បទ​វិភាគ៖ តើ​បក្ស​ប្រជាជន​មាន​ការ​វិវឌ្ឍន៍​និង​ប្រែ​ធាតុ​បែប​ណា​ក្រោយ​កាន់​អំណាច​ជិត​៤០​ឆ្នាំ?

ដោយ ជុន ច័ន្ទបុត្រ
2016-01-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​របប​ខ្មែរ​ក្រហម ប្រារព្ធ​នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
ពិធី​ខួប​ថ្ងៃ​៧ មករា លើក​ទី​៣៧ នៃ​ថ្ងៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​របប​ខ្មែរ​ក្រហម ប្រារព្ធ​នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

គិត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦ នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ៣៧​ឆ្នាំ​គត់​ហើយ។ ថ្វីត្បិតតែ​មាន​ដើម​កំណើត​ពី​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​បង្កើត​ឡើង​ដោយ លោក ហូ ជីមិញ នៅ​ឆ្នាំ​១៩៣០ គណបក្ស​នេះ​បាន​បំបែក​ខ្លួន​ចេញ​ដោយឡែក​វិញ​នៅ​ឆ្នាំ​១៩៥១ ហើយ​បាន​យក​ឈ្មោះ​ថា “គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ”។ នា​ដំណាក់​កាល​នោះ គោលដៅ​ចម្បង​របស់​គណបក្ស គឺ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​និយម​បរទេស ហើយ​មាន​មនោគមវិជ្ជា​នយោបាយ​ផ្អែក​លើ​ទ្រឹស្ដី​កុម្មុយនីស្ត​របស់ កាល់ ម៉ាក្ស។

គណបក្ស​នេះ បាន​ផ្លាស់ប្ដូរ​សារធាតុ និង​ឈ្មោះ​ជា​ញឹកញយ​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានការណ៍​ក្នុង​ប្រទេស និង​ចរន្ត​នយោបាយ​អន្តរជាតិ។ ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​គេ​ហៅ​មក​ទល់​សព្វថ្ងៃ​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ជា​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៩១ ក្នុង​រយៈកាល​នៃ​ការ​បង្រួបបង្រួម​ជាតិ និង​ការ​បោះ​ឆ្នោត​ជា​សាកល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។

ប្រសិន​បើ លោក កាល់ ម៉ាក្ស បាន​រស់​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ ហើយ​បាន​ឃើញ​ការ​វិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ថា គណបក្ស​ដែល​ពី​ដំបូង​ឡើយ​បង្កើត​ឡើង​ដោយ​យក​ទ្រឹស្ដី​កុម្មុយនីស្ត​របស់​លោក​ជា​មូលដ្ឋាន​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​គណបក្ស​មួយ​ដែល​ចាត់​ទុក​ផែនការ​អភិវឌ្ឍន៍​ភាគ​ច្រើន ជា​មុខ​របរ​ស្វែងរក​ប្រាក់​ដាក់​ហោប៉ៅ​បុគ្គល ក្រុម បក្ស ឬ​ក៏​ដើម្បី​បាន​ផល​ចំណេញ​របស់​គណបក្ស​ជា​ធំ និង​រក​ចំណូល​បាន​ពី​ការ​កាប់​ព្រៃ​ឈើ​ពី​ការ​ចម្រាញ់​ផល​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ខូចខាត​បរិស្ថាន និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​បឹង ស្ទឹង ទន្លេ បែប​នេះ​ណាស់។

អ្វី​ដែល​លោក​អាច​ពិបាក​ស្មាន​ដល់​ទៀត​នោះ គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស បាន​ប្រែ​ក្លាយ​ពី​ក្រុម​សមមិត្ត​សមមិត្ត​នារី ទៅ​ជា​ក្រុម​សម្ដេច ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា មហា​សេដ្ឋី ប្រាសចាក​ទាំង​ស្រុង​ទៅ​នឹង​ទ្រឹស្ដី​កុម្មុយនីស្ត ដែល​ជួរ​អ្នក​ដឹក​នាំ​បក្ស ជា​កម្មករ កសិករ វណ្ណៈ​អធន​នោះ។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ៦២០
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ ចង្អុល​បង្ហាញ​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​របង នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Den Ayuthyea RFA/Den Ayuthyea

