បក្ស​"រណឫទ្ធិ" រិះគន់​ការ​ដក​ហូត​ព្រះ​ដំណាក់​សម្ដេច​ក្រុមព្រះ

យោង​តាម​កាសែត​រស្មី​កម្ពុជា គណបក្ស នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​៩ ឧសភា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ រិះគន់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​លោក ញឹក ប៊ុនឆៃ ព្រមទាំង​តុលាការ​ក្រុង​ភ្នំពេញ ចំពោះ​ចំណាត់ការ​ឆ្ពោះ​ទៅ​កាន់​ការ​ដក​ហូត​ព្រះដំណាក់​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ទល់មុខ​វាល​ព្រះមេរុ​ ក្រុង​ភ្នំពេញ ។

គណបក្ស នរោត្តម រណឫទ្ធិ បាន​និយាយ​ថា សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់ក្តី​បង្គាប់​ឲ្យ​សម្តេច​ក្រុមព្រះ ប្រគល់​ព្រះ​ដំណាក់​ទៅ​ឲ្យ​លោក ញឹក ប៊ុនឆៃ នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០០៧ ប៉ុន្តែ​មេធាវី​របស់​សម្តេច​បាន​ប្តឹង​ជំទាស់ ។ តែ​ក៏​នៅ​មាន​ការ​ឃុបឃិត​គ្នា រវាង​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​លោក ញឹក ប៊ុនឆៃ ធ្វើការ​លក់​ដំណាក់​នោះ យក​លុយ​ចែក​គ្នា​ដែល​យោង​តាម​កាសែត ថា​លក់​បាន​ក្នុង​តម្លៃ​ជាង ១​លាន​ដុល្លារ ។

ចំណែក​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ លោក​បាន​បដិសេធ​ថា​លោក​មិន​បាន​ដឹង​ឮ​អ្វី​ពី​រឿង​នេះ​ទេ ហើយ​លោក​ក៏​មិន​ដែល​ធ្វើ​អ្វី​ទាក់ទង​នឹង​រឿង​នេះ​ផង​ដែរ ៕