សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការកំពុងចាត់វិធានការទៅមុខតាមកាលកំណត់របស់ខ្លួន ដោយមិនរាថយឡើយ ទោះបីជាលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កំពុងមានអភ័យឯកសិទ្ធិក៏ដោយ។
ការអនុវត្តច្បាប់នៅពេលនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា គឺទោរទន់ទៅតាមទំនោរនយោបាយ ដែលគេបង្កើតឡើងដើម្បីបំបាក់ប្រជាប្រិយភាពដៃគូប្រកួតនៅមុនពេលបោះឆ្នោតបានមកដល់។
តើការប្រើប្រាស់តុលាការដើម្បីចាត់ការសំណុំរឿងពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាលោក កឹម សុខា នេះ អាចនឹងឈានដល់ការចាប់ខ្លួនដែរឬទេ? ហើយបើចាប់ខ្លួនលោក កឹម សុខា នឹងមានអ្វីកើតឡើង?
ការវិវឌ្ឍន៍នយោបាយពីសភាពធម្មតាទៅប្រេះឆាគ្នានៅក្នុងរង្វង់អ្នកនយោបាយខ្មែរនៅបក្សផ្សេងគ្នានេះ ជាដើមចមធ្វើឲ្យមានការចាប់ចងសកម្មជនគណបក្សប្រឆាំង និងមន្ត្រីអង្គការនៅក្រៅរដ្ឋាភិបាលផង។
នៅពីមុខឆាកដែលគេឯងបានឃើញនោះ ការបែរខ្នងដាក់គ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរកើតមានខ្លាំង ក្រោយពេលមានបាតុករគាំទ្រដោយគណបក្សប្រជាជនកម្ពុជា បានធ្វើបាតុកម្មនៅមុខរដ្ឋសភា ទាមទារឲ្យសភាបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា។ ភាពប្រេះឆាកើតមានជាបន្តបន្ទាប់ ហើយការចាប់ចងសកម្មជន ក៏លេចឡើងវិញដែរ។ មេដឹកនាំគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់តែល្អូកល្អើននឹងគ្នានោះ ក៏មិនអាចរក្សាសម្ព័ន្ធភាពបានយូរប៉ុន្មានដែរ។
ក៏ប៉ុន្តែអាចមានរឿងនៅពីក្រោយឆាកដទៃទៀត ដែលគួរឲ្យចាប់អារម្មណ៍ជាងរឿងនៅពីមុខឆាកទៅទៀត។ រឿងពីក្រោយឆាកទាំងនោះអាចមានការដាក់គំនាបទៅលើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឲ្យប្រកាសបោះបង់ចោលដៃគូដឹកនាំរបស់ខ្លួន ឬក៏អាចជាការបញ្ចុះបញ្ចូលឲ្យគណបក្សសង្គ្រោះជាតិ ទទួលយកនូវអ្វីដែលគណបក្សប្រជាជនកម្ពុជា ចង់បាន តែគណបក្សសង្គ្រោះជាតិ មិនព្រម ជាដើម។ នេះបើតាមការបង្ហើបឲ្យដឹងខ្លះៗពីសំណាក់មេដឹកនាំនៃគណបក្សសង្គ្រោះជាតិ។
ក្នុងខណៈដែលសំណុំរឿងលោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ប្រធានស្តីទីនៃគណបក្សនេះ ក៏ត្រូវគេបញ្ចេញរឿងអាស្រូវស្នេហាជាបន្តបន្ទាប់ដូចកុនភាគ។ ទោះបីជាអ្នកខ្លះចាត់ទុករឿងនេះថាជារឿងបុគ្គលផ្ទាល់ខ្លួនក៏ដោយ មកទល់នឹងពេលនេះ ស្ថាប័នរដ្ឋមួយចំនួនដែលគេឯងធ្លាប់តែរិះគន់ថា ធ្វើការយឺតយ៉ាវនោះ បាននាំគ្នាខិតខំធ្វើការទាំងថ្ងៃទាំងយប់ដើម្បីដោះស្រាយ "បញ្ហាជាតិ" ដ៏បន្ទាន់មួយនេះ។ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ ទាំងតុលាការ ទាំងក្រសួងមហាផ្ទៃ និងក្រុមចាំលួចថតសំឡេងឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ បានរួមដៃគ្នាធ្វើការយ៉ាងស្វិតស្វាញ និងយ៉ាងមានប្រសិទ្ធភាព។ ជាលទ្ធផលដ៏គួរឲ្យស្ញប់ស្ញែង បេសកកម្មផ្លេកបន្ទោរស្វែងរក "យុត្តិធម៌សង្គម" នេះ ចាប់បានមន្ត្រីសិទ្ធិមនុស្សបួននាក់ មន្ត្រី គ.