សាលាក្ដី​ខ្មែរក្រហម​បើក​សវនាការ​ករណី អៀង សារី នៅ​ថ្ងៃ​៣០ មិថុនា

អង្គបុរេ​ជំនុំជម្រះ​នៃ​តុលាការ​ក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​កំណត់​បើក​សវនាការ​ជា​សាធារណៈ​វិនិច្ឆ័យ​ករណី​បណ្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​របស់ អៀង សារី នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ មិថុនា សប្តាហ៍​ក្រោយ​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា​ដំណើរការ​របស់​អង្គ​សវនាការ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ចាក់ផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​វិទ្យុ​ទូរទស្សន៍​នានា​ជូន​សាធារណជន​បាន​ស្តាប់​និង​ទស្សនា ។

សវនាការ​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក​នៅ​អគារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ស្ថិត​នៅ​ឯ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ៕