លីកាដូ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ការពារ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខ្មែរ​នៃ​រដ្ឋាភិបាល​ថ្មី​សូម​ឲ្យ​ទប់ស្កាត់​អំពើ​ហិង្សា​និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដ៏​ធំ​មួយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់​មេត្តា​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សូម​ឲ្យ​តាម​ចាប់​យក​មក​ផ្តន្ទាទោស​ឲ្យ​បាន​នូវ​ឃាតករ​ដែល​បាន​សម្លាប់​លោក ហ៊ី វុទ្ធី ដែល​ជា​សកម្មជន​សហជីព និង​ក៏​សូម​ធានា​ឲ្យ​បាន​ថា ព្រះសង្ឃ ទឹម សាខន អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ដិន អាច​វិល​ត្រឡប់​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​វិញ​បាន។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ​មាន​ប្រសាសន៍​ថា កម្ពុជា​ជា​កន្លែង​ដ៏​គ្រោះថ្នាក់​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ស្ថានភាព​នេះ​នឹង​មិន​អាច​ផ្លាស់ប្តូរ​បាន​ឡើយ​ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​ពុំ​មាន​វិធានការ​ពិត​ប្រាកដ​ដើម្បី​ទប់ស្កាត់​និង​ផ្តន្ទាទោស​ជនល្មើស​នោះ​ទេ។

អង្គការ​លីកាដូ​ក៏​បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ឆ្នាំ​២០០៧ មាន​ករណី​គំរាម​កំហែង​ឬ​អំពើ​ហិង្សា​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ចំនួន​ជាង​៥០​ករណី​នៅ​ទូទាំង​ប្រទេស។

ពលរដ្ឋ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ជន​រងគ្រោះ​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ព្យាយាម​ជួយ​សហគមន៍​របស់​ពួក​គេ​ក្នុង​ការការពារ​ទប់ទល់​នឹង​ការរំលោភ​យក​ដី​ធ្លី៕