ជប៉ុន​គ្រោង​ផ្ដល់​ជំនួយ​ថវិកា​ជាង​២​សែន​ដុល្លារ​ដល់​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​និង​មន្ត្រី​ខ្មែរ នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង គូសាណូណិ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា​ស្អែក​នេះ នៅ​ស្ថានទូត​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​ចំនួន ២២៨.៦៣៨​ដុល្លារ​អាមេរិក ។

ក្នុង​ចំណោម​ថវិកា​ទាំង​នោះ ៖ ៥៦.៦០១​ដុល្លារ គឺ​សម្រាប់​គម្រោង​ជួសជុល​សាលា​បឋមសិក្សា និង​ពង្រីក​បន្ថែម​ដោយ​ការចូលរួម​ពី​សហគមន៍​ខេត្ត​ក្រចេះ, ៥៨.៣៥៩​ដុល្លារ គឺ​សម្រាប់​គម្រោង​ផ្តល់​បរិក្ខារ​សិក្សា​ដែល​ប្រើ​រួម​ដល់​អនុ​វិទ្យាល័យ​ក្នុង​ក្រុង​ភ្នំពេញ, ៦៣.៧១៩​ដុល្លារ គឺ​សម្រាប់​គម្រោង​ផ្តល់​បរិក្ខារ​សិក្សា​ដែល​ប្រើ​រួម​ដល់​សាលា​បឋមសិក្សា​ចំនួន​៤​ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ និង ៤៩.៩៦០​ដុល្លារ គឺ​សម្រាប់​គម្រោង​ផ្តល់​បរិក្ខារ​សិក្សា​ដែល​ប្រើ​រួម​ដល់​សាលា​បឋមសិក្សា​ចំនួន​៦ ក្នុង​ស្រុក​មេសាង ខេត្ត​កណ្តាល ៕