ADB ផ្ដល់​ជំនួយ​សម្រាប់​កម្មវិធី​បង្កើន​ចំណូល​ពលរដ្ឋ​ក្រី​ក្រ​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កំពុង​ផ្តល់​ថវិកា​ជំនួយ​ដល់​កម្ពុជា​ចំនួន ៣​លាន ៤​សែន ៥​ម៉ឺន​ដុល្លារ​សម្រាប់​បម្រើ​ដល់​ការ​បង្កើន​ចំណូល​របស់​កសិករ​ក្រីក្រ អ្នក​មាន​ដី​តិច អ្នក​មាន​ជីវភាព​តោក​យ៉ាក​ដែល​រស់​នៅ​ម្តុំ​អាង​ទន្លេ​សាប និង​ជុំវិញ​បឹង​ទន្លេ​សាប។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ថ្ងៃ​៨ កក្កដា​នេះ ការ​ឧបត្ថម្ភ​ផ្នែក​បច្ចេក​ទេស​នេះ នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១២ ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ព័ត៌មាន​បន្ត​ថា ជំនួយ​បច្ចេកទេស​នេះ​សម្រាប់​គាំទ្រ​ដល់​ការ​ហ្វឹកហ្វឺន ការ​បង្ហាញ​អំពី​បច្ចេកទេស​ទំនើប​ក្នុង​ការ​ធ្វើ​ស្រែ​យ៉ាង​ណា​ដើម្បី​ឲ្យ​ទទួល​បាន​ផល​ច្រើន។ ហើយ​គេ​អនុវត្ត​នៅ​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ កំពង់ចាម កំពង់​ធំ និង​ខេត្ត​សៀមរាប៕