លោក សម រង្ស៊ី អះអាង​ថា​លោក​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ពេល​បោះ​ឆ្នោត​ខាង​មុខ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​មករា បាន​អះអាង​ជា​ថ្មី​ថា លោក​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ចូល​រួម​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

ការ​អះអាង​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ក្រសួង​ការ​បរទេស​អាមេរិក បាន​សម្ដែង​ការ​សោកស្ដាយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

សហរដ្ឋ​អាមេរិក បាន​សម្ដែង​មន្ទិល​សង្ស័យ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រសិន​បើ​លោក សម រង្ស៊ី មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន។

ក្នុង​សារ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វែសបុក (Facebook) លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​មាន​វត្តមាន​នៅ​កម្ពុជា នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹង​ខ្លួន​ថា​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់ នឹង​ប៉ះពាល់​ដល់​ស្ថិរភាព និង​ភាព​ចម្រើន​រុងរឿង​របស់​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី បាន​ចំអក​លោក ហ៊ុន សែន ថា លោក​នាយក​រដ្ឋមន្ត្រី​មិន​ចង់​ប្រកួត​កីឡា​ស្មើ​ភាព និង​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​តំណែង ទើប​បាន​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។