បទ​វិភាគ៖ តើ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មាន​សារសំខាន់​យ៉ាង​ណា?

ដោយ ជុន ច័ន្ទបុត្រ
2014.08.27
ហ៊ុន សែន ៦១០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Chin Chetha

យុវជន​កម្ពុជា ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ ក្នុង​មួយ​ជីវិត​មក​ទល់​នឹង​ពេល​នេះ បាន​ស្គាល់​មេ​ដឹក​នាំ​ប្រទេស​របស់​ខ្លួន​តែ​ម្នាក់​គត់ នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែល​មាន​វ័យ ៦៤​ឆ្នាំ កាន់​តំណែង​ផុត​កំពូល​នេះ​បាន​ជាង ២៨​ឆ្នាំ​ហើយ។

លោក​ក៏​តែង​មាន​ប្រសាសន៍​ថា លោក​នឹង​កាន់​តំណែង​នេះ​បន្ត​ទៅ​ទៀត រហូត​ដល់​លោក​មាន​អាយុ ៧៥​ឆ្នាំ ប្រសិន​បើ​ប្រជាជន​នៅ​តែ​បោះ​ឆ្នោត​ជូន​លោក។ ក៏ប៉ុន្តែ ខុស​ពី​អ្វី​ដែល លោក ហ៊ុន សែន ប៉ង ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន រួម​និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ផង បែរ​ជា​នាំ​គ្នា​ពិភាក្សា​ធ្វើ​ចលនា​អោយ​មាន​ច្បាប់​កំណត់​អោយ​នាយក​រដ្ឋមន្ត្រី កាន់​អំណាច​ត្រឹម​តែ​ពីរ​អាណត្តិ​ទៅ​វិញ។

តើ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​មាន​សារសំខាន់​យ៉ាង​ណា បាន​ជា​អ្នក​ដែល​មិន​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ខំ​នាំ​គ្នា​គិតគូរ​ម្ល៉េះ?

គ្រាន់​តែ​បាន​ទទួល​តំណែង​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ជា​ផ្លូវ​ការ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង លោក កឹម សុខា ប្រាប់​គេ​ប្រាប់​ឯង​ថា លោក​នឹង​លើក​រឿង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ទៅ​និយាយ​ជាមួយ លោក ហ៊ុន សែន។

តាម​ពិត​ទៅ មុន​នឹង​ចេញ​មក​ជួប​នឹង​អ្នក​កាសែត​នៅ​ក្រៅ​វិមាន​រដ្ឋសភា លោក កឹម សុខា បាន​ជួប​រឿង​គួរ​អោយ​សើច​មិន​សូវ​សម​មួយ​នៅ​ខាង​ក្នុង​សភា គឺ​អ្នក​ដែល​អង្គុយ​កៅអី​សម្រាប់​តំណែង​អនុប្រធាន​ទី​មួយ មិន​ព្រម​លែង​កៅអី​នោះ​អោយ​លោក​ងាយៗ​បាន​ឡើយ ទោះ​បី​ជា​អង្គ​សភា​បាន​បោះ​ឆ្នោត​ប្រគល់​តំណែង​អនុប្រធាន​សភា​ទី​មួយ​នោះ អោយ​លោក​ហើយ​ក៏ដោយ​ចុះ។ រហូត​ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​សមាជិក​សភា​ធម្មតា​ចេញ​មុខ​អន្តរាគមន៍ ទើប​អ្នក​ចាស់​បង្ខំ​ចិត្ត​ងើប​ចេញ ហើយ​ប្រគល់​កៅអី​នោះ​ទៅ លោក កឹម សុខា។ សេចក្តី​រាយការណ៍​ព័ត៌មាន​ដទៃ​ទៀត ក៏​អោយ​ដឹង​ដែរ​ថា សូម្បី​តែ​បន្ទប់​ធ្វើ​ការ​សម្រាប់​តំណែង​អនុប្រធាន​សភា​ទី​មួយ ក៏​អ្នក​ចាស់​នៅ​តែ​តោង​ស្អិត មិន​ប្រគល់​អោយ លោក កឹម សុខា ដែរ។

