សង្គម​ស៊ីវិល​រួមគ្នា​បង្កើត​សម្ព័ន្ធ​អង្គការ​ឃ្លាំមើល​ផល​ចំណូល​ជាតិ​របស់​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៥​បាន​រួម​សហការគ្នា​បង្កើត​សម្ព័ន្ធ​អង្គការ​មួយ ដើម្បី​ឃ្លាំមើល​ពី​ការគ្រប់គ្រង​បែងចែក​ផល​ចំណូល​ជាតិ​របស់​កម្ពុជា ដែល​គេ​រំពឹង​ថា​ប្រទេស​នេះ​នឹង​ទទួល​បាន​ចំណូល​ជា​ច្រើន​ពាន់​លាន​ដុល្លារ មកពី​ការវិនិយោគ​លើ​ប្រេង​ឥន្ធនៈ ឧស្ម័ន និង​រ៉ែ ។

សម្ព័ន្ធ​អង្គការ​តម្លាភាព​នៃ​ផល​ចំណូល​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​បង្កើត​ឡើង​ថ្មី​នេះ​គឺ​រួម​មាន​ការចង​សម្ព័ន្ធភាព​គ្នា​រវាង​អង្គការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម អង្គការ​ដៃគូ​ដើម្បី​អភិវឌ្ឍ វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា អង្គការ​វេទិកា​ស្តីពី​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ។

គោលបំណង​របស់​សម្ព័ន្ធ​អង្គការ​តម្លាភាព​នៃ​ផល​ចំណូល​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា គឺ​បង្កើត​ឡើង​ដើម្បី​ធានា​ថា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ដែល​ទទួល​បាន​ពី​ការវិនិយោគ​លើ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​នោះ​គឺ​ត្រូវ​បាន​បែងចែក​ដោយ​តម្លាភាព សមភាព និង​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ។

សូម​ជម្រាប​ថា​ក្រៅពី​ចំណូល​សេដ្ឋកិច្ច​ជាតិ​ដែល​បាន​មក​ពី​ការវិនិយោគ​កោះ​មួយចំនួន​ផង​នោះ ប្រទេស​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ផល​ចំណូល​ពី​ប្រេងកាត យ៉ាងហោច​២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ចាប់ពី​ឆ្នាំ​២០១១​ត​ទៅ ៕