ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយគាំទ្រ ២.៥លានដុល្លារដល់ប្រទេសកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី៦ តុលា ឲ្យដឹងថា គម្រោងផ្ដល់ប្រាក់ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ នឹងគាំទ្រឃុំចំនួន ៥៤ ក្នុងស្រុកចំនួន ១៨ ឋិតនៅក្នុងខេត្តគោលដៅ ៦ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ កាលពីពេលថ្មីៗនេះ។ ខេត្តទាំង៦ នោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងព្រៃវែង។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងបន្ថែមថា សកម្មភាពនានា ដែលត្រូវអនុវត្តដោយប្រាក់ជំនួយនេះ មានការប៉ាន់ប្រមាណពីមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះ បង្កើតប្រព័ន្ធផ្ដល់ព័ត៌មានជាមុន និងផែនការឆ្លើយតប និងការស្ដារឡើងវិញក្រោយពេលមានស្ថានភាពអាសន្នរបស់សហគមន៍។ នៅថ្នាក់ភូមិមានសកម្មភាពបង្កើតប្រព័ន្ធផ្តល់ព័ត៌មានជាមុនតាមសហគមន៍ ការបង្កើតច្រកជម្លៀស និងតំបន់សុវត្ថិភាព យុទ្ធនាការអប់រំសហគមន៍ ការហាត់សមយុទ្ធដូចពេលមានគ្រោះមហន្តរាយកើតឡើង និងការបង្កើតក្រុមឆ្លើយតបចំពោះគ្រោះមហន្តរាយតាមភូមិ។
គម្រោងនេះ មានការចូលរួមបដិភាគប្រាក់ពីរដ្ឋាភិបាលចំនួនជាង ៤៤ម៉ឺនដុល្លារ នឹងអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ហើយគ្រោងបញ្ចប់សកម្មភាពនៅក្នុងត្រីមាសទី២ ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
