សេចក្តីស្នើច្បាប់ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន» ដែលស្នើឡើងដោយក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានដាក់ជូនរដ្ឋសភាពិនិត្យជាលើកដំបូងក្នុងឆ្នាំ២០១០ និងលើកទីពីរក្នុងឆ្នាំ២០១២។ ប៉ុន្តែ រដ្ឋសភាបានបដិសេធសេចក្តីស្នើច្បាប់នេះម្តងហើយម្តងទៀត ដោយហេតុផលមួយចំនួន ដូចជាថាមិនមានខ្លឹមសារគ្រប់គ្រាន់ មានន័យផ្ទុយពីរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តិដទៃទៀត និងមិនចាំបាច់ជាដើម។
តើកម្ពុជាអាចនឹងមានច្បាប់សិទ្ធិទទួលបានព័ត៌មានឬទេ?
ផ្អែកលើកត្តាមួយចំនួនក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ សបញ្ជាក់ថា ពលរដ្ឋកម្ពុជា អាចនឹងត្រូវរង់ចាំច្បាប់នេះយូរតទៅទៀត។
តាមពិតទៅ រាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំជាមួយក្រុមម្ចាស់ជំនួយធំៗទាំង ៨ប្រទេស ដែលហៅថា ក្រុមប្រទេសជី៨ (G8 = The Eight Consultative Groups) កាលពីខែមីនា ឆ្នាំ២០០៦ បានសន្យាថានឹងបង្កើតក្របខ័ណ្ឌគោលនយោបាយស្ដីពីសិទ្ធិទទួលបានព័ត៌មាន (Freedom of Information = FOI) អោយបានច្បាស់លាស់នៅខែធ្នូ ឆ្នាំ២០០៦។ រហូតដល់ខែសីហា ឆ្នាំ២០០៧ ទើបរដ្ឋាភិបាលចាប់ផ្ដើមធ្វើសេចក្តីព្រាងក្របខ័ណ្ឌនោះ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានព័ត៌មានផ្លូវការបញ្ជាក់ថា រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងបង្កើតក្របខ័ណ្ឌគោលនយោបាយនេះនៅឡើយទេ។
នៅចុងខែធ្នូ ឆ្នាំ២០១០ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី បានដាក់សេចក្តីស្នើច្បាប់នេះជាលើកដំបូងជូនរដ្ឋសភាពិនិត្យពិភាក្សា។ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន២០ រួមទាំងអង្គការ អាធីខល ណាញធីន (Article 19) ដែលធ្វើការងារទាក់ទងនឹងច្បាប់សិទ្ធិទទួលបានព័ត៌មាន បានពិនិត្យវិភាគសេចក្តីស្នើច្បាប់នេះនៅខែកញ្ញា ឆ្នាំ២០១១។ ក្រុមការងារនេះ បានវាយតម្លៃថា សេចក្តីស្នើច្បាប់នេះមានគ្រប់មាត្រាចម្បងៗ និងចាំបាច់នៃច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលក្នុងនោះរួមមាន ការបង្កើតស្នងការព័ត៌មានឯករាជ្យមួយ ហើយនិងសាលាជម្រះក្តីផ្នែកព័ត៌មាន ដែលមានសិទ្ធិត្រួតពិនិត្យស៊ើបអង្កេតការអនុវត្តច្បាប់នេះជាដើម។
ក្រុមសកម្មជនអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីស្នើច្បាប់នេះ ហើយបានទទូចអោយរដ្ឋាភិបាល និងសភាជាតិពិនិត្យអនុម័តអោយបានឆាប់រហ័ស។ ប៉ុន្តែ នៅខែធ្នូ ឆ្នាំ២០១១ រដ្ឋសភាបានបដិសេធសេចក្តីស្នើច្បាប់នេះ ដោយហេតុផលថាពុំមានខ្លឹមសារគ្រប់គ្រាន់។