តាម​ពិត លទ្ធិកុម្មុយនីស្ដ​មាន​ទិសដៅ​បំបាត់​ចោល​នូវ​វណ្ណៈ​អភិជន ដែល​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ដើម្បី​ដក​ហូត​យក​ទ្រព្យ​សម្បត្តិ​ដីធ្លី ដែល​ពួក​គេ​កាន់​កាប់​ត​ពូជ​ទាំង​នោះ យក​ទៅ​បែង​ចែក​ដល់​ជន​ក្រីក្រ​ឲ្យ​បាន​ទទួល​ភាគ​ផល​ស្មើៗ​គ្នា​នៅ​ក្នុង​សង្គម។ ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ថ្វី​តែ​អ្នក​ខ្លះ​ក៏​មាន​អតីត​ភាព​ជា​កសិករ​កម្មករ​ក្រក្រី ដូច​ទ្រឹស្ដី​កុម្មុយនីស្ត​បាន​ចែង​មែន តែ​បន្ទាប់​ពី​បាន​កាន់​អំណាច​ជិត​កន្លះ​សតវត្ស​មក​នេះ ឥទ្ធិពល​នៃ​អំណាច បូក​នឹង​ទឹក​លុយ បាន​ប្រែ​ក្លាយ​ពួក​គាត់​ឲ្យ​ទៅ​ជា​មហា​សេដ្ឋី​តែ​រៀងៗ​ខ្លួន ទៅ​ណា​មក​ណា​មាន​អង្គរក្ស​មាន​ខ្ញុំ​បម្រើ​ហែហម​ឆ្វេង​ស្តាំ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​កាស​ហូរហៀរ មាន​ដីធ្លី​នៅ​មិន​អស់ ហើយ​ព័ទ្ធ​របង​ទុក​រាប់​សិប ឬ​ខ្លះ​ដល់​រាប់​រយ​ហិកតារ ខណៈ​ដែល​កសិករ​មួយ​ចំនួន​ធំ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​ចង់​គ្រប់ និង​រក​ដី​មួយ​ដុំ​ធ្វើ​ស្រែ​មិន​ចង់​បាន​នោះ។ ពួក​គាត់​មាន​ភូមិគ្រឹះ​សម្រាប់​រស់នៅ​ក្នុង​ក្រុង ក្រៅ​ក្រុង រហូត​ភូមិគ្រឹះ​សម្រាប់​ទៅ​កម្សាន្ត​ម្តងម្កាល​នៅ​មាត់​សមុទ្រ​ទៀត​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​ទាំង​បង្ខំ រក​តែ​ដំបូល​ជ្រក​មួយ​មិន​ចង់​បាន​នោះ។ ទីបំផុត​ទៅ ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ជាង​ពួក​ក្រុម​វណ្ណៈ​អភិជន ដែល​ពួក​គាត់​ចង់​រំលាយ​ចោល​ពី​ដំបូង​នោះ​ទៅ​វិញ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ប្រភព​ចេញ​ពី​គណបក្ស​កុម្មុយនីស្ត ដើម្បី​ជួយ​លើក​ស្ទួយ​កម្មករ​កសិករ​ក្រក្រី​នោះ ក៏​ក្លាយ​ទៅ​ជា​គណបក្ស​របស់​អ្នក​មាន​មួយ​ក្រុម ដែល​ភាគ​ច្រើន​ជាប់​សាច់​សាលោហិត ឬ​ក៏​ជាប់​សាច់​ឈាម​ជា​ដន្លង​ដង​ស្នែង​នឹង​គ្នា​ទៀត​ផង។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) រក​ឃើញ​ថា នៅ​កម្ពុជា ក្រុម​អ្នក​មាន​ប្រមាណ ២០​ភាគរយ កំពុង​ក្តោប​ក្តាប់​ជាង​ពាក់​កណ្ដាល​នៃ​ធនធាន​សរុប​ក្នុង​ប្រទេស​ទាំង​មូល។

