កិច្ចប្រជុំបីថ្ងៃនៃមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការ UNPO លើកទី៩ ស្តីពីក្រុមជនជាតិដើម កំពុងត្រូវបានរៀបចំឡើងនៅទីក្រុងប្រាស៊្សល់ នៃប្រទេសប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែឧសភានេះ ។
មន្ត្រីតំណាងបីរូបនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានវត្តមានទៅចូលរួមកិច្ចប្រជុំនោះ ។ លោក ថាច់ ងុកថាច់ នាយកប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីកិច្ចការដែលសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើក្នុងកិច្ចប្រជុំនោះ ។
លោក ថាច់ ងុកថាច់ បានមានប្រសាសន៍ថា ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលខ្ញុំបាទផ្ទាល់ជាសមាជិកនៃគណៈកម្មការដឹកនាំរបស់អង្គការ UNPO ហៅថា Presidency ហ្នឹង យើងនឹងពិនិត្យសំណុំរឿង ដែលមានជនជាតិមួយចំនួនគឺថា បានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការ UNPO ហ្នឹងទី១ ។ ទីពីរ តាមរយៈនេះដែរ យើងនឹងធ្វើសេចក្ដីសម្រេចមួយនៅក្នុងអង្គសន្និបាតហ្នឹង ពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាម មកលើព្រះសង្ឃ និងបងប្អូនខ្មែរកម្ពុជាក្រោម... ហើយយើងនឹងជម្រាបជូនអំពីបញ្ហាពិធីបុណ្យពិសាខបូជាដែលធ្វើនៅទីក្រុងហាណូយ រដ្ឋាភិបាលយួន មិនបានអញ្ជើញទូទៅ ដូចដែលអង្គការសហប្រជាជាតិបានរៀបចំធ្វើរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយហ្នឹង» ។
សូមរំឭកជូនថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិករបស់អង្គការ UNPO តាំងពីឆ្នាំ២០០១ ដែលមានសមាជិកជាក្រុមជនជាតិដើមពី៦៩ប្រទេស ។ ពិសេសសហព័ន្ធខ្មែរកម្ពុជាក្រោម បានជាប់ជម្រើសជាសមាជិកនៃគណៈកម្មការដឹកនាំរបស់ UNPO ក្នុងរយៈពេល ២អាណត្តិមកនេះ ដែលក្នុងមួយអាណត្តិមានរយៈពេល ២ឆ្នាំ ៕