ជ.ប ដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ហៅថាក្មេងព្រហើនម្នាក់ មេឃុំម្នាក់ និងតំណាងរាស្ត្របីនាក់ទៀត រួមនឹងមន្ត្រីអង្គការសហប្រជាជាតិ និងអ្នកវិភាគនយោបាយម្នាក់ទៀតផង កំពុងប្រឈមមុខនឹងការហៅសាកសួរ និងចាប់ខ្លួន។
មិនបាច់រៀនដល់ថ្នាក់បរិញ្ញាបត្រ ឬបណ្ឌិត ក៏គេអាចមើលឃើញថា វប្បធម៌ចាប់ចងបានចេញជារូបរាងឡើងវិញនេះ ក៏ដោយសារស្ថានភាពនយោបាយប្រែប្រួលដែរ។ នៅគ្រាដែលគណបក្សជាប់ឆ្នោតទាំងពីរមិនទាន់ប្រេះឆាវប្បធម៌សន្ទនានោះ ការចាប់ចងក៏មិនមានដែរ។ លើសពីនេះទៀត តុលាការថែមទាំងដោះលែងតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងទៀតផង។
ក៏ប៉ុន្តែសម្រាប់បរិបទនយោបាយនៅពេលនេះវិញ អ្វីៗបានប្រែប្រួលទៅជាការចាប់ចង ការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ថែមទាំងមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិមនុស្សនោះ។ យ៉ាងណាក៏ដោយចុះ តួអង្គសំខាន់នៅពេលនេះដែលគេចង់ចាប់ខ្លួននោះ តាមមើលទៅគឺលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះទេ ព្រោះថា ការបញ្ចេញរឿងអាស្រូវស្នេហាលោក កឹម សុខា នេះ មិនមែនជាលើកទី១ នោះទេ។ កាលពីឆ្នាំ២០១៣ នៅមុនពេលបោះឆ្នោត រឿងអាស្រូវស្នេហានេះក៏លេចស្ត្រីមួយរូបមានកូនមួយ មកអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា ដែរ។
ក្រៅពីនេះទៀត រឿងអតីតអ្នករងគ្រោះនៅក្នុងរបបខ្មែរក្រហម លោក ជុំ ម៉ី ក៏បានដឹកនាំមនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា ដោយចោទថា លោក កឹម សុខា លើកឡើងថា គុកទួលស្លែងជាគុកសិប្បនិមិត្ត និងបង្កើតឡើងដោយវៀតណាម ជាដើម។
ការធ្វើទុក្ខបុកម្នេញលោក កឹម សុខា ជាបន្តបន្ទាប់នេះ តាមមើលទៅលោក កឹម សុខា អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ខកចិត្តរឿងអ្វីមួយ ព្រោះថា នៅមុនលោកបានចាប់ដៃជាមួយលោក សម រង្ស៊ី ដើម្បីបង្កើតសម្ព័ន្ធភាពជាមួយគ្នា ឬមុនពេលរំលាយគណបក្សសិទ្ធិមនុស្ស ច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី បង្កើតជាគណបក្សសង្គ្រោះជាតិ នោះ គឺសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ចេញខ្សែអាត់សំឡេងសន្ទនាជាមួយលោក ហ៊ុន សែន ដែរ។ ការធ្វើដូច្នេះ ដើម្បីឲ្យលោក សម រង្ស៊ី មិនទុកចិត្តលោក កឹម សុខា ក៏ថាបាន។
