បទ​វិភាគ៖ បើ​តុលាការ​ចាប់​ខ្លួន​លោក កឹម សុខា តើ​ចំណេញ​អ្វី​ខ្លះ​ដល់​បក្ស​កាន់​អំណាច?

0:00 / 0:00

សំណុំ​រឿង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កំពុង​ចាត់​វិធានការ​ទៅ​មុខ​តាម​កាល​កំណត់​របស់​ខ្លួន ដោយ​មិន​រាថយ​ឡើយ ទោះ​បី​ជា​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ។

ការ​អនុវត្ត​ច្បាប់​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គឺ​ទោរទន់​ទៅ​តាម​ទំនោរ​នយោបាយ ដែល​គេ​បង្កើត​ឡើង​ដើម្បី​បំបាក់​ប្រជាប្រិយភាព​ដៃគូ​ប្រកួត​នៅ​មុន​ពេល​បោះឆ្នោត​បាន​មក​ដល់។

តើ​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់​ការ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា នេះ អាច​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដែរ​ឬ​ទេ? ហើយ​បើ​ចាប់​ខ្លួន​លោក កឹម សុខា នឹង​មាន​អ្វី​កើត​ឡើង?

ការ​វិវឌ្ឍន៍​នយោបាយ​ពី​សភាព​ធម្មតា​ទៅ​ប្រេះឆា​គ្នា​នៅ​ក្នុង​រង្វង់​អ្នក​នយោបាយ​ខ្មែរ​នៅ​បក្ស​ផ្សេង​គ្នា​នេះ ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ចង​សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​នៅ​ក្រៅ​រដ្ឋាភិបាល​ផង។

នៅ​ពី​មុខ​ឆាក​ដែល​គេ​ឯង​បាន​ឃើញ​នោះ ការ​បែរ​ខ្នង​ដាក់​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កើត​មាន​ខ្លាំង ក្រោយ​ពេល​មាន​បាតុករ​គាំទ្រ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​សភា​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។ ភាព​ប្រេះឆា​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​ការ​ចាប់​ចង​សកម្មជន ក៏​លេច​ឡើង​វិញ​ដែរ។ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តែ​ល្អូកល្អើន​នឹង​គ្នា​នោះ ក៏​មិន​អាច​រក្សា​សម្ព័ន្ធភាព​បាន​យូរ​ប៉ុន្មាន​ដែរ។

ក៏ប៉ុន្តែ​អាច​មាន​រឿង​នៅ​ពី​ក្រោយ​ឆាក​ដទៃ​ទៀត ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​រឿង​នៅ​ពី​មុខ​ឆាក​ទៅ​ទៀត។ រឿង​ពី​ក្រោយ​ឆាក​ទាំង​នោះ​អាច​មាន​ការ​ដាក់​គំនាប​ទៅ​លើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រកាស​បោះបង់​ចោល​ដៃគូ​ដឹក​នាំ​របស់​ខ្លួន ឬ​ក៏​អាច​ជា​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​នូវ​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម ជាដើម។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ខ្លះៗ​ពី​សំណាក់​មេ​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ខណៈ​ដែល​សំណុំ​រឿង​លោក សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ ប្រធាន​ស្តីទី​នៃ​គណបក្ស​នេះ ក៏​ត្រូវ​គេ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​ជា​បន្តបន្ទាប់​ដូច​កុន​ភាគ។ ទោះ​បី​ជា​អ្នក​ខ្លះ​ចាត់​ទុក​រឿង​នេះ​ថា​ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​ក៏ដោយ មក​ទល់​នឹង​ពេល​នេះ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដែល​គេ​ឯង​ធ្លាប់​តែ​រិះគន់​ថា ធ្វើ​ការ​យឺតយ៉ាវ​នោះ បាន​នាំ​គ្នា​ខិតខំ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ដោះស្រាយ "បញ្ហា​ជាតិ" ដ៏​បន្ទាន់​មួយ​នេះ។ ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាំង​តុលាការ ទាំង​ក្រសួង​មហាផ្ទៃ និង​ក្រុម​ចាំ​លួច​ថត​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ បាន​រួម​ដៃ​គ្នា​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ និង​យ៉ាង​មាន​ប្រសិទ្ធភាព។ ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង បេសកកម្ម​ផ្លេក​បន្ទោរ​ស្វែងរក "យុត្តិធម៌​សង្គម" នេះ ចាប់​បាន​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់ មន្ត្រី គ.ជ.ប ដែល​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ធ្លាប់​ហៅ​ថា​ក្មេង​ព្រហើន​ម្នាក់ មេ​ឃុំ​ម្នាក់ និង​តំណាង​រាស្ត្រ​បី​នាក់​ទៀត រួម​នឹង​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត​ផង កំពុង​ប្រឈម​មុខ​នឹង​ការ​ហៅ​សាកសួរ និង​ចាប់​ខ្លួន។

