អតីត​យុទ្ធជន​នៅ​ខេត្ត​កំពង់ចាម បាត់​ប្រាក់​សោធន​និវត្តន៍

អតីត​យុទ្ធជន​ដែល​ពិការ​ត្រូវ​រំសាយ​ពី​ជួរ​កងទ័ព​ចំនួន​ជិត ១០០​នាក់ នៅ​ខេត្ត​កំពង់ចាម កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព ហើយ​គ្រោង​នាំ​គ្នា​ឡើង​ទៅ​រក​អន្តរាគមន៍​ពី​ក្រសួង​សង្គម​កិច្ច នៅ​ភ្នំពេញ។

0:00 / 0:00

អតីត​យុទ្ធជន​ពិការ​ប្រមាណ ៨០​នាក់ នៅ​ក្នុង​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម ត្អូញត្អែរ​អំពី​ការ​បាត់​ប្រាក់​សោធន​និវត្តន៍​របស់​ខ្លួន ៣​ខែ​មក​ហើយ។

អតីត​យុទ្ធជន​ពិការ​ជើង មួយ​រូប​ឈ្មោះ ស៊ុន សេត មាន​ប្រសាសន៍​ថា លោក​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ បន្ទាប់​ពី​ពួក​គាត់​បាត់​ប្រាក់​សោធន​និវត្តន៍​របស់​គាត់​ពីរ​ខែ​មក។

អតីត​យុទ្ធជន​ពិការ​មួយ​រូប​ទៀត ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ ថ្លែង​ថា គាត់​ដូច​គ្នា​នឹង​ជន​ពិការ​ឯ​ទៀត​ដែរ បាន​រង់ចាំ​ប្រាក់​សោធន​របស់​គាត់​អស់​រយៈ​ពេល ៣​ខែ​ហើយ ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១២ មក។

ប្រពន្ធ​អតីត​យុទ្ធជន​ពិការ​មួយ​រូប ឈ្មោះ ងិន នីម ថ្លែង​ថា បញ្ហា​បើក​ប្រាក់​សោធន​និវត្តន៍​យឺត​យូរ​ខែ ធ្វើ​ឱ្យ​គាត់​ជួប​ការ​លំបាក​រឹត​តែ​ខ្លាំង ពី​ព្រោះ​គ្រួសារ​គាត់​ពឹង​ផ្អែក​លើ​ប្រាក់​សោធន​នេះ​ខ្លះ សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​បន្ថែម​លើ​របរ​ធ្វើ​ស្រែ​បន្តិច​បន្តួច​របស់​គាត់។

ដោយ​ឡែក មន្ត្រី​ចូល​និវត្តន៍​មួយ​រូប​ឈ្មោះ សន ចាន់ធឿន ថ្លែង​ថា សម្រាប់​មន្ត្រី​ចូល​និវត្តន៍​ដូច​ជា​រូប​លោក បាន​ទទួល​រួច​ហើយ​មិន​បាត់​បង់​អ្វី​ទេ។

អតីត​យុទ្ធជន​ពិការ ឈ្មោះ ស៊ុន សេត ឱ្យ​ដឹង​ថា លោក​មាន​សៀវភៅ​ធនាគារ​អេស៊ីលីដា (ACLEDA) សម្រាប់​បើក​ប្រាក់​សោធន​អតីត​យុទ្ធជន​របស់​លោក។ ក៏​ប៉ុន្តែ លោក​បើក​មិន​ទាន់​បាន​ទេ គឺ​មាន​តែ​សៀវភៅ​ប៉ុណ្ណោះ។

មន្ត្រី​ចូល​និវត្តន៍​ឈ្មោះ សន ចាន់ធឿន មាន​ប្រសាសន៍​ថា តាម​លោក​ដឹង​រឿង​ប្រាក់​សោធន​និវត្តន៍​របស់​អតីត​យុទ្ធជន​ពិការ ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គណនេយ្យ​ធនាគារ​អេស៊ីលីដា ហើយ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៣ ទៅ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​សង្គម​កិច្ច ខេត្ត​កំពង់ចាម គឺ​លោក ទូច ឆៃ និង​លោក ជាម ជាន អនុ​ប្រធាន​មន្ទីរ ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៣។

ប្រធាន​ការិយាល័យ​សង្គម​កិច្ច​ស្រុក​អូររាំងឪ លោក សេង សៀត មាន​ប្រសាសន៍​ថា លោក​យល់​អំពី​បញ្ហា​ប្រាក់​សោធន​អតីត​យុទ្ធជន​នេះ ហើយ​លោក​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ជា​មួយ​មន្ត្រី​សង្គម​កិច្ច​ថ្នាក់​ខេត្ត។

តាម​មន្ត្រី​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា បញ្ហា​បើក​ប្រាក់​សោធន​អតីត​យុទ្ធជន​យឺត​នេះ មិន​មែន​មាន​តែ​ស្រុក​អូររាំងឪ មួយ​ទេ គឺ​មាន​នៅ​ស្រុក​មួយ​ចំនួន​ទៀត​ដែរ ក្នុង​ខេត្ត​កំពង់ចាម នេះ។ រហូត​មក​ដល់​ពេល​នេះ អតីត​យុទ្ធជន​ពិការ នៅ​តែ​មិន​ទាន់​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ណា​មួយ បញ្ជាក់​ថា ប្រាក់​សោធន​អតីត​យុទ្ធជន​របស់​ពួក​គាត់ នឹង​ត្រូវ​បើក​បាន​នៅ​ពេល​ណា​ទេ។ ពួក​គាត់​ថ្លែង​ថា បើ​មិន​មាន​អ្វី​ច្បាស់​លាស់​ទេ ពួក​គាត់​នឹង​ឡើង​ទៅ​សួរ​ដល់​ក្រសួង​សង្គម​កិច្ច និង​អតីត​យុទ្ធជន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី២៨ មករា សប្ដាហ៍​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។