ថ្វីត្បិតតែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​បោះបង់​ចោល​គំរូ​លទ្ធិកុម្មុយនីស្ដ​របស់ លោក កាល់ ម៉ាក្ស ហើយ​ថា​ដឹក​នាំ​ប្រទេស​ដោយ​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​នយោបាយ​ដែល​មិន​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អ្នក​វិភាគ និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា នៅ​តែ​ចាត់​ទុក​ថា គណបក្ស​នេះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​បែប​កុម្មុយនីស្ត ហើយ​បាន​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ។

មក​ដល់​ត្រង់​នេះ យើង​នឹង​សិក្សា​មើល​ថា តើ​របប​បែប​ណា​ដែល​អាច​ចាត់​ទុក​ថា​ជា​របប​ផ្តាច់​ការ​នោះ។ អ្នក​ស្រាវជ្រាវ និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ បាន​ប្រៀបធៀប​យ៉ាង​សាមញ្ញ​ថា របប​ផ្តាច់​ការ គឺ​ជា​របប​ណា​ដែល​មិន​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ចុះ​តើ​របប​បែប​ណា ដែល​អាច​ចាត់​ទុក​ថា ជា​របប​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ? លោក សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ គ្រីស្តូហ្វ ស្តែហ្វី (Christoph Stefes) នៃ​សាកលវិទ្យាល័យ កូឡូរ៉ាដូ (The University of Colorado) នៃ​សហរដ្ឋ​អាមេរិក ពន្យល់​យ៉ាង​ងាយ​ថា ប្រជាធិបតេយ្យ គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្តល់​លទ្ធភាព​ជា​ចំហ​ឲ្យ​មនុស្ស​ទូទៅ អាច​ប្រកួត​ប្រជែង​ឡើង​កាន់​អំណាច​បាន​តាម​ការ​ជ្រើសរើស​ដោយ​សេរី និង​យុត្តិធម៌។

លោក​បញ្ជាក់​ថា រីឯ​នៅ​ក្នុង​របប​ផ្តាច់​ការ​វិញ គេ​ប្រើប្រាស់​វិធី​បី​យ៉ាង​ជា​សំខាន់​ក្នុង​ការ​ដណ្ដើម និង​គ្រប់គ្រង​អំណាច។ នោះ គឺ​វិធី​សម្លុត វិធី​ទិញ និង​វិធី​ច្បាប់។ លោក​សាស្ត្រាចារ្យ គ្រីស្តូហ្វ ស្តែហ្វី ពន្យល់​ថា ជួន​កាល​មេ​ដឹក​នាំ​ផ្តាច់​ការ​ប្រើ​វិធី​សម្លុត​គំរាម​ជា​ចំហ​តែ​ម្តង តាម​ការ​វាយ​កម្ទេច​បាញ់​ប្រហារ​ក្រុម​បាតុករ ដែល​ហ៊ាន​ងើប​បះបោរ។ លោក​បន្ត​ថា ក៏ប៉ុន្តែ​ជួន​កាល មេ​ដឹក​នាំ​កាន់​អំណាច​ផ្តាច់​ការ គេ​ក៏​ប្រើ​វិធី​ទន់ភ្លន់​មិន​សម្លុត​គំរាម​ដោយ​ប្រើ​កម្លាំង​អាវុធ​ទេ តែ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ក្រុម​ប្រឆាំង ឬ​អ្នក​កាសែត​ណា​ដែល​ហ៊ាន​សរសេរ​រិះគន់​រដ្ឋាភិបាល។

