គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត

ថ្មីៗ​នេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ប្រចាំ​តំបន់​អាស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត និង​រាជ​រដ្ឋាភិបាល​កម្ពុជា ហ៊ាន​លាត​ត្រដាង​នូវ​ភាព​មិន​ប្រក្រតី​នានា ដែល​កើត​មាន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ កាលពី​ខែ​កក្កដា​កន្លង​មក​នេះ ដើម្បី​ជា​មេរៀន​និង​ដើម្បី​រក​ការ​ជៀសវាង មិន​ឲ្យ​ភាព​មិន​ប្រក្រតី​ដដែល​នេះ អាច​កើត​មាន​ឡើង​ទៀត​សម្រាប់​ពេល​អនាគត​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

សេចក្តី​អំពាវនាវ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី កាលពី​ម្សិលមិញ​បាន​ធ្វើ​ឡើង នៅ​ស្រប​ពេល​ដែល​មាន​គណបក្ស​នយោបាយ​ប្រឆាំង​២ ដែល​ទទួល​សំឡេង​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ជាង ១​លាន ៧​សែន​នាក់ បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ និង​រួមទាំង​បាន​ប្រកាស​ធ្វើ​ពហិកា​កិច្ច​ប្រជុំ​ដំបូង​របស់​សភា​ថ្មី​ទៀត​ផង។

សេចក្តី​អំពាវនាវ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី បាន​សរសេរ​ដក​ស្រង់​ការលើក​ឡើង​នានា​របស់​ក្រុម​អ្នក​នយោបាយ អ្នក​សង្កេត​ការណ៍​ឯករាជ្យ មន្ត្រី​សិទ្ធិ​មនុស្ស រួមទាំង​ប្រសាសន៍​របស់​តំណាង​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក យ៉ាស្ហ ហ្កាយ និង​ពី​ក្រុម​មន្ត្រី​ការទូត​ខ្លះ​ទៀត ដែល​និយាយ​អំពី​ភាព​មិន​ប្រក្រតី ដែល​កើត​ឡើង​ក្នុង​ដំណើរការ​បោះឆ្នោត​និង​ការចោទ​ប្រកាន់​អំពី​ភាព​លំអៀង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​សកម្មភាព​ទោ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី បាន​សរសេរ​ថា ការកែ​តម្រូវ​នូវ​គុណវិបត្តិ​និង​អំពើ​មិន​ប្រក្រតី​នានា គឺ​ជា​ការធានា​ថា ការបោះឆ្នោត​នា​ពេល​អនាគត នឹង​អាច​ទទួល​បាន​កម្រិត​ស្តង់ដារ​អន្តរជាតិ​នៃ​ដំណើរការ​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ៕