ប្រហែល​ជា​មក​ពី​មាន​ការ​ក្រាញ​ននៀល​មិន​ព្រម​ចុះ​ចេញ​ពី​កៅអី​តំណែង កៅអី​អំណាច​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ​ជំរុញ​អោយ​មាន​ការ​ស្នើ​ប្ដូរ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។

ការ​កាន់​អំណាច​តែ​ម្នាក់​ឯង​រាប់​សិប​ឆ្នាំ អាច​ជា​ឧបសគ្គ​រារាំង​ដ៏​ធំ​មួយ មិន​អោយ​មាន​អ្នក​ចេះ​ដឹង​ដទៃ​ទៀត មាន​ឱកាស​ក្នុង​ការ​ចូលរួម​ផ្តល់​អ្វី​ដែល​ថ្មី ដែល​ជឿន​លឿន​ជាង ក្នុង​ការ​ដឹក​នាំ​កសាង​ជាតិ​នោះ​ដែរ។ ក្រៅ​ពី​នេះ ការ​កាន់​អំណាច​តែ​ម្នាក់​ឯង​យូរ អាច​ផ្តល់​ឱកាស​អោយ​អ្នក​កាន់​អំណាច​បញ្ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស​តាម​ផ្លូវ​ដដែលៗ តាម​របៀប​ដដែលៗ ទន្ទឹម​គ្នា​នឹង​ខំ​រក​វិធី​លាក់​បាំង​នូវ​ការ​ដឹក​នាំ និង​ចំណាត់​ការ​នានា​របស់​ខ្លួន ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​ហិនហោច​ទៅ​វិញ​នោះ។

ជាច្រើន​ឆ្នាំ​ច្រើន​អាណត្តិ​ណាស់​មក​ហើយ ដែល​អ្នក​ដឹក​នាំ​កម្ពុជា ប្រកាស​គ្មាន​ក្រែង​ថា ខ្លួន​ចេះ​ជាង​គេ មាន​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​គេ​ក្នុង​ការ​ដឹក​នាំ​ប្រទេស និង​ក្នុង​ការ​រំលាយ​គូ​ប្រកួត ជាដើម។ ប៉ុន្តែ អ្នក​ដែល​ប្រឆាំង​នឹង​លោក តែង​ចោទ​ថា លោក​ហាក់​ដូច​ជា​មិន​មាន​វិធី​អ្វី​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ ក្រៅ​តែ​រក​ស៊ី​កាប់​ព្រៃ​លក់ ជួល​បេតិកភណ្ឌ​ជា​ទី​សក្ការៈ​របស់​ជាតិ​អោយ​ឈ្មួញ​រក​ស៊ី និង​បណ្ដេញ​អ្នក​ស្រុក​ទាំង​បង្ខំ​ពី​ដី​ស្រែ​ចម្ការ យក​ដី​នោះ​ទៅ​ជួល​អោយ​ក្រុមហ៊ុន​បរទេស ជាដើម។ ទោះ​ជា​មនុស្ស​ពេញ​ប្រទេស រួម​ទាំង​សហគមន៍​អន្តរជាតិ​ផង នាំ​គ្នា​ស្រែក​តវ៉ា ដោយ​បញ្ចេញ​នូវ​របាយការណ៍​អង្កេត​មាន​ភស្តុតាង​ត្រឹមត្រូវ​យ៉ាង​ណា​ក៏ដោយ ក៏​អ្នក​ដឹក​នាំ​នៅ​តែ​ប្រកែក​មិន​ទទួល​យក​ការ​ពិត។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជេរ​ប្រទេច​អ្នក​ដែល​ចង្អុល​បង្ហាញ​ពី​សកម្មភាព​ខុស​ឆ្គង​នោះ​ទៀត​ផង។

