អ្នក​វិភាគ៖ ចំណង​ដៃ​ការ​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ក្រីក្រ

0:00 / 0:00

ការ​រៀប​អាពាហ៍ពិពាហ៍​កូន​ចៅប្រុស​ស្រី​គឺ​ជា​ប្រពៃណី​ខ្មែរ​តាំង​ពី​បរមបុរាណ​មក​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាម​តៗ​គ្នា​មក​ទល់​សព្វថ្ងៃ។ ក៏ប៉ុន្តែ​អ្នក​វិភាគ​សង្គម​អះអាង​ថា បច្ចុប្បន្ន​ប្រពៃណី​នេះ​ហាក់​ក្លាយ​ទៅ​ជា​បន្ទុក​មួយ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ជួនកាល​ហាក់​ក្លាយ​ជា​វប្បធម៌​មួយ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សង្គម​ទៅវិញ។

រៀងរាល់​រដូវ​ប្រាំង​ម្ដងៗ មិន​ថា​នៅ​ទី​ក្រុង ឬ​នៅ​ជនបទ គេ​តែងតែ​ឃើញ​មាន​ពិធី​បុណ្យ និង​ពិធី​អាពាហ៍ពិពាហ៍​ស្ទើរ​គ្រប់​ទីកន្លែង។

ដោយ​ឡែក​នៅ​តាម​ស្រុកស្រែ​វិញ ប្រជាពលរដ្ឋ​មិន​សូវ​រវល់​ការងារ​ស្រែចម្ការ​ដូច​រដូវ​វស្សា​ទេ។ ក៏​ប៉ុន្តែ ពួកគាត់​មមាញឹក​នឹង​បុណ្យ​ទាន ឬ​ចូល​រួម​ពិធី​មង្គល​ការ​ទៅវិញ។

អតីត​សាស្ត្រាចារ្យ​នៅ​ខេត្ត​កំពង់ស្ពឺ លោក ម៉ៅ ឈិន ធ្លាប់​មាន​បទពិសោធន៍​ជីវិត​ឆ្លង​កាត់​របប​នយោបាយ​ច្រើន​ជំនាន់ តាំង​ពី​ទសវត្សរ៍​៦០​មក បាន​ប្រៀបធៀប​អំពី​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​សម័យ​មុន​ខ្ពស់ តែ​ចំណង​ដៃ​ការ​ទាប ខុស​ពី​សម័យ​នេះ​ប្រាក់​ចំណូល​ទាប​តែ​ចំណង​ដៃ​ខ្ពស់។

លោក ម៉ៅ ឈិន៖ «អា​រឿង​ប្រពៃណី​ដែល​គេ​ហៅ​យើង​អត់​អី​ទេ អត់​បញ្ហា​ទេ តែ​បញ្ហា​ត្រង់​ថា ចំណូល ហើយ​ថវិកា​ដែល​ចេញ​ទៅ​វិញ​អត់​តុល្យភាព អត់​ដូច​សង្គម​ចាស់​ទេ ពី​សង្គម​ចាស់​វា​តុល្យភាព។ ឧទាហរណ៍​ថា ជីវភាព​អ្នក​ស្រុកស្រែ​យើង​ក្រោយ​ធ្វើ​ស្រែ​ហើយ​អ៊ីចឹង ខែ​ហ្នឹង​ឡើង​ត្នោត​ហើយ ឡើង​ត្នោត ឧទាហរណ៍​ពីរ​ថ្ងៃ​បាន​មួយ​ពាង មួយ​ពាង​យើង​លក់​បាន ៥០​រៀល យើង​ចងដៃ​គេ ១០​រៀល​ទេ​ណា។ អ៊ីចឹង​យើង​ចងដៃ​គេ​បាន​ប្រាំ​រោង ចុះ​យើង​ធៀប​មក​ឥឡូវ​វិញ? ឥឡូវ​យើង​ពីរ​ថ្ងៃ​បាន ២០​គីឡូ ពីរ​ថ្ងៃ​ដូច​គ្នា ស្ករ ២០ យើង​លក់​មួយ​គីឡូ ២.៥០០ (រៀល) ចុះ ២០​គីឡូ​បាន​ប៉ុន្មាន...»