ចំពោះ​វិធី​ទិញ​វិញ លោក​ថា មេ​ដឹក​នាំ​ផ្តាច់​ការ​ទាក់ទាញ​ឲ្យ​មាន​ការ​គាំទ្រ​ខ្លួន​ដោយ​ទិញ​នឹង​លុយ​ត្រង់​តែ​ម្តង ឬ​ក៏​តាម​រយៈ​ការ​ផ្តល់​ឱកាស និង​មុខ​តំណែង។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់​ទៀត​នៃ​សាកលវិទ្យាល័យ បើគ័រលី នៃ​ក្រុង​ឡូសអង់ហ្សឺឡេស (UCLA) នៃ​សហរដ្ឋ​អាមេរិក អ្នកស្រី បាបារ៉ា ហ្គីឌី (Barbara Geddes) នៅ​ក្នុង​បទ​បង្ហាញ​របស់​អ្នកស្រី​មួយ​ក្រោម​ចំណង​ជើង​ថា “ហេតុ​អ្វី​បាន​ជា​មាន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​របប​ផ្តាច់​ការ?” ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា នៅ​ក្នុង​របប​ផ្តាច់​ការ គេ​ប្រើប្រាស់​គណបក្ស​ជា​ឧបករណ៍​មួយ ដើម្បី​ពង្រីក​បណ្ដាញ​ផ្សព្វផ្សាយ​មនោគមវិជ្ជា​របស់​គណបក្ស តាម​រយៈ​ការ​ផ្តល់​ផល​ប្រយោជន៍​ដើម្បី​ទិញ​ទឹក​ចិត្ត ទាក់ទាញ​ការ​គាំទ្រ​ក្នុង​ចំណោម​មហា​ជន។

អ្នក​ភូមិ​ឡពាង ៦២០
អ្នក​ភូមិ​ឡពាង​ប្រមាណ ៣០នាក់ នាំ​គ្នា​រែក​ចាន​ឆ្នាំង មុង​ភួយ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មក​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០១៤។ RFA/Chin Chetha RFA/Chin Chetha

អ្នក​ដែល​សកម្ម​បម្រើ ហើយ​ស្មោះ​ស្ម័គ្រ​ប្ដូរ​ផ្តាច់​ជាមួយ​បក្ស និង​មេ​គណបក្ស ត្រូវ​បាន​គេ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដូចជា ទទួល​លាភ​សក្ការៈ និង​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​បាន​ទទួល​ប្រាក់​ខែ​រដ្ឋ ជាដើម។ ពួក​គាត់​ជាទូទៅ ទទួល​បាន​នូវ​ឱកាស​ច្រើន​ជាង​អ្នក​ដទៃ​ក្នុង​ការ​ធ្វើ​ជំនួញ ឬ​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ជាដើម។ អ្នកស្រី​បន្ត​ថា គឺ​ដោយ​ពួក​គេ​បាន​ផល​ប្រយោជន៍​ពី​គណបក្ស​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​រក្សា​ឲ្យ​គណបក្ស​បាន​បន្ត​កាន់​អំណាច និង​ជួយ​ការពារ​មេ​គណបក្ស ជា​ការ​តប​ស្នង​សង​គុណ​ដល់​គណបក្ស និង​មេ​គណបក្ស ដែល​ពួក​គេ​ជំពាក់​គុណ​ទៅ​លើ ក្នុង​ការ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាន​ទទួល​បុណ្យ​ស័ក្ដិ លាភ​សក្ការៈ​ទាំង​នោះ។

