សេចក្តីអំពាវនាវរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី កាលពីម្សិលមិញបានធ្វើឡើង នៅស្របពេលដែលមានគណបក្សនយោបាយប្រឆាំង២ ដែលទទួលសំឡេងគាំទ្រពីអ្នកបោះឆ្នោតជាង ១លាន ៧សែននាក់ បានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះ និងរួមទាំងបានប្រកាសធ្វើពហិកាកិច្ចប្រជុំដំបូងរបស់សភាថ្មីទៀតផង។
សេចក្តីអំពាវនាវរបស់គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានសរសេរដកស្រង់ការលើកឡើងនានារបស់ក្រុមអ្នកនយោបាយ អ្នកសង្កេតការណ៍ឯករាជ្យ មន្ត្រីសិទ្ធិមនុស្ស រួមទាំងប្រសាសន៍របស់តំណាងពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក យ៉ាស្ហ ហ្កាយ និងពីក្រុមមន្ត្រីការទូតខ្លះទៀត ដែលនិយាយអំពីភាពមិនប្រក្រតី ដែលកើតឡើងក្នុងដំណើរការបោះឆ្នោតនិងការចោទប្រកាន់អំពីភាពលំអៀងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសកម្មភាពទោទៅរកគណបក្សប្រជាជនកម្ពុជា។
គណៈកម្មការសិទ្ធិមនុស្សអាស៊ី បានសរសេរថា ការកែតម្រូវនូវគុណវិបត្តិនិងអំពើមិនប្រក្រតីនានា គឺជាការធានាថា ការបោះឆ្នោតនាពេលអនាគត នឹងអាចទទួលបានកម្រិតស្តង់ដារអន្តរជាតិនៃដំណើរការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ៕
