែបនេះនឹងជួយលោកក្នុងការបង្ហាញឲ្យគេស្គាល់ថាប្រទេសអ៊ីស្រាអែលយកចិត្តទុកដាក់ដល់បញ្ហាមនុស្សធម៌។
ព័ត៌មានបន្តថា អ្នកដឹកនាំនៃ៣ក្រុមដំបូងនឹងមកដល់ភូមិជីផាត់នោះនៅពាក់កណ្តាលខែវិច្ឆិកានេះដើម្បីរៀបចំត្រៀមសម្រាប់ការមកដល់នៃយុវជនអ្នកស្ម័គ្រចិត្តទាំងអស់៕