នៅខែមីនា ឆ្នាំ២០១២ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី បានដាក់សេចក្តីស្នើច្បាប់នេះជូនរដ្ឋសភាម្តងទៀត ដោយភ្ជាប់ទៅជាមួយនូវអនុសាសន៍ និងការវិភាគវាយតម្លៃរបស់ក្រុមការងារស្ដីពី សិទ្ធិទទួលព័ត៌មាននេះ។ ប៉ុន្តែ រដ្ឋសភាបានបដិសេធច្បាប់នេះជាថ្មីម្តងទៀត។
នៅក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងគណៈកម្មការជំនាញ ៨ផ្សេងទៀតបានអោយហេតុផលថា សេចក្តីស្នើច្បាប់នេះផ្ទុយទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តិដទៃទៀត ដែលពុំចាំបាច់ត្រូវលើកយកទៅពិភាក្សាក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភានោះទេ។
ម៉្យាងវិញទៀត ទោះបីជាមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីថ្លែងថា ការបង្កើតច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាននេះ ស្របនឹងឆន្ទៈរបស់រដ្ឋាភិបាលក្តី ប៉ុន្តែបញ្ជាក់ថា រដ្ឋាភិបាលកំពុងរៀបចំតាក់តែងច្បាប់ស្ដីពីការថែរក្សាភាពឯកជនជាមុនសិន ដើម្បីកំណត់អោយច្បាស់ថា តើអ្វីជាភាពឯកជនជាសាធារណៈ ឬជារបស់រដ្ឋនោះ?
កត្តាទាំងអស់នេះបង្ហាញថា រយៈពេល ៧ឆ្នាំទៅហើយ ហាក់ដូចជាពុំឃើញមានសញ្ញាណាមួយដែលបង្ហាញពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាល និងសមាជិកសភានៃគណបក្សកាន់អំណាច ក្នុងការជួយជំរុញល្បឿននៃការតាក់តែងចងក្រងច្បាប់នេះអោយចេញជារូបរាងឡើយ ក្រៅតែពីបដិសេធពុំទទួលយកពិនិត្យពិភាក្សា និងថាពុំមានខ្លឹមសារត្រឹមត្រូវ គ្រប់គ្រាន់ និងមិនចាំបាច់។
ប៉ុន្តែទន្ទឹមគ្នានេះ រដ្ឋាភិបាល និងរដ្ឋសភា បានអនុម័តច្បាប់ជាច្រើនក្នុងអំឡុងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ដូចជាការកែប្រែច្បាប់បង្កើតរដ្ឋាភិបាល ពីសំឡេង ២ភាគ៣ ក្នុងសភា មកជា ៥០បូក១ វិញ ហើយនិងច្បាប់ឯកពន្ធនភាពជាដើម ដោយប្រើពេលខ្លីបំផុត និងពុំមានការកែប្រែអ្វីឡើយ។ ថ្មីៗនេះទៀត សភាបានប្រកាសបើកសម័យប្រជុំវិសាមញ្ញភ្លាមៗ កាលពីថ្ងៃទី៧ ខែមិថុនា ហើយបានអនុម័តច្បាប់ស្ដីពី ការប្រឆាំង និងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺស៊ីពេលតែ ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសស្នើច្បាប់នេះដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ ចំពោះច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននៅតែស្ងាត់ដំណឹងសូន្យឈឹង តាំងពីឆ្នាំ២០១០ មកនោះ។
របាយការណ៍ស្រាវជ្រាវរបស់អង្គការជាតិ និងអន្តរជាតិនានា ក្នុងរយៈពេល ២០ឆ្នាំមកនេះ ប្រទេសកម្ពុជា នៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមិនសេរី ហើយការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មានការដើរថយក្រោយ។ ទន្ទឹមគ្នានោះ កម្ពុជា ពុំមានតម្លាភាពក្នុងការចំណាយថវិកាជាតិ និងមានអំពើពុករលួយខ្ពស់ និងទ្រង់ទ្រាយធំ ដូចជាក្នុងវិស័យវិនិយោគទុននានា និងសម្បទានដីសេដ្ឋកិច្ចជាដើម ដែលបានធ្វើអោយកម្ពុជា បាត់បង់ចំណូលថវិកាជាតិជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ។