មិន​បាច់​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រ ឬ​បណ្ឌិត ក៏​គេ​អាច​មើល​ឃើញ​ថា វប្បធម៌​ចាប់​ចង​បាន​ចេញ​ជា​រូប​រាង​ឡើង​វិញ​នេះ ក៏​ដោយសារ​ស្ថានភាព​នយោបាយ​ប្រែប្រួល​ដែរ។ នៅ​គ្រា​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​ប្រេះឆា​វប្បធម៌​សន្ទនា​នោះ ការ​ចាប់​ចង​ក៏​មិន​មាន​ដែរ។ លើស​ពី​នេះ​ទៀត តុលាការ​ថែម​ទាំង​ដោះ​លែង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទៀត​ផង។

ក៏ប៉ុន្តែ​សម្រាប់​បរិបទ​នយោបាយ​នៅ​ពេល​នេះ​វិញ អ្វីៗ​បាន​ប្រែប្រួល​ទៅ​ជា​ការ​ចាប់​ចង ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ថែម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នោះ។ យ៉ាង​ណា​ក៏ដោយ​ចុះ តួអង្គ​សំខាន់​នៅ​ពេល​នេះ​ដែល​គេ​ចង់​ចាប់​ខ្លួន​នោះ តាម​មើល​ទៅ​គឺ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ទេ ព្រោះ​ថា ការ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា នេះ មិន​មែន​ជា​លើក​ទី​១ នោះ​ទេ។ កាល​ពី​ឆ្នាំ​២០១៣ នៅ​មុន​ពេល​បោះឆ្នោត រឿង​អាស្រូវ​ស្នេហា​នេះ​ក៏​លេច​ស្ត្រី​មួយ​រូប​មាន​កូន​មួយ មក​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ដែរ។

ក្រៅ​ពី​នេះ​ទៀត រឿង​អតីត​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក ជុំ ម៉ី ក៏​បាន​ដឹក​នាំ​មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដោយ​ចោទ​ថា លោក កឹម សុខា លើក​ឡើង​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិមិត្ត និង​បង្កើត​ឡើង​ដោយ​វៀតណាម ជាដើម។

ការ​ធ្វើ​ទុក្ខបុកម្នេញ​លោក កឹម សុខា ជា​បន្តបន្ទាប់​នេះ តាម​មើល​ទៅ​លោក កឹម សុខា អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខក​ចិត្ត​រឿង​អ្វី​មួយ ព្រោះ​ថា នៅ​មុន​លោក​បាន​ចាប់​ដៃ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គ្នា ឬ​មុន​ពេល​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​បញ្ចេញ​ខ្សែ​អាត់​សំឡេង​សន្ទនា​ជាមួយ​លោក ហ៊ុន សែន ដែរ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​លោក សម រង្ស៊ី មិន​ទុក​ចិត្ត​លោក កឹម សុខា ក៏​ថា​បាន។

សម្រាប់​នៅ​ដំណាក់​កាល​នេះ​វិញ តាម​មើល​ទៅ​គោល​នយោបាយ​ឈ្នះៗ រដ្ឋាភិបាល​នៅ​តែ​ប្រើ ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត ដោយ​ហេតុ​ថា លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ជា​មេរៀន​ដ៏​សំខាន់​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គោល​នយោបាយ​ឈ្នះៗ​នេះ​មាន​បី​សំខាន់ គឺ​ទី​១ ការ​រក្សា​សុវត្ថិភាព​អាយុ​ជីវិត។ ទី​២ ការ​រក្សា​ទ្រព្យ​សម្បត្តិ។ និង​ទី​៣ ការ​រក្សា​ឋានៈ និង​តួនាទី។ ប្រការ​នេះ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រិះរក​វិធី​សព្វ​បែប​យ៉ាង​ដើម្បី​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​វិញ ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ដើរ​នេះ ប្រហែល​ជា​នឹង​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​ចំណេញ​នោះ​ឡើយ។