សម្រាប់នៅដំណាក់កាលនេះវិញ តាមមើលទៅគោលនយោបាយឈ្នះៗ រដ្ឋាភិបាលនៅតែប្រើ ដើម្បីយកឈ្នះលើគូប្រកួត ដោយហេតុថា លទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៣ ជាមេរៀនដ៏សំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា។ គោលនយោបាយឈ្នះៗនេះមានបីសំខាន់ គឺទី១ ការរក្សាសុវត្ថិភាពអាយុជីវិត។ ទី២ ការរក្សាទ្រព្យសម្បត្តិ។ និងទី៣ ការរក្សាឋានៈ និងតួនាទី។ ប្រការនេះហើយដែលគណបក្សប្រជាជនកម្ពុជា ត្រូវរិះរកវិធីសព្វបែបយ៉ាងដើម្បីស្ដារប្រជាប្រិយភាពរបស់ខ្លួនវិញ ក៏ប៉ុន្តែយុទ្ធសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា កំពុងតែដើរនេះ ប្រហែលជានឹងមិនអាចធ្វើឲ្យគណបក្សនេះចំណេញនោះឡើយ។
នរណាក៏ដឹងដែរថា សំណុំរឿងចាត់ការលើលោក កឹម សុខា និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល រួមទាំងមន្ត្រីរបស់ គ.ជ.ប ផងនោះជារឿងនយោបាយ។ នេះវាមិនខុសអីពីរឿងល្ខោនដែលគេសម្ដែងឲ្យមហាជនទស្សនានោះទេ។ ល្ខោនលេងកាន់តែយូរ អ្នកមើលកាន់តែដឹងតួណាចិត្តល្អ តួណាចិត្តអាក្រក់កាន់តែច្បាស់ ហើយអ្នកទស្សនានឹងកាន់តែអាណិតតួអង្គចិត្តល្អថែមទៀត។
ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជារឿយៗអំពីការអនុវត្តច្បាប់ និងចាប់ខ្លួន ទោះបីជាអ្នកនោះមានអភ័យឯកសិទ្ធិក៏ដោយ ក្រោមហេតុផលថា អនុវត្តច្បាប់ ដូចជាការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ជាដើម។
ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាល មានដូចជា លោក ហេង សំរិន លោក ហោ ណាំហុង លោក គាត ឈន់ ដែលសាលាក្ដីខ្មែរក្រហមបានកោះហៅអ្នកទាំងនេះសួរនាំអំពីការបំពេញការងាររបស់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កន្លងមកនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគាំទ្រចំពោះការកោះហៅនេះទៅវិញ។ កាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងប្រាប់លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ថា លោកមិនគាំទ្រឲ្យសាលាក្តីខ្មែរក្រហមដំណើរការដល់សំណុំរឿង០០៣ និង០០៤ ទេ ព្រោះខ្លាចមានសង្គ្រាមកើតឡើងជាថ្មី។
ការប្រកាសមិនគាំទ្រសំណុំរឿង០០៣ និង ០០៤ នេះ ហាក់ដូចជាលោកការពារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនៅក្នុងរបបកាប់សម្លាប់ គឺរបបខ្មែរក្រហម។ ចុះករណីតំណាងរាស្ត្របក្សប្រឆាំងវិញ ហេតុអ្វីលោក ហ៊ុន សែន មិនប្រកាសការពារចំពោះមន្ត្រីមានអភ័យឯកសិទ្ធិ?
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី២ ឧសភា តុលាការបានចេញដីកាកោះហៅលោក កឹម សុខា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបទៀត គឺលោក ពិន រតនា និងលោក តុ វ៉ាន់ចាន់ ទាក់ទងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
