ក្រុមវង់ភ្លេងតន្ត្រីសម័យអាមេរិក ដ៏ល្បីមួយឈ្មោះថា ឌឹ អាមីហ្គោស (The Amigos) ដែលមានមូលដ្ឋាននៅទីក្រុងញីវយ៉ក (New York) នឹងមកសម្ដែងនៅកម្ពុជា នៅខែមីនា ឆ្នាំ២០១៤ នារាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋអាចចូលរួមទស្សនាកម្មវិធីនេះដោយឥតគិតថ្លៃ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃទី៧ មីនា ឲ្យដឹងថា ក្រុមតន្ត្រី អាមីហ្គោស នឹងសម្ដែងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មីនា និងនៅខេត្តកំពង់ស្ពឺ ថ្ងៃទី១៥ មីនា នាស្ថានីយប្រេងមួយកន្លែងក្នុងខេត្តនេះ។
ការសម្ដែងសិល្បៈនេះគឺជាកម្មវិធីមួយនៃការសម្ដែងសិល្បៈក្រៅប្រទេសរបស់អាមេរិក ហៅថា ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្ដូរ និងចែករំលែកវប្បធម៌សិល្បៈសម្បូរណ៍បែបរបស់អាមេរិកទៅសកលលោក។ ការសម្ដែងនេះនឹងផ្ដល់ឱកាសដល់ទស្សនិកជនខ្មែរបានទាក់ទងសួរនាំផ្ទាល់អំពីសិល្បៈជាមួយសិល្បករអាមេរិក។
ស្របពេលនេះដែរ សិល្បកររបស់ក្រុមតន្ត្រី អាមីហ្គោស នឹងធ្វើបទបង្ហាញស្ដីអំពីសិល្បៈនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយសិល្បករខ្មែរដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
