ក្រសួងព័ត៌មាន នៅថ្ងៃទី១១ មករា ព្រមានផ្អាកការផ្សាយរបស់ស្ថានីយទូរទស្សន៍មួយចំនួនជាបណ្ដោះអាសន្នចាប់ពី ២សប្ដាហ៍ដល់ ១ខែ និងឈានដល់ការដកហូតអាជ្ញាប័ណ្ណទាំងស្រុង បើសិនជាស្ថានីយទូរទស្សន៍ល្មើសបម្រាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៦ ដល់ម៉ោង ៨ល្ងាច ក្នុងកម្មវិធីផ្សាយរបស់ខ្លួន។
សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានរំលឹកជូនម្ចាស់ស្ថានីយទូរទស្សន៍មួយចំនួនថា កាលពីថ្ងៃទី១ តុលា ឆ្នាំ២០១៤ ក្រសួងព័ត៌មានបានចេញសារាចរមួយស្តីពីការហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅចន្លោះពីម៉ោង ៦ ដល់ម៉ោង ៨ល្ងាច ហើយក្រសួងសង្កេតឃើញថា មានស្ថានីយវិទ្យុ និងទូរទស្សន៍មួយចំនួន ភាគច្រើនបានអនុវត្តគោរពតាមខ្លឹមសារណែនាំរបស់សារាចរនោះ។
ដោយឡែកនៅមានស្ថានីយទូរទស្សន៍មួយចំនួនពុំទាន់អនុវត្តតាមចំណុចមានចែងនៅក្នុងសារាចរចេញថ្ងៃទី១ តុលា នោះទេ។ ដូច្នេះក្រសួងព័ត៌មាន សុំធ្វើការក្រើនរំលឹកដល់ស្ថានីយទូរទស្សន៍ទាំងអស់ជាថ្មីម្ដងទៀត សូមធ្វើការអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមចំណុចដែលមានចែងនៅក្នុងសារាចរនោះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍កើតមានច្រើននៅប្រទេសកម្ពុជា ដោយមានអ្នកស្លាប់ ៥នាក់ ក្នុងមួយថ្ងៃ ហើយមូលហេតុសំខាន់មួយ បណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺអ្នកបើកបរសេពគ្រឿងស្រវឹង។ ការសេពគ្រឿងស្រវឹងពេញនិយម ដោយសារមានការផ្សាយពាណិជ្ជកម្មនានា ទាក់ទាញមនុស្សឲ្យសេពគ្រឿងស្រវឹងតាមវិទ្យុ និងទូរទស្សន៍នានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