នរណា​ក៏​ដឹង​ដែរ​ថា សំណុំ​រឿង​ចាត់​ការ​លើ​លោក កឹម សុខា និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​របស់ គ.ជ.ប ផង​នោះ​ជា​រឿង​នយោបាយ។ នេះ​វា​មិន​ខុស​អី​ពី​រឿង​ល្ខោន​ដែល​គេ​សម្ដែង​ឲ្យ​មហាជន​ទស្សនា​នោះ​ទេ។ ល្ខោន​លេង​កាន់​តែ​យូរ អ្នក​មើល​កាន់​តែ​ដឹង​តួ​ណា​ចិត្ត​ល្អ តួ​ណា​ចិត្ត​អាក្រក់​កាន់​តែ​ច្បាស់ ហើយ​អ្នក​ទស្សនា​នឹង​កាន់​តែ​អាណិត​តួអង្គ​ចិត្ត​ល្អ​ថែម​ទៀត។

ម្យ៉ាង​វិញ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​រឿយៗ​អំពី​ការ​អនុវត្ត​ច្បាប់ និង​ចាប់​ខ្លួន ទោះ​បី​ជា​អ្នក​នោះ​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់ ដូចជា​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ជាដើម។

ផ្ទុយ​ទៅ​វិញ មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋាភិបាល មាន​ដូចជា លោក ហេង សំរិន លោក ហោ ណាំហុង លោក គាត ឈន់ ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​កោះ​ហៅ​អ្នក​ទាំង​នេះ​សួរ​នាំ​អំពី​ការ​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កន្លង​មក​នោះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គាំទ្រ​ចំពោះ​ការ​កោះ​ហៅ​នេះ​ទៅ​វិញ។ កាល​ពី​ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​ប្រាប់​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថា លោក​មិន​គាំទ្រ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ដំណើរ​ការ​ដល់​សំណុំ​រឿង​០០៣ និង​០០៤ ទេ ព្រោះ​ខ្លាច​មាន​សង្គ្រាម​កើត​ឡើង​ជា​ថ្មី។

ការ​ប្រកាស​មិន​គាំទ្រ​សំណុំ​រឿង​០០៣ និង ០០៤ នេះ ហាក់​ដូចជា​លោក​ការពារ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​របប​កាប់​សម្លាប់ គឺ​របប​ខ្មែរ​ក្រហម។ ចុះ​ករណី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​ប្រកាស​ការពារ​ចំពោះ​មន្ត្រី​មាន​អភ័យ​ឯកសិទ្ធិ?

ទន្ទឹម​នឹង​នេះ កាល​ពី​ថ្ងៃ​ទី​២ ឧសភា តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ទៀត គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ ទាក់ទង​សំណុំ​រឿង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

រឿង​អាស្រូវ​ស្នេហា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់ និង​ចេញ​ដីកា​ចោទ​ប្រកាន់​មនុស្ស​បន្ថែម​ទៀត​នេះ តាម​មើល​ទៅ​គោល​បំណង​ធំ ចង់​ទាញ​យក​ត្រី​ធំ ពោល​គឺ​តុលាការ​នឹង​ចាប់​ខ្លួន​លោក កឹម សុខា ទោះ​បី​ជា​លោក កឹម សុខា និង​តំណាង​រាស្ត្រ​ផ្សេង​ទៀត​មាន​អភ័យ​ឯកសិទ្ធិ​ពាក់​នៅ​លើ​ស្មា​ក៏ដោយ។

ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​នៅ​ពេល​នេះ តុលាការ​ហាក់​ដូចជា​មិន​ខ្វល់​អំពី​អភ័យ​ឯកសិទ្ធិ​សភា​នោះ​ទេ ទោះ​បី​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ដែល​ចែង​អំពី​បុគ្គល​មាន​អភ័យ​ឯកសិទ្ធិ មិន​អាច​ចាប់​ចង ឬ​ឃុំ​ខ្លួន​បាន​ក៏ដោយ។