ចំពោះ​កា​ប្រើ​វិធី​ច្បាប់​វិញ លោក​សាស្ត្រាចារ្យ​លើក​ឡើង​ថា មេ​ដឹក​នាំ​របប​ផ្តាច់​ការ​ត្រូវ​ការ​ភាព​ស្រប​ច្បាប់ ជាង​មេ​ដឹក​នាំ​របប​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ត្បិត​មេ​ដឹក​នាំ​ប្រជាធិបតេយ្យ​ភាគ​ច្រើន ឡើង​កាន់​អំណាច​តាម​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ រីឯ​មេ​ដឹក​នាំ​ផ្តាច់​ការ​វិញ ឡើង​កាន់​អំណាច​តាម​កម្លាំង​បាយ ឬ​បើ​ឡើង​តាម​ការ​បោះ​ឆ្នោត​វិញ ក៏​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​កេង​បន្លំ ឬ​ទិញ​សន្លឹក​ឆ្នោត ជាដើម។ លោក​បាន​លើក​ឡើង​ថា នៅ​មាន​ទម្រង់​ដទៃ​ទៀត​ដែល​មេ​ដឹក​នាំ​របប​ផ្តាច់​ការ​និយម​យក​ទៅ​ប្រើ ដើម្បី​ដណ្ដើម​ភាព​ស្រប​ច្បាប់​ដែរ ដូចជា បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ណា​មួយ​ក្នុង​សង្គម រួច​រដ្ឋាភិបាល​ចេញ​មុខ​បង្ក្រាប ឬ​ក៏​ប្រើ​សន្លឹក​បៀ​ជាតិ​និយម មាន​ការ​លើក​យក​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​មក​ដោះស្រាយ ដើម្បី​កេង​ចំណេញ​នយោបាយ និង​ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ជាដើម។

គឺ​នៅ​ក្នុង​គោល​បំណង​ស្វែងរក​ភាព​ស្រប​ច្បាប់ និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នេះ​ដែរ លោក​សាស្ត្រាចារ្យ​សរសេរ​ថា មេ​ដឹក​នាំ​ផ្តាច់​ការ តែង​លើក​យក​ការ​រីក​ចម្រើន​ក្រោម​ការ​ដឹក​នាំ​នៃ​របប​ខ្លួន មក​ឃោសនា​ម្តង​ហើយ​ម្តង​ទៀត ទោះ​បី​ជា​មិន​មាន​ការ​រីក​ចម្រើន​ពិត​ប្រាកដ ឬ​ក៏​ការ​រីក​ចម្រើន​ទាំង​នោះ មិន​បាន​មក​ពី​គោល​នយោបាយ​ដឹក​នាំ​របស់​ខ្លួន​ក៏ដោយ។

របាយការណ៍​ធនាគារ​ពិភពលោក អំពី​ភាព​ក្រីក្រ​នៅ​កម្ពុជា បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០១១ មាន​ចំនួន ២០,៥% គឺ​ថយ​ចុះ​ពី ៥៣% នៅ​ឆ្នាំ​២០០៤។ ដោយ​ផ្អែក​ទៅ​តួលេខ​នេះ រដ្ឋាភិបាល​បាន​លើក​ឡើង​ពី​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​បញ្ញា​ញាណ​ដ៏​ឈ្លាសវៃ ដែល​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជាង​ពាក់​កណ្ដាល​ក្នុង​រយៈពេល ៧​ឆ្នាំ។ ចំពោះ​អ្នក​សេដ្ឋកិច្ច​វិញ ពួក​គេ​នៅ​តែ​ចាត់​ទុក​ថា ស្ថានភាព​ក្រីក្រ​នៅ​តែ​ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា។ ថ្វីត្បិតតែ​អត្រា​នៃ​ភាព​ក្រីក្រ​ចុះ​ថយ​មែន តែ​ចំនួន​អ្នក​ក្បែរ​ក្រ គឺ​មាន​ន័យ​ថា អ្នក​ដែល​នៅ​លើ​បន្ទាត់​ក្រីក្រ​តែ​បន្តិច មាន​ចំនួន​ដល់​ទៅ ៨,១​លាន​នាក់។ បើ​បូក​បញ្ចូល​ទាំង​អ្នក​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ២០,៥% ដែល​ស្មើ​នឹង ៦,៩​លាន​នាក់ យើង​នឹង​ឃើញ​ថា អ្នក​ក្រ និង​អ្នក​ជិត​ក្រ​នៅ​កម្ពុជា មាន​ចំនួន ១៥​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​ពលរដ្ឋ​សរុប​ចំនួន ១៥,៦​លាន​នាក់។

