លោក ថាក់ស៊ីន បានថ្លែងបន្ថែមថា ប្រទេសជាច្រើនបានផ្តល់ឋានៈជាពលរដ្ឋកិត្តិយសដល់រូបលោកដែលធ្វើឲ្យលោកមានការសោកស្តាយពីព្រោះលោកអាចមានលទ្ធភាពធ្វើអ្វីៗជាច្រើនសម្រាប់អ្នកដទៃ ប៉ុន្តែលោកបែរជាមិនអាចធ្វើអ្វីបានសម្រាប់ប្រទេសរបស់ខ្លួនទៅវិញក្នុងពេលនេះ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំនៅក្រុងបាងកកបានរាយការណ៍ឲ្យដឹងទៀតថា ក្រុមអ្នកគាំទ្រថាក់ស៊ីនក្នុងសម្លៀកបំពាក់ពណ៌ក្រហមប្រមាណ១សែននាក់បានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋាន រ៉ាជម៉ាំងកាឡា ក្នុងក្រុងបាងកក ដើម្បីស្តាប់ការថ្លែងរបស់មេដឹកនាំរបស់ខ្លួនដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ និងបានភៀសខ្លួនទៅសុំការជ្រកកោននៅប្រទេសអង់គ្លេស ។
អគ្គស្នងការរងប៉ូលិសជាតិថៃ លោកឧត្តមសេនីយ៍ អំនួយ នីម មនោ បានថ្លែងថា ប៉ូលិសប្រមាណ១០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីថែរក្សាសន្តិសុខនៅពហុកីឡដ្ឋាន រ៉ាជម៉ាំងកាឡា ហើយប៉ូលិស២០០០នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យប្រុងជើងការណ៍ដើម្បីផ្តល់កិច្ចអន្តរាគមន៍នៅពេលមានហេតុការណ៍មិនប្រក្រតី។
ប៉ុន្តែពុំមានរបាយការណ៍ស្តីពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ដែលជាក្រុមអ្នកគាំទ្ររដ្ឋាភិបាលដែរនោះនិងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនោះទេរហូតមកទល់ពេលនេះ៕