សម្រាប់​ចរន្ត​នយោបាយ​ដែល​តុលាការ​កំពុង​អនុវត្ត​នៅ​ពេល​នេះ តាម​មើល​ទៅ លោក កឹម សុខា ក៏​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​បាន​នោះ​ឡើយ ទោះ​បី​ជា​លោក​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ដូច​ដែល​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន ជា​ឧទាហរណ៍​ស្រាប់។ មួយ​វិញ​ទៀត បើ​សិន​ជា​តុលាការ​មាន​ជំហរ​ឯករាជ្យ មូលហេតុ​អ្វី​បាន​ជា​តុលាការ​មិន​ស្រាវជ្រាវ​ស្វែងរក​អ្នក​លួច​ថត​សំឡេង​សន្ទនា​ឯកជន និង​បញ្ចេញ​ខ្សែ​អាត់​សំឡេង ដែល​គេ​អះអាង​ថា​ជា​ខ្សែ​អាត់​សំឡេង​លោក កឹម សុខា យក​មក​ចាត់​ការ​តាម​ច្បាប់​ផង? ព្រោះ​ការ​លួច​ថត​សំឡេង​គេ​នេះ គឺ​ជា​ទង្វើ​ខុស​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៣០១ ចែង​ថា ការ​លួច​ថត​សំឡេង ឬ​ស្ដាប់ ដែល​ជា​ការ​និយាយ​ជា​ឯកជន ជា​ការ​សម្ងាត់​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ទៅ ២​លាន​រៀល។

ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។


ម្យ៉ាង​វិញ​ទៀត តើ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា នឹង​មាន​អ្វី​កើត​ឡើង? បញ្ហា​នេះ តាម​មើល​ទៅ សន្ទុះ​នៃ​អ្នក​តវ៉ា​នឹង​ងើប​ឡើង​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ ពិសេស​គឺ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​លោក នី ចរិយា ត្រូវ​បាន​សកម្មជន​រងគ្រោះ​ដីធ្លី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទាមទារ​ជា​បន្តបន្ទាប់​រហូត​ដល់​នាំ​គ្នា​ពាក់​អាវ​ពណ៌​ខ្មៅ ជា​សញ្ញា​នៃ​ការ​កាន់​ទុក្ខ និង​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ដែល​ជា​ថ្ងៃ​ចាប់​ខ្លួន ហើយ​ដាក់​ឈ្មោះ​ថា ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ ក៏ប៉ុន្តែ​ការ​ប្រមូល​ផ្ដុំ​គ្នា​ពាក់​អាវ​ខ្មៅ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប​ទៅ​វិញ ដោយ​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ហៅ​ថា​ជា​ពួក​ឧទ្ទាម​ក្នុង​ក្រុម​ទៅ​វិញ។

ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក (Facebook) និង​អ្នក​វិភាគ​ខ្លះ ថា​ជា​ការ​លាប​ពណ៌​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល ព្រោះ​ថា​ការ​លាប​ពណ៌​ដូច្នេះ រដ្ឋាភិបាល​ភ័យ​ខ្លាច​អំពី​ការ​ប្រមូល​ផ្ដុំ ទោះ​បី​ជា​ក្រុម​អ្នក​តវ៉ា​អះអាង​ថា សកម្មភាព​ពួក​គេ​គ្រាន់​តែ​ធ្វើ​ដើម្បី​សម្ដែង​មតិ​ក្ដី។ វប្បធម៌​លាប​ពណ៌​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ជាពិសេស​នៅ​ក្នុង​របប​ដៃ​ប្រឡាក់​ឈាម គឺ​របប​ខ្មែរ​ក្រហម ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​គេ​លាប​ពណ៌​ថា ជា​ជន​ក្បត់​អង្គការ​បម្រើ​ផល​ប្រយោជន៍​ភ្នាក់ងារ​បរទេស​មាន សេ.អ៊ី.អា (CIA) កា.ហ្សេ.បេ (KGB) ឬ​គិញ​សម្ងាត់​វៀតណាម ជាដើម។

ជា​លទ្ធផល ជន​រងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​សម្លាប់​យ៉ាង​ខ្លោចផ្សា។ ក្រោយ​ការ​រលត់​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​រំពឹង​ថា វប្បធម៌​លាប​ពណ៌​នេះ​ប្រហែល​ជា​បាត់បង់​ពី​ទឹក​ដី​កម្ពុជា តែ​កម្អែល​នេះ មិន​អាច​ផុត​រលត់​ទៅ​វិញ។ វប្បធម៌​នេះ​នៅ​តែ​កើត​មាន និង​កំពុង​បង្ក​ឲ្យ​ភាគី​ខ្លះ​នៅ​ក្នុង​សង្គម​កម្ពុជា ឈឺ​ចាប់ និង​រងគ្រោះ​ដោយសារ​ការ​លាប​ពណ៌​នេះ ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ និង​រៀបចំ​សណ្ដាប់ធ្នាប់។