គឺ​ដោយ​មាន​អ្នក​ក្រ និង​អ្នក​ជិត​ក្រ​ស្ទើរ​តែ​មួយ​ប្រទេស អ្នក​ដែល​ត្រូវ​គេ​រឹប​អូស​យក​ដី​ផ្ទះ​សម្បែង​ស្ទើរ​នៅ​គ្រប់​ខេត្ត-ខណ្ឌ អ្នក​ដែល​រងគ្រោះ​នូវ​អំពើ​អយុត្តិធម៌​សង្គម​រាប់​មិន​អស់​នេះ​ហើយ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ងើប​បះបោរ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​កន្លែង ទៅ​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​អស់​រយៈពេល ៣៧​ឆ្នាំ​កន្លង​មក​នេះ។

ស្ថានភាព​នៃ​ការ​ងើប​តស៊ូ​ប្រឆាំង​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ អាច​ជួយ​ឲ្យ លោក កាល់ ម៉ាក្ស មិន​សូវ​ភ្ញាក់​ផ្អើល​ពេក ប្រសិន​បើ​លោក​បាន​ឃើញ​ស្ថានការណ៍​នៅ​កម្ពុជា ផ្ទាល់​ភ្នែក​លោក ត្បិត​វា​ស៊ី​គ្នា​ទៅ​នឹង​ទ្រឹស្ដី​កុម្មុយនីស្ត ដែល​ចែង​ថា “ទី​ណា​មាន​ការ​ជិះ​ជាន់ ទី​នោះ​មាន​ការ​រើ​បម្រះ”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ទំពាំង អ្នកវិភាគសាក្រោយ

ការពិតCPP
ធ្លាក់ការគាំទ្រ និងធ្លាក់ចំនួនអាសនៈក្នុងសភា យ៉ាងច្រើនកាលពីការបោះឆ្នោតឆ្នាំ ២០១៣ មិនបានធ្វើឲ្យគណបក្សប្រជាជនកម្ភុជាស្វែងយល់ថាបណ្ដាលមកពីអ្វីនោះឡើយ។ "ជុំនាញការនយោបាយ" ខ្សឹបឲ្យលោកហ៊ុន សែនថាត្រូវស្ដារស្ថានភាពដោយតាមរំលាយគណបក្សប្រជែងឲ្យខាងតែបាន។ "ជុំនាញការនយោបាយ" ថាត្រូវតែបំបែក រំលាយ សម រង្ស៊ី កឹម សុខា គណបក្សសង្គ្រោះជាតិទាំងមូលឲ្យរលាយមុនការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសភា ឆ្នាំ២០១៨។
ការធ្លាក់ចុះការគាំទ្រពីបណ្ដាពលរដ្ឋកម្ពុជាបណ្ដាលមកពី អំពើអយុត្តិធម៍ អំំពើរំលោភសឹទ្ធិ អំពើបំពារបំពានពលរដ្ខក្រីក្រ ទន់ខ្សោយ ហើយហនិងអំពើពុករលួយជាប្រព័ន្ធ។ "ពួកជុំនាញការនយោបាយ" ដែលទទួលបានលាភសក្ការៈ លុយកាក់ សម្បត្តិទ្រភ្យ អំណាចញាក់ភ្នែកឲ្យចោទប្រកាន់ ឲ្យបញ្ជូនទៅតុលាការ ឲ្យបញ្ជូនទៅ ACU រួចចាប់ដាក់គុកដោយ "បទល្មើសប្រឌឹត" លង់ក្នុងអបាយភូមិដ៍ឃោឃៅសម្លាប់ជាតិខ្មែរ តាមការជាប់កិច្ចសន្យាជាមួយបរទេស។ "ពួកជុំនាញការនយោបាយ" ប្រឹង និងបានជោគជ័យក្នុងការជម្រុញ លោកហ៊ុន សែន ឲ្យកាន់តែសាហាវ និងអមនុស្សធម៍កាន់តែខ្លាំងទៅ ឲ្យលោកហ៊ុន សែនគឹតតែមួយមុខគឺតោងអំណាចរហូតអត់ពីលោកហ៊ុន សែន។
នេះជារូបភាពទី១ បង្ហាញថាលោកហ៊ុន សែនជាមនុស្សអន់ទន់ខ្សោយខាងបញ្ញាស្មារតី ឲ្យ"ពួគជុំនាញការនយោបាយ" ញាក់ទៅណាបានតាមចិត្ត។