ក្រៅ​តែ​ពី​ចំណងដៃ​ចេះតែ​ឡើង​ថ្លៃ​ខ្ពស់​បន្តបន្ទាប់ ចំនួន​ពិធី​មង្គលការ​និង​ពិធីបុណ្យ​ក៏​ចេះ​កាន់​តែ​មាន​ច្រើន​ឡើងៗ​ក្នុង​មួយ​ថ្ងៃៗ។

ចាស់ទុំ​នៅ​តាម​ជនបទ​ខ្លះ ដែល​ប្រកាន់​ខ្ពាប់​ប្រពៃណី​បាន​រំលឹក​ថា កាល​មុន​បើ​កាល​បើ​ឮ​សំឡេង​ភ្លេងការ​ឆ្លង​គ្នា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ហើយ ចាស់ៗ​មិន​ប្រារព្ធ​ពិធី​រៀបការ​កូនចៅ​ទេ ព្រោះ​មាន​ជំនឿ​ថា មិន​ល្អ។ ក៏​ប៉ុន្តែ​សម័យ​ឥឡូវ​គេ​មិន​សូវ​ប្រកាន់​ទេ គឺ​ពេលវេលា​និង​សេដ្ឋកិច្ច​សំខាន់​ជាង។ ជួន​កាល​នៅ​ភូមិ​តែ​មួយ​មាន​ពិធី​អាពាហ៍ពិពាហ៍​ផង និង​មាន​បុណ្យ​សព​ផង​នៅ​ក្នុង​ថ្ងៃ​តែ​មួយ។

ជាក់​ស្ដែង​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ពេល​ថ្មី"​នេះ នៅ​ដើម​ភូមិ​មាន​បុណ្យ​សព នៅ​ចុង​ភូមិ​មាន​ពិធី​រៀបការ​កូន​ចៅ ម្ល៉ោះ​ហើយ​សំឡេង​ភ្លេងការ លាយ​ឡំ​នឹង​សំឡេង​ស្មូត​បុណ្យ​ខ្មោច​ក៏​លាន់​ឮ​ឡើង​ដំណាល​គ្នា​តែ​ម្ដង។

អ្នកស្រី សាញ់ ផល អាយុ​ជាង ៥០​ឆ្នាំ នៅ​ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កំពុង​ចោមពុង​សារុង​ងូត​ទឹក​ពាង​កណ្ដាល​ថ្ងៃ​ក្ដៅ នៅ​សំយាប​ខ្ទម រៀបចំ​ខ្លួន​ទៅ​ការ​គេ​នៅ​ក្នុង​ភូមិ​ពេល​ថ្មីៗ​នេះ បាន​រៀប​រាប់​អំពី​ភាព​មមាញឹក​នៃ​ជីវិត​របស់​គាត់​ក្នុង​ការ​ចូល​រួម​ពិធី​នានា​នៅ​ក្នុង​សង្គម៖ «ថ្ងៃ​នេះ​ការ​មួយ​រោង បុណ្យ​មួយ​រោង។ ការ​តូច​បំផុត​ហើយ ១០​ដុល្លារ បើ​បុណ្យ​តូច​បំផុត​ហើយ ១​ម៉ឺន​រៀល មួយ​ថ្ងៃៗ ពីរ​បី​រោង​អ៊ីចឹង​ទៅ»

ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​តែង​ជ្រើស​រើស​ពេលា​ការ​កូនចៅ​នៅ​រដូវ​ប្រាំង ព្រោះ​ថា​រដូវ​នេះ​​ទោះបី​ជា​ក្ដៅ​មែន តែ​មិន​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​ពិធី​ការ​ដំណើរ​បាន​ល្អ ប្រកប​ដោយ​រីករាយ។ ដូច្នេះ​ហើយ​ទើប​នៅ រដូវ​នេះ​មាន​ពិធី​អាពាហ៍ពិពាហ៍​ច្រើន រហូត​ដល់​មាន​អ្នក​ខ្លះ​ទទួល​ធៀប​ការ​បី​បួន​រោង​ក្នុង​មួយថ្ងៃ​ក៏​មាន។

លោក ម៉ៅ ឈិន រអ៊ូ​ថា បើ​មួយ​ថ្ងៃៗ​ការ​ផង​បុណ្យ​ផង​ច្រើន​ម្លឹងៗ មិន​ដឹង​ថា ចោល​មួយ​ណា​ទៅ​មួយ​ណា​ទេ។ ម្យ៉ាង​ប្រាក់​ចំណូល​មិន​សូវ​មាន។

ការ​រៀប​អាពាហ៍ពិពាហ៍​ជា​កិត្តិយស​សម្រាប់​គ្រួសារ​ខ្មែរ ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​តែង​និយាយ​គ្រប់​មាត់​ថា ប្ដី​ប្រពន្ធ​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល​តាម​ប្រពៃណី​ទើប​មាន​តម្លៃ និង​សង្គម​ទទួល​ស្គាល់​ជា​ផ្លូវការ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​សង្គម​ឯករាជ្យ លោក កែម ឡី បញ្ជាក់​ថា ការ​ចំណាយ​លើ​ចំណង​ដៃ​អាពាហ៍ពិពាហ៍​ដែល​មាន​តម្លៃ​ខ្ពស់​ដូច​សព្វ​ថ្ងៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រហែល ៨០​ភាគរយ ក្នុង​នោះ​មាន​មន្ត្រី​រាជការ​ថ្នាក់​ក្រោម​ផង​ដែល​រក​ប្រាក់​ចំណូល​មិន​បាន​ដូច​មន្ត្រី​ថ្នាក់​លើ។