រឿងអាស្រូវស្នេហាដែលអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការបានចាប់ខ្លួនមនុស្សជាច្រើននាក់ និងចេញដីកាចោទប្រកាន់មនុស្សបន្ថែមទៀតនេះ តាមមើលទៅគោលបំណងធំ ចង់ទាញយកត្រីធំ ពោលគឺតុលាការនឹងចាប់ខ្លួនលោក កឹម សុខា ទោះបីជាលោក កឹម សុខា និងតំណាងរាស្ត្រផ្សេងទៀតមានអភ័យឯកសិទ្ធិពាក់នៅលើស្មាក៏ដោយ។
ការចាប់ខ្លួនតំណាងរាស្ត្រនៅពេលនេះ តុលាការហាក់ដូចជាមិនខ្វល់អំពីអភ័យឯកសិទ្ធិសភានោះទេ ទោះបីមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៨០ ដែលចែងអំពីបុគ្គលមានអភ័យឯកសិទ្ធិ មិនអាចចាប់ចង ឬឃុំខ្លួនបានក៏ដោយ។
សម្រាប់ចរន្តនយោបាយដែលតុលាការកំពុងអនុវត្តនៅពេលនេះ តាមមើលទៅ លោក កឹម សុខា ក៏មិនអាចគេចផុតពីការចាប់ខ្លួនបាននោះឡើយ ទោះបីជាលោកមានអភ័យឯកសិទ្ធិក៏ដោយ ដូចដែលតំណាងរាស្ត្រ លោក អ៊ុំ សំអាន ជាឧទាហរណ៍ស្រាប់។ មួយវិញទៀត បើសិនជាតុលាការមានជំហរឯករាជ្យ មូលហេតុអ្វីបានជាតុលាការមិនស្រាវជ្រាវស្វែងរកអ្នកលួចថតសំឡេងសន្ទនាឯកជន និងបញ្ចេញខ្សែអាត់សំឡេង ដែលគេអះអាងថាជាខ្សែអាត់សំឡេងលោក កឹម សុខា យកមកចាត់ការតាមច្បាប់ផង? ព្រោះការលួចថតសំឡេងគេនេះ គឺជាទង្វើខុសក្រមព្រហ្មទណ្ឌមាត្រា៣០១ ចែងថា ការលួចថតសំឡេង ឬស្ដាប់ ដែលជាការនិយាយជាឯកជន ជាការសម្ងាត់គ្មានការយល់ព្រមពីបុគ្គលពាក់ព័ន្ធនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១សែនទៅ ២លានរៀល។

ម្យ៉ាងវិញទៀត តើក្រោយពីការចាប់ខ្លួនលោក កឹម សុខា នឹងមានអ្វីកើតឡើង? បញ្ហានេះ តាមមើលទៅ សន្ទុះនៃអ្នកតវ៉ានឹងងើបឡើងប្រឆាំងនឹងការចាប់ខ្លួននេះ ពិសេសគឺក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ព្រោះថា ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងលោក នី ចរិយា ត្រូវបានសកម្មជនរងគ្រោះដីធ្លី និងអង្គការក្រៅរដ្ឋាភិបាលបានធ្វើការទាមទារជាបន្តបន្ទាប់រហូតដល់នាំគ្នាពាក់អាវពណ៌ខ្មៅ ជាសញ្ញានៃការកាន់ទុក្ខ និងនាំគ្នាប្រមូលផ្ដុំគ្នានៅថ្ងៃច័ន្ទ ដែលជាថ្ងៃចាប់ខ្លួន ហើយដាក់ឈ្មោះថា ថ្ងៃច័ន្ទពណ៌ខ្មៅ។ ក៏ប៉ុន្តែការប្រមូលផ្ដុំគ្នាពាក់អាវខ្មៅនេះ ត្រូវបានរដ្ឋាភិបាលបង្ក្រាបទៅវិញ ដោយមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ការធ្វើបែបនេះជាសញ្ញានៃការធ្វើបដិវត្តន៍ពណ៌ ឬហៅថាជាពួកឧទ្ទាមក្នុងក្រុមទៅវិញ។
ការចោទប្រកាន់នេះ ត្រូវបានអ្នកលេងហ្វេសប៊ុក (Facebook) និងអ្នកវិភាគខ្លះ ថាជាការលាបពណ៌ទៅលើក្រុមសង្គមស៊ីវិល ព្រោះថាការលាបពណ៌ដូច្នេះ រដ្ឋាភិបាលភ័យខ្លាចអំពីការប្រមូលផ្ដុំ ទោះបីជាក្រុមអ្នកតវ៉ាអះអាងថា សកម្មភាពពួកគេគ្រាន់តែធ្វើដើម្បីសម្ដែងមតិក្ដី។ វប្បធម៌លាបពណ៌បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ជាពិសេសនៅក្នុងរបបដៃប្រឡាក់ឈាម គឺរបបខ្មែរក្រហម ប្រជាពលរដ្ឋស្លូតត្រង់ត្រូវគេលាបពណ៌ថា ជាជនក្បត់អង្គការបម្រើផលប្រយោជន៍ភ្នាក់ងារបរទេសមាន សេ.អ៊ី.អា (CIA) កា.ហ្សេ.បេ (KGB) ឬគិញសម្ងាត់វៀតណាម ជាដើម។
