ក្រុមជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី បានសម្ដែងថា ក្រុមហ៊ុនបារាំងដែលអភិវឌ្ឍនៅឃុំប៊ូស្រា បន្តពីក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលប្តូរតែឈ្មោះ កំពុងធ្វើឲ្យបាត់ដីចម្ការវិលជុំដីត្រណម និងធ្វើឲ្យមានប៉ះពាល់ដល់បរិស្ថានផងដែរ នៅគ្រាដែលកំពុងវិនិយោគចម្ការកៅស៊ូ។
តំណាងជនជាតិព្នងបានប្រាប់ពីកង្វល់របស់ពួកខ្លួនជូនតំណាងអង្គការក្រៅរដ្ឋាភិបាលជ្រាបរួចមកហើយ អំពីក្តីបារម្ភដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន ហើយការលើកឡើងពីកង្វល់និងក្តីបារម្ភដដែលនេះ ក៏បានប្រាប់ដល់តំណាងក្រុមហ៊ុនឲ្យបានជ្រាបថែមទៀត នៅថ្ងៃទី១៩ វិច្ឆិកានេះ។
តំណាងជនជាតិព្នងបានប្រាប់ដូច្នេះ ៖ «វាស់វែងដីវិលជុំពួកខ្ញុំហ្នឹងហើយ ដីចាប់ពីអូររាំងទៅ គាត់មកឈូសឆាយ។ ភូតកុហកពួកខ្ញុំច្រើនណាស់ថា វាស់ហើយៗ។ វាស់ក៏មិនឃើញវាស់»។
បន្ទាប់ពីជម្រាបពីក្តីកង្វល់របស់ពួកខ្លួនហើយ តំណាងប្រជាពលរដ្ឋក៏បានសំណូមពរឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយបន្ត ដោយរង់ចាំការពិនិត្យនិងដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់សិន ដែលក្នុងការឆ្លើយតបតំណាងក្រុមហ៊ុនSOCFEN បានបញ្ជាក់ថា លោកមានការសប្បាយចិត្ត នៅពេលដែលមកជជែកគ្នានៅទីនេះជាជាងប្រឈមមុខដាក់គ្នា ហើយលោកថា និងពិភាក្សាអំពីរឿងនេះ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ដូច្នេះ ៖ "ខ្ញុំនឹងផ្ញើសេចក្ដីសន្និដ្ឋានផ្លូវច្បាប់មួយទៅជូនក្រុមហ៊ុនSOCFEN ដើម្បីបញ្ជាក់អំពីអង្គហេតុ ឬក៏អង្គច្បាប់ ដែលក្រុមហ៊ុនSOCFEN មាន ហើយយើងនឹងពិភាក្សាជាមួយគ្នា"។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ដែលចូលជួបតំណាងក្រុមហ៊ុននោះដែរ បានឲ្យដឹងថា ក្រុមហ៊ុន SOCFEN នេះ បានទទួលសិទ្ធិឈូសឆាយអភិវឌ្ឍលើផ្ទៃដីប្រមាណ២.៧០៥ហិកតារ ដែលអ្នកស្រុកអះអាងថា ធ្វើឲ្យមានការប៉ះពាល់ដីធ្លីរបស់អ្នកស្រុក។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនឡើយ តែលោកថា ក្រុមហ៊ុននេះហាក់ដូចជាមានគោលបំណងល្អក្នុងការចង់ដោះស្រាយបញ្ចប់ក្តីបារម្ភរបស់អ្នកស្រុក។
លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យដឹងដូច្នេះ ៖ «ក្រុមហ៊ុនគាត់ធ្វើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថានដោយខ្លួនគាត់ អ៊ីចឹងមានន័យថា គាត់ចង់ធ្វើសម្បទានមួយហ្នឹងឲ្យជាលក្ខណៈគំរូ ដែលគោរពតាមនីតិវិធីឲ្យបានច្បាស់លាស់។ សម្បទានគេបើកឲ្យ គេសម្រេចឲ្យវាមានរួចហើយ យើងឃើញថា នៅមានបន្តការឈូសឆាយ។ ខាងអង្គការយើងហ្នឹង គឺចង់ឲ្យផ្អាកការឈូសឆាយសិន ដើម្បីសិក្សាឲ្យហើយចាំបន្តការងារ»។
អាជ្ញាធរខេត្តកំពុងជាប់រវល់ក្នុងការដោះស្រាយជាមួយក្រុមហ៊ុនទាំង៦២ ដែលមានតែក្រុមហ៊ុនចំនួន១០ប៉ុណ្ណោះដែលមានច្បាប់ត្រឹមត្រូវ ហើយកំពុងអភិវឌ្ឍន៍សព្វថ្ងៃ ដែលក្នុងនោះតំណាងក្រុមហ៊ុន SOCFEN នេះ អះអាងថា មានក្រុមហ៊ុនលោកមួយដែរ ហេតុនេះហើយដែលលោកឆ្ងល់ថា ហេតុអ្វីបានជាផ្តោតការបារម្ភតែទៅលើក្រុមហ៊ុនរបស់លោក៕
អាជ្ញាធរនៅកំពង់ធំរងការចោទថាបណ្ដេញព្រះសង្ឃយកដីឲ្យក្រុមហ៊ុន
ទំនាស់ដីរវាងទាហាននិងអ្នកស្រុកនៅខែត្របាត់ដំបង
ពលរដ្ឋ៣៥គ្រួសារសុំឲ្យតុលាការកំពូលកាត់ក្ដីសំណុំរឿងដីធ្លីសាជាថ្មី
ពលរដ្ឋនៅកោះកុងមកតវ៉ានៅមុខតុលាការកំពូលពីរឿងទំនាស់ដី
អ្នកភូមិនៅកំពង់ឆ្នាំងមានសង្ឃឹមក្នុងបញ្ហាជម្លោះដីជាមួយក្រុមហ៊ុន
ពលរដ្ឋនិងអាជ្ញាធរជួបគ្នាដោះស្រាយរឿងជម្លោះដីនៅកំពត
ទាហាននៅកំពតគំរាមរឹបអូសយកដីអ្នកភូមិ
ពលរដ្ឋនៅក្រចេះទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍឲ្យឆ្ងាយពីមូលដ្ឋាន
អង្គការសិទ្ធិមនុស្សសុំឲ្យបញ្ឈប់ការឈូសឆាយដីពលរដ្ឋនៅព្រៃនប់
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.