អង្គការសង្គមស៊ីវិល ហើយនិងប្រទេសម្ចាស់ជំនួយដែលអោយសារៈសំខាន់ និងភាពចាំបាច់នៃច្បាប់នេះ ថានឹងជួយប្រទេសកម្ពុជា អោយរីកចម្រើនចាកផុតពីភាពក្រីក្រ។
ក្រៅពីកត្តាឆន្ទៈនយោបាយ បរិយាកាសក្នុងតំបន់ ក៏អាចជាផ្នែកមួយដែលបណ្ដាលអោយដំណើរការអនុម័តច្បាប់នេះមានភាពយឺតយ៉ាវ ស៊ីពេល ៧ឆ្នាំទៅហើយ នៅមិនទាន់អាចចេញរួចនៅឡើយ។
បើពិនិត្យមើលក្នុងចំណោមសមាជិកអាស៊ានទាំង ១០ប្រទេសវិញ គឺមានតែប្រទេសពីរប៉ុណ្ណោះដែលមានច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន គឺប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ហើយក៏មិនទាន់មានភាពសុក្រឹត និងទូលំទូលាយនៅឡើយទេ។ រីឯប្រទេសម៉ាឡេស៊ី មិនទាន់មានច្បាប់នេះនៅថ្នាក់ជាតិនៅឡើយ គឺមានតែនៅក្នុងរដ្ឋមួយចំនួនប៉ុណ្ណោះ។ ចំពោះប្រទេសហ្វីលីពីន និងសិង្ហបុរី វិញ សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំងទាល់ច្រករហូតមកដល់ឆ្នាំ២០១៣ នេះដែរ។
ប៉ុន្តែ សួរថា តើនៅកម្ពុជា ច្បាប់នេះនឹងជាប់គាំងរហូតទៅឬ? ចម្លើយគឺថា អ្វីៗនៅលើលោកនេះតែងតែមានការប្រែប្រួលផ្លាស់ប្ដូរ គ្មានអ្វីដែលនៅស្ថិតស្ថេររហូតនោះទេ។ ដូច្នេះ រដ្ឋាភិបាលអាចនឹងប្ដូរជំហរ និងឆន្ទៈនយោបាយ ដោយជំរុញឱ្យសភាអនុម័តច្បាប់នេះភ្លាមៗ ប្រសិនបើស្ថានការណ៍ក្នុងតំបន់អាស៊ានប្រែប្រួល ដោយប្រទេសជាសមាជិកកាន់តែច្រើនឡើងអនុម័តច្បាប់នេះ ជាពិសេសនៅពេលណាដែលច្បាប់នេះផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច។
លទ្ធភាពច្រកចេញមួយទៀត គឺការដាក់សម្ពាធពីសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងស្ថាប័នផ្តល់ជំនួយ និងកម្ចីដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។ ឧទាហរណ៍ ដូចជាករណីជម្លោះដីធ្លីនៅតំបន់បឹងកក់ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញប្រកាសកាត់ដីមួយចំណែកចេញពីគម្រោងអភិវឌ្ឍន៍ ដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនស៊ូកាគូ អោយទៅអ្នកភូមិបឹងកក់ បន្ទាប់ពីធនាគារពិភពលោក បានប្រកាសថា នឹងផ្អាកផ្តល់ប្រាក់ជំនួយទាំងស្រុងដល់រាល់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា បើរដ្ឋាភិបាលមិនបញ្ឈប់ការបណ្ដេញអ្នកភូមិ និងមិនដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ ទេនោះ។
ប៉ុន្តែទាក់ទងនឹងករណីច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ អង្គការ និងស្ថាប័នទាំងអស់នេះហាក់ដូចជាមិនបានជំរុញ ឬដាក់សម្ពាធខ្លាំងក្លាតឹងតែងទៅលើរដ្ឋាភិបាល ដូចជាករណីសហគមន៍បឹងកក់ នៅឡើយទេ រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
