សមាគម​អាដហុក​សោក​ស្ដាយ​ចំពោះ​ការ​រំខាន​ដល់​ការងារ​របស់​ប៉ែន ប៊ុណ្ណារិ៍

សមាគម​អាដហុក​នៅ​ថ្ងៃ​អង្គារ ទី​១១ សីហា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ សម្ដែង​ការ​សោក​ស្តាយ​និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រំខាន​ដល់​ការងារ​របស់​លោក ប៉ែន ប៊ុណ្ណារិ៍ ប្រធាន​សមាគម​អាដហុក ដែល​ត្រូវ​តុលាការ​ខេត្ត​រតនគិរី បាន​កាត់​សេចក្តី​កាល​ពី​សប្តាហ៍​មុន ឲ្យ​លោក​ផ្លាស់​ការងារ​ចេញ​ពី​ខេត្ត ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ញុះញង់​អ្នក​ភូមិ​ជន​ជាតិ​ដើម ប្រឆាំង​នឹង​ក្រុមហ៊ុន ឌី.​អឹម. ហ្គ្រុប ក្នុង​រឿង​ទំនាស់​ដី​ធ្លី។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ បន្ត​ថា លោក ប៉ែន ប៊ុណ្ណារិ៍ គឺ​ជា​បុគ្គលិក​គំរូ​ម្នាក់ ដែល​សកម្ម​និង​មាន​ភាព​ក្លាហាន មាន​ការ​លះ​បង់​ខ្ពស់ ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​និង​ការពារ​ផល​ប្រយោជន៍​ជាតិ ក៏​ដូច​ជា​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ។

ក៏​ប៉ុន្តែ ដើម្បី​ប្រកាន់​យក​នូវ​ការ​ដោះស្រាយ​ដោយ​សន្តិ​វិធី​និង​គោល​ការណ៍​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល ដៃ​គូ​អភិវឌ្ឍន៍​សិទ្ធិ​មនុស្ស​និង​ច្បាប់​នោះ សមាគម​អាដហុក​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​លោក ប៉ែន ប៊ុណ្ណារិ៍ ពី​ខេត្ត​រនគិរី មក​ធ្វើ​ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ​វិញ៕