ជាលទ្ធផល ជនរងគ្រោះទាំងនោះត្រូវបានគេកាប់សម្លាប់យ៉ាងខ្លោចផ្សា។ ក្រោយការរលត់ទៅនៃរបបកម្ពុជាប្រជាធិបតេយ្យ គេរំពឹងថា វប្បធម៌លាបពណ៌នេះប្រហែលជាបាត់បង់ពីទឹកដីកម្ពុជា តែកម្អែលនេះ មិនអាចផុតរលត់ទៅវិញ។ វប្បធម៌នេះនៅតែកើតមាន និងកំពុងបង្កឲ្យភាគីខ្លះនៅក្នុងសង្គមកម្ពុជា ឈឺចាប់ និងរងគ្រោះដោយសារការលាបពណ៌នេះ ក្រោមហេតុផលអនុវត្តច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់។
ក៏ប៉ុន្តែនៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ន កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋមិនអាចប្រៀបធៀបនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានទេ ប្រជាពលរដ្ឋមានការយល់ដឹងពីសិទ្ធិរបស់ខ្លួន មិនអាចឈរនៅស្ងៀមឲ្យអាជ្ញាធររដ្ឋ ឬអ្នកមានអំណាចជាន់ឈ្លីបានទៀតឡើយ ដូចជា អ្នករងគ្រោះដីធ្លីតែងតែងើបតវ៉ា បាតុកម្ម តែងតែកើតមានទាមទារយុត្តិធម៌សង្គម។
លើសពីនេះទៀត យុវជន និងឪពុកម្ដាយរបស់គេ ក៏ចាប់ផ្ដើមរួមគ្នាងើបតតាំងប្រឈមមុខនឹងការគាបសង្កត់នានា ដើម្បីវាសនាអនាគតរបស់ខ្លួន និងប្រទេសជាតិ។ បច្ចេកវិទ្យាបានផ្ដល់ឱកាសឲ្យមនុស្សភាគច្រើនមានលទ្ធភាពទទួលបាននូវព័ត៌មានឯករាជ្យ គេចផុតពីការគាបសង្កត់សិទ្ធិទទួលព័ត៌មាន និងដំណឹងចាំបាច់ដទៃទៀតសម្រាប់ឲ្យពួកគេវិនិច្ឆ័យដោយខ្លួនឯងបាន ថាតើគេគួរឲ្យមេដាយឈ្នះទៅបេក្ខជនណាមួយ ទោះបីជាបេក្ខជននោះអាចត្រូវគេវាយទ្រមខ្លួនមុនការចូលប្រកួតក៏ដោយ។
ចំពោះបុគ្គលលោក កឹម សុខា វិញ បានប្រកាសថា លោកនឹងមិនចេញទៅណាទេ។ លោកនឹងនៅប្រឈមនឹងការចាប់ខ្លួន។ លោក កឹម សុខា បានថ្លែងចំពោះមុខអ្នកសារព័ត៌មានជាលើកដំបូងអំពីរឿងធ្វើទុក្ខបុកម្នេញលើរូបលោក។ លោកបញ្ជាក់ថា អ្វីៗលើលោកគ្មានអ្វីអមតៈទេ មានតែទឹកដីប្រទេសជាតិទេដែលអមតៈ ហើយលោកនៅតែប្រកាន់ជំហររឹងមាំ ទោះបីជាមានឧបសគ្គអ្វីក៏ដោយ។
ទាក់ទងនឹងបញ្ហានេះ បើសិនជាតុលាការចាប់ខ្លួនលោក កឹម សុខា មែននោះ ប្រៀបដូចជាវាំងនននៃរឿងល្ខោនដែលគេរូតបិទមួយភ្លែត ក៏ត្រូវគេរូតបើកឡើងវិញ។ ចំណែកឯតួឯកតួអង្គ ទាំងតួចិត្តល្អ និងតួចិត្តអាក្រក់ ក៏ចេញមកសម្ដែងរឿងល្ខោនដែលលាយឡំទៅដោយភាពទន់ភ្លន់ ផ្អែមល្ហែមដាក់គ្នាផង ផិតក្បត់គ្នា ញុះញង់ វាយប្រហារឈ្នានីសគ្នាផងនោះជាថ្មីម្ដងទៀត។ ហើយនៅពេលនោះ អ្នកមើលរឿងល្ខោននេះ អាចថាអាណិតតួឯកដែលត្រូវគេធ្វើបាបនោះ នឹងត្រូវនាំគ្នាងើបតវ៉ាប្រឆាំងនឹងតួចិត្តអាក្រក់ ដើម្បីការពារតួចិត្តល្អ និងទាមទាររកយុត្តិធម៌សម្រាប់តួចិត្តល្អវិញក៏ថាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