ប្រហែល​ជា​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​ហើយ​មើល​ទៅ បាន​ជា​ប្រមុខ​ដឹក​នាំ​តែង​ខំ​ធ្វើ​អោយ​គគ្រឹកគគ្រេង​ខ្លាំង​ណាស់ ចំពោះ​ការងារ​សាមញ្ញ​ធម្មតា ហើយ​គួរ​តែ​ដោះស្រាយ​ប៉ុន្មាន​អាណត្តិ​មក​ហើយ មាន​ដូច​ជា ការ​សង់​ស្ពាន​អាកាស​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​មួយ​ដែល​កក​ស្ទះ និង​សង់​ផ្សារ​ទំនើប​លក់​ទំនិញ​នាំ​ចូល​ពី​បរទេស ជាដើម។ នៅ​ប្រទេស​ដទៃ ការងារ​សង់ និង​សម្ពោធ​ស្ពាន ឬ​ផ្សារ ជាដើម គឺ​ជា​ភារកិច្ច​របស់​អ្នក​ជំនាញ​នៅ​តាម​សាលា​សង្កាត់ សាលា​ក្រុង​តែ​ប៉ុណ្ណោះ។

ដូច​នេះ ប្រសិន​បើ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី វា​អាច​ផ្តល់​ឱកាស​អោយ​មាន​ការ​ដឹក​នាំ​ថ្មី ដែល​អាច​មាន​គំនិត​ថ្មី មិន​រំពឹង​តែ​ទៅ​លើ​ការ​លក់ ឬ​ជួល​កេរ​ដំណែល​ប្រវត្តិសាស្ត្រ​ជាតិ លក់​ទឹក​លក់​ដី លក់​ព្រៃ​ព្រឹក្សា​នោះ​ទេ។

ការ​កាន់​អំណាច​យូរ ក៏​ផ្តល់​ឱកាស​អោយ​អ្នក​កាន់​អំណាច កសាង​នូវ​យន្តការ​ការពារ​អំណាច​របស់​ខ្លួន​អោយ​បាន​រឹងមាំ ដែល​កម្រ​នឹង​មាន​វិធី​ធ្វើ​អោយ​ងាយ​ចុះ​ចេញ​ពី​តំណែង​បាន​ឡើយ។ យន្តការ​ការពារ​អំណាច​របស់​ខ្លួន​អោយ​នៅ​យូរ​អង្វែង​នោះ មាន​ដូច​ជា ការ​ដាក់​ស្ថាប័ន​ទទួល​បន្ទុក​ការ​បោះ​ឆ្នោត​អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ខ្លួន ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ក្តោប​ក្តាប់​កង​កម្លាំង​ប្រដាប់​អាវុធ ជាដើម។ សូម្បី​តែ​ព្រះមហាក្សត្រ ក៏​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ជួយ​ជ្រោមជ្រែង​អោយ​ឡើង​សោយរាជ្យ​ដែរ។ ធ្វើ​ម៉េច​បើ​លោក​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​យូរ​ជាង លោក​ត្រូវ​មាន​ភារៈ​ជា​អ្នក​ជ្រើស​រើស​ស្ទើរ​គ្រប់​ស្ថាប័ន​អ៊ីចឹង​ហើយ។ ដល់​អ៊ីចឹង​ទៅ អ្នក​ដែល​ត្រូវ​លោក​ជ្រើស​រើស​នោះ តែង​តែ​ស្តាប់​បង្គាប់​លោក។ ទី​បំផុត អំណាច​រត់​ទៅ​ប្រមូល​ផ្តុំ​តែ​ទៅ​លើ​បុគ្គល​ម្នាក់។ មន្ត្រី​ដែល​នៅ​ជុំវិញ​លោក ដែល​ភាគ​ច្រើន​សុទ្ធ​តែ​លោក​ប្រោស​ប្រទាន​ផ្តល់​អំណាច​អោយ នាំ​គ្នា​គោរព​បូជា​លោក ចាត់​ទុក​លោក​ជា​ទី​សក្ការៈ។ ពួក​គេ​មិន​ត្រឹម​តែ​អោន​លំទោន​នៅ​ចំពោះ​មុខ​លោក​ទេ សូម្បី​តែ​ការ​សរសេរ​លិខិត​ស្នាម​នានា អោយ​តែ​ប៉ះ​ចំ​ឈ្មោះ ឬ​គោរមងារ​របស់​លោក ក៏​គេ​ត្រូវ​ប្ដូរ​ពុម្ព​អក្សរ​អោយ​ធំ​ជាង ច្បាស់​ជាង ប្រណិត​ជាង​អក្សរ​ដទៃ​ទៀត​ក្នុង​លិខិត​ទាំង​មូល​នោះ​ដែរ។