ក៏ប៉ុន្តែ​នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន កម្រិត​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​មិន​អាច​ប្រៀបធៀប​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ទេ ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន មិន​អាច​ឈរ​នៅ​ស្ងៀម​ឲ្យ​អាជ្ញាធរ​រដ្ឋ ឬ​អ្នក​មាន​អំណាច​ជាន់​ឈ្លី​បាន​ទៀត​ឡើយ ដូចជា អ្នក​រងគ្រោះ​ដីធ្លី​តែង​តែ​ងើប​តវ៉ា បាតុកម្ម តែង​តែ​កើត​មាន​ទាមទារ​យុត្តិធម៌​សង្គម។

លើស​ពី​នេះ​ទៀត យុវជន និង​ឪពុក​ម្ដាយ​របស់​គេ ក៏​ចាប់​ផ្ដើម​រួម​គ្នា​ងើប​តតាំង​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​នានា ដើម្បី​វាសនា​អនាគត​របស់​ខ្លួន និង​ប្រទេស​ជាតិ។ បច្ចេកវិទ្យា​បាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ភាគ​ច្រើន​មាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន​ឯករាជ្យ គេច​ផុត​ពី​ការ​គាប​សង្កត់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដំណឹង​ចាំបាច់​ដទៃ​ទៀត​សម្រាប់​ឲ្យ​ពួក​គេ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន ថា​តើ​គេ​គួរ​ឲ្យ​មេដាយ​ឈ្នះ​ទៅ​បេក្ខជន​ណា​មួយ ទោះ​បី​ជា​បេក្ខជន​នោះ​អាច​ត្រូវ​គេ​វាយ​ទ្រម​ខ្លួន​មុន​ការ​ចូល​ប្រកួត​ក៏ដោយ។

ចំពោះ​បុគ្គល​លោក កឹម សុខា វិញ បាន​ប្រកាស​ថា លោក​នឹង​មិន​ចេញ​ទៅ​ណា​ទេ។ លោក​នឹង​នៅ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ លោក កឹម សុខា បាន​ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​លើក​ដំបូង​អំពី​រឿង​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​លោក។ លោក​បញ្ជាក់​ថា អ្វីៗ​លើ​លោក​គ្មាន​អ្វី​អមតៈ​ទេ មាន​តែ​ទឹក​ដី​ប្រទេស​ជាតិ​ទេ​ដែល​អមតៈ ហើយ​លោក​នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ ទោះ​បី​ជា​មាន​ឧបសគ្គ​អ្វី​ក៏ដោយ។

ទាក់ទង​នឹង​បញ្ហា​នេះ បើ​សិន​ជា​តុលាការ​ចាប់​ខ្លួន​លោក កឹម សុខា មែន​នោះ ប្រៀប​ដូចជា​វាំងនន​នៃ​រឿង​ល្ខោន​ដែល​គេ​រូត​បិទ​មួយ​ភ្លែត ក៏​ត្រូវ​គេ​រូត​បើក​ឡើង​វិញ។ ចំណែក​ឯ​តួឯក​តួអង្គ ទាំង​តួ​ចិត្ត​ល្អ និង​តួ​ចិត្ត​អាក្រក់ ក៏​ចេញ​មក​សម្ដែង​រឿង​ល្ខោន​ដែល​លាយឡំ​ទៅ​ដោយ​ភាព​ទន់ភ្លន់ ផ្អែមល្ហែម​ដាក់​គ្នា​ផង ផិត​ក្បត់​គ្នា ញុះញង់ វាយ​ប្រហារ​ឈ្នានីស​គ្នា​ផង​នោះ​ជា​ថ្មី​ម្ដង​ទៀត។ ហើយ​នៅ​ពេល​នោះ អ្នក​មើល​រឿង​ល្ខោន​នេះ អាច​ថា​អាណិត​តួឯក​ដែល​ត្រូវ​គេ​ធ្វើ​បាប​នោះ នឹង​ត្រូវ​នាំ​គ្នា​ងើប​តវ៉ា​ប្រឆាំង​នឹង​តួ​ចិត្ត​អាក្រក់ ដើម្បី​ការពារ​តួ​ចិត្ត​ល្អ និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​តួ​ចិត្ត​ល្អ​វិញ​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។