លោក កែម ឡី៖ «កាល​ពី​មុន​ឡើង​ផ្ទះ បង្កក់​កូន ឬ​ខួប​កំណើត​អី មិន​មែន​ចង​ដៃ​ទេ ប៉ុន្តែ​ឥឡូវ​ក្លាយ​ទៅ​ជា​ចង​ដៃ ស្រោម​សំបុត្រ ១០-២០​ដុល្លារ។ អ៊ីចឹង​ខ្ញុំ​គិត​ថា​វា​ធ្វើ​ឲ្យ​មាន​ការ​លំបាក ពិសេស​មន្ត្រី​រាជការ ទាហាន ប៉ូលិស ដែល​មាន​ប្រាក់​ខែ​ទាប ហើយ​ត្រូវ​ចូល​រួម​អាពាហ៍ពិពាហ៍ ទី​២ ប្រជាពលរដ្ឋ​ដែល​រក​ប្រាក់​ចំណូល​អត់​បាន ២.៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្នុង​ម្នាក់។ អ៊ីចឹង​ខ្ញុំ​គិត​ថា ស្ថានភាព​ក្រីក្រ​លំបាក​ដោយសារ​តែ​រឿង​ហ្នឹង​ដែរ ហ្នឹង​រឿង​ទី​១...»

លោក កែម ឡី បាន​បែងចែក​ពិធី​មង្គលការ​ជា​បី​ផ្នែក គឺ​នៅ​ជនបទ ទី​ប្រជុំជន និង​ទីក្រុង ចំណែក​ចំណង​ដៃ​ក៏​មាន​កម្រិត​បី​ផ្នែក​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ​លោក​បាន​រំលឹក​ថា ចំពោះ​អាពាហ៍ពិពាហ៍​អ្នក​មាន​អំណាច ឬ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ខ្លះ បែរ​ជា​បង្ក​ឲ្យ​ខូច​របៀប​រៀប​រយ​សង្គម​ទៅ​វិញ ខណៈ​អ្នកក្រ​តូច​ទាប​តាម​ស្រែ​ចម្ការ​ខំប្រឹង​គោរព​ប្រពៃណី​ជាតិ​បាន​ខ្ជាប់​ខ្ជួន។

លោក កែម ឡី៖ «បើ​គ្រោះថ្នាក់​សង្គម អា​ហ្នឹង​ជា​កាង​បង្កើត​វប្បធម៌​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​លើសលប់​ហួសហេតុ។ នៅ​ភ្នំពេញ ខ្ញុំ​ឃើញ បើ​អ្នក​ធំ បើ​អ្នក​មាន​ការ​កូន ឬ​បុណ្យ​អី​ហ្នឹង ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ ខូច​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ខាត​ពេល​វេលា ខាត​មុខ​របរ​របស់​គេ​ទៀត ខាត​ច្រើន​ណាស់។ មួយ​ទៀត​វា​ក្លាយ​ជា​ការ​ស៊ី​សំណូក​ពេញ​ទី​តែម្ដង។ បើ​យក​លុយ​ឲ្យ​គេ​មួយ​ម៉ឺន ពីរ​ម៉ឺន គេ​ថា​សូក ប៉ុន្តែ​បើ​ចង​ដៃ​ការ​គេ​ឡាន​មួយ ទូរទស្សន៍​ធំៗ​ពីរ​បី​គ្រឿង ឬ​ដាក់​ស្រោម​សំបុត្រ ១​ម៉ឺន ២​ម៉ឺន ១០​ម៉ឺន ២០​ម៉ឺន​ដុល្លារ​ចង​ដៃ​ការ ខួប​កំណើត បង្កក់​កូន​អី វា​ទៅ​ជា​ផ្លូវការ។ អ៊ីចឹង​បាន​ន័យ​ថា វា​ក្លាយ​ទៅ​ជា​ការ​ស៊ី​សំណូក​ពេញ​ទី​តែម្ដង»

តាម​ទំនៀម​ទម្លាប់ រដូវ​រៀប​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​ធ្វើ​នៅ​រដូវ​ប្រាំង ឬ​ក៏​ធ្វើ​ពេល​ណា​ក៏បាន លើក​លែង​តែ​ពេល​ចូល​វស្សា​បី​ខែ​និង​ថ្ងៃ​សីល។ ក៏ប៉ុន្តែ​ពេល​បច្ចុប្បន្ន​ប្រពៃណី​នេះ​បាន​ប្រែក្លាយ​ខ្លះ​ហើយ ព្រោះ​ថា​មាន​អ្នក​ខ្លះ​ការ​ក្នុង​រដូវ​វស្សា​ក៏​មាន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។