យូរៗ​ទៅ ក្រុម​មន្ត្រី​នៅ​ក្រោម​ឱវាទ​លោក​ស្ទើរ​ទាំងអស់ ហាក់​ដូច​ជា​នាំ​គ្នា​ធ្វើ​ការ​ដើម្បី​តែ​បង្ហាញ​សកម្មភាព​របស់​ខ្លួន​ទៅ លោក ហ៊ុន សែន អោយ លោក ហ៊ុន សែន បាន​ឃើញ ជាង​មាន​ទិសដៅ​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ និង​ប្រជាជន។ មាន​មន្ត្រី​មិន​តិច​ទេ​ដែល​ពេល​ចុះ​ធ្វើ​សកម្មភាព​ផ្សេងៗ តែង​ជួល​អ្នក​កាសែត​អោយ​ចុះ​ផ្សាយ​ពី​សកម្មភាព​របស់​ខ្លួន ប្រសិន​បើ​មេ​ធំ​ចេញ​ទៅ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស គេ​អោយ​លុយ​អ្នក​កាសែត​ថែម​ទៀត ដើម្បី​អោយ​ផ្អាប់​រឿង​នោះ​ទុក​សិន កុំ​ទាន់​ចេញ​ផ្សាយ ចាំ​សម្ដេច​មក​វិញ​សិន​ចាំ​ផ្សាយ ដើម្បី​អោយ​សម្ដេច​បាន​ឃើញ។

បន្ថែម​លើ​នេះ អ្នក​កាន់​អំណាច ជាពិសេស​អ្នក​កាន់​អំណាច​កាន់​តែ​យូរ កាន់​តែ​មាន​ប្រៀប​ច្រើន​ជាង​អ្នក​ដែល​មិន​កាន់​អំណាច ក្នុង​ការ​អួត​អាង​ពី​សមិទ្ធផល​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ធ្វើ ទោះ​តិច ឬ​ច្រើន​ក្តី។ ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ម្តងៗ ក្រុម​អ្នក​កាន់​អំណាច​តែ​ឆក់​ឱកាស​នោះ​វាយ​បក​ទៅ​អ្នក​ដែល​មិន​មាន​ឱកាស​បាន​កាន់​អំណាច។ ពាក្យ​ដែល​ក្រុម​អ្នក​កាន់​អំណាច និង​អ្នក​គាំទ្រ តែង​តែ​លើក​ឡើង​នោះ គឺ​ថា មើល​ចុះ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​អ្វី​ខ្លះ ក្រៅ​តែ​ពី​ស្រែក​បន្ទច់​បង្អាក់​ដំណើរ​អភិវឌ្ឍ ជាដើម។

ឥទ្ធិពល​នៃ​ទឹក​ប្រាក់​របស់​អ្នក​ដែល​រក​ស៊ី​កាក់​កប​ជាមួយ​នឹង​អ្នក​កាន់​អំណាច​ដុះ​ស្នឹម ក៏​ជួយ​បង្កើត​ប្រព័ន្ធ​របាំង​ការពារ​មួយ មិន​អោយ​បេក្ខជន​នយោបាយ​ដទៃ ហក់​ចូល​ក្នុង​សង្វៀន​ដឹក​នាំ​ប្រទេស​បាន​ដោយ​ងាយៗ​នោះ​ឡើយ។ នៅ​កម្ពុជា បច្ចុប្បន្ន គេ​កម្រ​ឃើញ​មាន​ថៅកែ​រក​ស៊ី​ធំៗ​ណា ដែល​មិន​មាន​តំណែង​ណា​មួយ​ក្នុង​រចនាសម្ព័ន្ធ​អំណាច​រដ្ឋាភិបាល​ទេ។ បើ​មិន​មាន​តួនាទី​ជា​សមាជិក​សភា ឬ​ព្រឹទ្ធសភា​ទេ ក៏​មាន​តំណែង​ជា​ទីប្រឹក្សា​សម្ដេច​នេះ ឬ​ឯកឧត្តម​នោះ​ដែរ។ ពួក​គាត់​រក​ស៊ី​មាន​បាន ដោយសារ​គាត់​មាន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​យូរ​អង្វែង ចាក់ស្រេះ​ជាមួយ​ក្រុម​មេ​ដឹក​នាំ។ ដូច្នេះ ពួក​គាត់​ក៏​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ជួយ​ទំនុក​បម្រុង​អោយ​អ្នក​កាន់​អំណាច​នោះ នៅ​ក្រាញ​ក្នុង​អំណាច​ជា​បន្ត​ទៅ​ទៀត​ដែរ។

បើ​ពួក​គាត់​ត្រូវ​ចំណាយ​លុយ​សាងសង់​សំណង់​អ្វី​ដែល​អាច​កេង​ចំណេញ​នយោបាយ​បាន ពួក​គាត់​មិន​ខ្លាច​ហុច​ប្រាក់​ទាំង​ខ្ទាស់ៗ ជូន​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ចំពោះ​មុខ​ម៉ាស៊ីន​ថតរូប ថត​ទូរទស្សន៍ នោះ​ទេ។ មើល​ទៅ ពួក​គេ​ហាក់​ដូច​ជា​មាន​ទឹក​ចិត្ត​ជ្រះ​ថ្លា​ណាស់។

ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​សន្តិសុខ​ស៊ី​ឈ្នួល​ដែល​បាន​វាយ​បំបែក​ក្រុម​បាតុករ វាយ​អ្នក​កាសែត ពេល​ដែល​ក្រុម​នេះ​បាន​ភ្លក់​រសជាតិ​ដំបង​របស់​បាតុករ​ម្តង​វិញ ថៅកែ​រក​ស៊ី​ជួញ​ដី​ធំៗ​នៅ​ស្រុក​ខ្មែរ នាំ​គ្នា​តម្រង់​ជួរ​ខ្ចប់​លុយ​ទៅ​ជួយ​ដល់​ពេទ្យ ប្រកប​ដោយ​ទឹក​មុខ​សោកសង្រេង ដូច​ចេញ​ពី​បាត​បេះដូង​ពិតៗ។ គេ​ធ្វើ​យ៉ាង​ណា​អោយ​តែ​គេ​បាន​អែបអប​នឹង​មេ​ដឹក​នាំ ដែល​បាន​ផ្តល់​ឱកាស និង​ជួយ​ទំនុក​បម្រុង​អោយ​គេ​រក​ស៊ី​មាន​បាន​តាំង​ពី​ពេល​ចាប់​កវែកកឆ្នាំង​ដំបូង​មក​ម្ល៉េះ។

ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ក៏​ប្រហែល​ជា​អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​មួយ​ចំណែក​ធំ។ បើ​ក្រុម​អ្នក​ដឹក​នាំ​កាន់​តំណែង​ក្នុង​រយៈពេល​ជា​កំណត់​មួយ ពួក​គាត់​ក៏​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ឥត​ព្រំដែន ក្នុង​ការ​បង្កើត​បណ្ដាញ​បក្ខពួក​និយម គ្រួសារ​និយម​ពេញ​ស្ថាប័ន​រដ្ឋ ដែល​បង្ក​អោយ​មាន​អំពើ​ពុក​រលួយ និង​ក្នុង​ការ​ឆក់​ឱកាស​ក្នុង​ការ​កេង​ចំណេញ​ពី​តួនាទី​របស់​ខ្លួន​ដែរ។

ជាង​នេះ​ទៅ​ទៀត ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ក៏​ប្រហែល​ជា​អាច​បញ្ចៀស​បាន​នូវ​ជំងឺ​លង់​ខ្លួន។ ការ​អង្គុយ​ស្រួល​យូរ​ពេក​នៅ​ក្នុង​ការិយាល័យ​ទំនើប មាន​ព្រំ​ស្រស់​ស្អាត មាន​អ្នក​បម្រើ មាន​អ្នក​ជំនួយ​ការ ទីប្រឹក្សា​អាម៉ីអាថោង​ឆ្វេង​ស្តាំ​ចាំ​តែ​លើក​ជើង​ច្រើន​ពេក​ទៅ អាច​ធ្វើ​អោយ​ពួក​គាត់​ភ្លេច​នឹក​គិត​ដល់​ជីវិត​សាមញ្ញ​ធម្មតា​របស់​ប្រជាពលរដ្ឋ​ទូទៅ ដែល​គាត់​មាន​ភារៈ​បម្រើ និង​ដោះស្រាយ​ជូន។ មាន​ពេល​ខ្លះ ក្រុម​អាម៉ីអាថោង​ប្រហែល​ជា​មិន​ចង់​រំពល់​ទុក​មេ​របស់​ខ្លួន ក៏​លាក់​បាំង​បញ្ហា​មួយ​ចំនួន​មិន​អោយ​មេ​ដឹង ហើយ​ពេល​នោះ ទោះ​ជា​អ្នក​ដឹក​នាំ​នោះ​ប្រកប​ដោយ​គតិ​បណ្ឌិត​ឈ្លាស​វៃ​យ៉ាង​ណា ក៏​ទី​បំផុត​ចេញ​មុខ​សារភាព​ថា ខ្លួន​មិន​បាន​ដឹង​រឿង​អី​សោះ។

ម្យ៉ាង​ទៀត ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​អាច​ជួយ​អោយ​ក្រុម​អ្នក​កាន់​អំណាច យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ការងារ​បម្រើ​ជាតិ​បាន​ពេញ​ដៃ​ពេញ​ជើង ជាង​ការ​មិន​កំណត់​ដែរ ជាពិសេស នៅ​ក្នុង​អាណត្តិ​ចុង​ក្រោយ។ ដោយ​មេ​ដឹក​នាំ និង​ក្រុម​បក្ខ​របស់​ខ្លួន​ដឹង​ច្បាស់​ថា នឹង​លែង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​អោយ​គេ​បោះ​ឆ្នោត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​នោះ គាត់​អាច​លែង​ខ្វល់​ពី​ការ​ខិតខំ​រិះរក​យុទ្ធសាស្ត្រ​រក​សំឡេង​ឈ្នះ​ឆ្នោត សម្រាប់​អាណត្តិ​ក្រោយ​ទៀត​ហើយ ហើយ​ពេល​នោះ ពួក​គាត់​អាច​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង ទៅ​នឹង​ការ​កសាង​ជាតិ​ពិតៗ និង​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ពេល​អស់​អំណាច​ទៅ​នោះ​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ដែល​នៅ​ក្រាញ​នឹង​អំណាច តែង​លើក​ហេតុផល​ផ្សេង​ពី​ការ​នៅ​បន្ត​កាន់​អំណាច​គ្មាន​ព្រំដែន​របស់​ខ្លួន​នោះ។ គេ​តែង​លើក​ឡើង​ថា មិន​មែន​មក​ពី​ការ​ស្រឡាញ់​អំណាច ហើយ​ក្រាញ​ននៀល​នឹង​អំណាច​នោះ​ទេ តែ​មក​ពី​ថា​ខ្លួន​ជា​អ្នក​ចេះ​ជាង​គេ​ក្នុង​កាច់​ចង្កូត​ដឹក​នាំ​បាន​ល្អ ព្រោះ​ខ្លួន​ស្គាល់​កន្លុកកន្លៀត​សព្វគ្រប់​រាប់​សិប​ឆ្នាំ​ហើយ គ្មាន​នរណា​ចេះ​ជាង​ខ្លួន​នោះ​ទៀត​ទេ។ នេះ​ប្រហែល​ជា​គ្រាន់​តែ​ជា​ពាក្យ​ដោះសា​ការពារ​អំណាច ដែល​ផ្ទុយ​ស្រលះ​ពី​ពាក្យ​ចាស់​ខ្មែរ​ពី​បរមបូរាណ ដែល​ប្រដៅ​ថា «ចេះ​ឯង​អោយ​ក្រែង​ចេះ​គេ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។