នៅក្នុងគណបក្សប្រជាជនទាំងមូល ការស្ថាបនារចនាសម្ព័ន្ធ និងដំណើរការប្រតិបត្តិរបស់គណបក្សដែលរារាំងមិនឲ្យមាន គំនិតថ្មីជ្រាបចូលទៅដល់ស្រទាប់ថ្នាក់ដឹកនាំគណបក្សបាននោះ គឺជាការដាក់បណ្ដាសារខ្លួនឯងថាគណបក្សប្រជាជនកម្ពុជា នឺងវិវឌ្ឍទៅកាន់សេចក្ដីវិនាសមិនខាន។
រចនាសម្ព័ន្ធគណបក្សប្រជាជនកម្ពុជា បង្កើតឲ្យមានភាពអសកម្មការងារបំរើសាធារណជន ហើយបង្កើតឲ្យមានបរិយាកាស ចាប់គ្នាទៅវិញទៅមកធ្វើជាចំណាប់ខ្មាំងរវាង "ថ្នាក់កណ្ដាល" និង"ថ្នាក់មូលដ្ឋាន"។
រចនាសម្ព័ន្ធនិងលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា បង្កើតឲ្យមានភាពអសកម្មការងារបំរើសាធារណជន ហើយបង្កើតឲ្យមានបរិយាកាសចាប់គ្នាទៅវិញទៅមកធ្វើជាចំណាប់ខ្មាំងរវាង "ថ្នាក់កណ្ដាល" និង"ថ្នាក់មូលដ្ឋាន"។

ថ្នាក់កណ្ដាលចាប់ថ្នាក់មូលដ្ឋានជាចំណាប់ខ្មាំង៖
ភាពឈ្លាសវៃរបស់អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា បានរៀបចំបង្កើតគណបក្សមួយដែលមានរចនាសម្ភ័ន្ធនិងលក្ខន្តិកៈ ដែលមានតែថ្នាក់កណ្ដាលមួយគត់ប៉ុណ្ណោះដែលមាន”សឹទ្ធិអំណាចគឹត” ។ ថ្នាក់មូលដ្ឋានរាប់ពីខេត្ត ទៅថ្នាក់ឃុំ សង្កាត់ ទៅភូមិ ចាំតែអនុវត្តទៅតាមការណែនាំរបស់ថ្នាក់កណ្ដាលប៉ុណ្ណោះ។ ទោះបីអភិបាលខេត្ត ដែលជាមេបក្សនៅថ្នាក់ខេត្ត ក៍អត់មានសឹទ្ធិអំណាចធ្វើអ្វី ខុសពីការណែនាំថ្នាក់កណ្ដាលដែរ។ បើយល់ឃើញថាធ្វើសកម្មភាពល្អបំរើផលប្រយោជន៍ សាធារណណាមួយ ក៍មិនហ៊ានអនុវត្តដែរ ពីព្រោះថ្នាក់កណ្ដាលមិនបានណែនាំ។ ប្រធានបក្សគឺលោកហ៊ុន សែន មិនអនុញ្ញាត ឲ្យអ្នកផ្សេងណាមួយ “ចេះជាងលោក” ឬធ្វើឲ្យសាធារណជនយល់ឃើញថាមានអ្នកផ្សេងណាមួយចេះជាងលោកឡើយ។ ការវិវឌ្ឍធនធានមនុស្ស ការរីកចំរើនចំណេះដឹងក្នុងបណ្ដាមន្ត្រីរដ្ឋបាលថ្មីៗ ក្មេងៗបង្កើតជាហានិភ័យចំពោះលោកហ៊ុន សែន។អំណាចគណបក្សប្រជាជនកម្ពុជាអាចរស់បាន គឺមានតែថ្នាក់កណ្ដាលចាប់ថ្នាក់មូលដ្ឋានជាចំណាប់ខ្មាំង គឺថ្នាក់មូលដ្ឋានត្រូវចំណុះចុះចូលថ្នាក់កណ្ដាល ជាបណ្ដូរនិងបុណ្យស័ក្ដិប្រាក់កាស អសកម្មក្នុងការងារបំរើសាធារណជន និងនិទណ្ឌភាព គ្រប់យ៉ាង។

ថ្នាក់មូលដ្ឋានចាប់ថ្នាក់កណ្ដាលជាចំណាប់ខ្មាំង ៖
ថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនពីខេត្តចុះដល់ភូមិ បានមើលឃើញនូវការរង្គរឿងរបស់ថ្នាក់កណ្ដាលតាមការប្រព្រឹត្ត អំពើពុករលួយជាប្រព័ន្ធ យកលុយពុករលួយទៅសូកប៉ាន់ ឬបោះឲ្យមន្ត្រីរាជការឲ្យធ្វើបាបរាស្ត្រ ដណ្ដើមដីរាស្ដ្រ។ ភាពចែកផលប្រយោជន៍ បានមកដោយសារលួចជាតិ មិនបានស្របាក់ស្របាលគ្នា បានធ្វើឲ្យមន្ត្រីមូលដ្ឋានអសកម្ម អត់មនសិការ អត់ឆន្ទៈបំរើការងារបំរើបក្ស ហើយទាល់តែថ្នាក់កណ្ដាលបោះលុយទៅទើបសកម្មមួយភ្លែតទៅ។
មានពាក្យថា “បើចង់ឲ្យគណបក្សឈ្នះឆ្នោត ចុះមូលដ្ឋានធ្វើខ្លួនឯងទៅ!!!”។ ដូច្នេះហើយទើបបានឃើញថា មុនសម័យបោះឆ្នោត ២ ឬ ៣ឆ្នាំ មន្ត្រីរាជការតាមក្រសួងត្រូវ បានបង្គាប់ដោយមេចង្កោមបក្សរៀងៗខ្លួនឲ្យ”ចុះមូលដ្ឋាន ពង្រឹងបក្ស”។

សេដ្ឋកិច្ចមូលដ្ឋានមានចលនាលើសពីរិញៗធម្មតានៅពេលមានថ្នាក់កណ្ដាលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែល”កាន់ខេត្ត” ចុះទៅខេត្តម្ដងៗ។
អសកម្មភាពដោយចេតនា របស់មន្ត្រីរាជការគណបក្ស ប្រជាជននៅមូលដ្ឋានពីថ្នាក់ខេត្តដល់ថ្នាក់ភូមិ បូករួមជាមួយនិងអំពើមិនគប្បីទៅលើប្រជាពលរដ្ឋ គឺជារូបភាព “ថ្នាក់មូលដ្ឋាន ចាប់ថ្នាក់កណ្ដាលជាចំណាប់ខ្មាំង” ។

May 30, 2016 12:59 PM

អ្នក​អាន​អនាមិក

This is good news for us thank rfa

May 10, 2016 01:46 PM

អ្នក​អាន​អនាមិក

អត្ថបទល្អ តែអត់ខ្វល់សម្រាប់ពួកបំផ្លាញសង្គម សំខាន់ដេកលើគំនរមាសប្រាស់។

Mar 23, 2016 01:12 AM

អ្នក​អាន​អនាមិក

បានបំរើយ៉ាងសស្រាក់សស្រាំ ហូរញើសបែកឈាម យ៉ាងរលូន ឲ្យក្ទប៕

Jan 11, 2016 05:36 AM

អ្នក​អាន​អនាមិក

៣៧ស្នាំ កាំជាកើនអីវីុ (កោះពេជ្រល?) វៀតណាមសំណេញអី?

Jan 10, 2016 08:43 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល