ពីរដ្ឋ អាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក លោក អ៊ឹម សុនិត ដែលជាអ្នកតាមដានអំពីស្ថានការណ៍នយោបាយកម្ពុជា យ៉ាងយកចិត្តទុកដាក់នោះ ថ្លែងថា បក្សប្រជាជនកម្ពុជា កំពុងប្រើយុទ្ធសាស្ត្រពន្យារពេលដើម្បីកុំឲ្យបក្សប្រឆាំងមានពេលតថ្លៃអំណាច នៅពេលដែលរដ្ឋសភាចាប់ផ្ដើមបង្កើតឡើង។
កាលពីថ្ងៃទី៩ ខែកញ្ញា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជសារប្រកាសឲ្យគណបក្សនយោបាយដែលមានសំឡេងឆ្នោតក្នុងរដ្ឋសភា ចូលស្បថដើម្បីបង្កើតរដ្ឋាភិបាលនីតិកាលអាណត្តិទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ។ ប៉ុន្តែ មេបក្សជំទាស់ លោក សម រង្ស៊ី បានប្រកាសបដិសេធមិនធ្វើតាម លុះត្រាណាមានគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតជាមុន។
ទោះបីជាយ៉ាងណាក៏ដោយ លោក អ៊ឹម សុនិត ថ្លែងថា អ្វីដែលសំខាន់ចំពោះមុខ គឺបក្សប្រឆាំងគួរទាមទារ ឬតថ្លៃជាមួយបក្សប្រជាជនកម្ពុជា ដើម្បីប្រគល់អំណាចភាគច្រើនទៅឲ្យពលរដ្ឋដោយផ្ទាល់ តាមរយៈការបង្កើតឲ្យមានការបោះឆ្នោតជ្រើសរើសអភិបាលស្រុក អភិបាលខេត្ត ឬសមាជិកព្រឹទ្ធសភា។
ក្រុមអ្នកវិភាគនិយាយថា ការជាប់គាំងផ្នែកនយោបាយកាន់តែយូរ ក្នុងកាលៈទេសៈនេះ អាចផ្តល់ផលចំណេញច្រើនទៅដល់ប្រជាពលរដ្ឋទៅវិញ ប្រសិនបើបក្សប្រឆាំងមានយុទ្ធសាស្ត្ររបស់ខ្លួនច្បាស់លាស់ ក្នុងការចរចាជាមួយបក្សកាន់អំណាច។
លោក កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម ថ្លែងថា ក្នុងរយៈ ៤អាណត្តិកន្លងមក ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច បានចំណាយថាមពលរបស់ខ្លួនតិចបំផុតក្នុងការរិះរកមធ្យោបាយ ឬយន្តការសំខាន់ស៊ីជម្រៅដើម្បីពលរដ្ឋ។ លោកបន្តថា ក្នុងស្ថានភាពនយោបាយដ៏ជាប់គាំងដូច្នេះ លោកចង់ឃើញក្រុមអ្នកនយោបាយមានការពិភាក្សាលម្អិត ដើម្បីឲ្យស្ថានការណ៍រយៈពេល ៥ឆ្នាំក្រោយ មានការប្រែប្រួលជាដុំកំភួន ដែលអាចជួយពលរដ្ឋក្រីក្របាន អាចជួយឲ្យការកែទម្រង់ស្ថាប័នកំពូលៗរបស់រដ្ឋជាច្រើន ឬអាចដាក់ទោសទណ្ឌដល់អ្នកលួចបន្លំសន្លឹកឆ្នោត។
លោក កែម ឡី បានទាមទារឲ្យគណបក្សធំៗទាំងពីរចរចាគ្នា ដើម្បីធ្វើសំយោគគោលនយោបាយរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរដល់ប្រាក់ខែរបស់មន្ត្រីរាជការ យោធា គ្រូបង្រៀន និងកម្មករ។ ម្យ៉ាងទៀត លោកក៏បានផ្តល់អនុសាសន៍ក្នុងការចរចាឲ្យមានតួនាទីរបស់រដ្ឋសភា ក្នុងការជជែកពិភាក្សាអំពីការធ្វើពិនិត្យឡើងវិញនូវច្បាប់ទាំងឡាយណាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬធ្វើការកែប្រែច្បាប់ណាដែលមិនផ្តល់ផលប្រយោជន៍ដល់ប្រជារាស្ត្រ ជៀសវាងការចំណាយពេលវេលាឥតប្រយោជន៍។
កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការអំពីការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយគណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្គ្រោះជាតិ ៦៨ ទល់នឹង ៥៥អាសនៈ។ ក្រុមបក្សសង្គ្រោះជាតិ ចាត់ទុកលទ្ធផលរបស់ គ.ជ.ប ជាលទ្ធផលអយុត្តិធម៌។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា អ្វីដែលសំខាន់ចំពោះមុខ គឺការទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត។
ចំពោះអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ មានទស្សនៈថា ការតវ៉ារកខុសរកត្រូវពិតប្រាកដ ឬសច្ចភាពនៃការបោះឆ្នោត វាប្រសើរជាងការចរចាបែងចែកអំណាចគ្នារវាងអ្នកនយោបាយ។ លោកថា នៅពេលជាប់គាំងក្រោយការបោះឆ្នោតអាណត្តិមុនៗ គណបក្សនយោបាយតែងបញ្ចប់ការជាប់គាំងដោយការសម្រុះសម្រួលគ្នា តាមរយៈការបែងចែកអំណាចរវាងអ្នកនយោបាយដែលមិនបានបញ្ជាក់អំពីឆន្ទៈរបស់រាស្ត្រនោះឡើយ។
លោកបន្តថា ការរកអោយដឹងនូវចំនួនពលរដ្ឋប៉ុន្មាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ទើបជាការសំខាន់ចាំបាច់ ហើយឆ្លុះបញ្ចាំងឆន្ទៈរបស់រាស្ត្រ។ សំខាន់ជាងនេះទៅទៀត គឺជាការស៊ើបអង្កេតស្វែងរកការពិតថា តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាបានបោកប្រាស់សន្លឹកឆ្នោតរបស់រាស្ត្រយកទៅអោយគណបក្សប្រជាជន ដូចការចោទជាទូទៅមែនដែរឬយ៉ាងណា?
ភស្តុតាងបានលាតត្រដាងរួចហើយថា មានភាពមិនប្រក្រតីច្រើនណាស់ក្រោយពេលបើកកញ្ចប់សុវត្ថិភាព "ក" នៅតាមខេត្តមួយចំនួន។ ភស្តុតាងទាំងនេះនៅមិនទាន់និយាយដល់ គ.ជ.ប បិទភ្នែកធ្វើមើលមិនឃើញនូវទង្វើរបស់បក្សកាន់អំណាច ដែលបានប្រើប្រាស់ធនធានរដ្ឋ ដើម្បីឃោសនារកសំឡេងឆ្នោត។ ដូច្នេះ ប្រសិនបើគ្មានការតវ៉ា និងគ្មានស៊ើបអង្កេតរកការពិតដល់ទីបញ្ចប់ទេនោះ គ.ជ.ប ដែលមានមន្ត្រីគណបក្សប្រជាជន ដឹកនាំនេះ ទំនងជានឹងមិនអាចបំពេញការងារប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនពលរដ្ឋខ្មែរបានឡើយ ហើយបញ្ហាជាប់គាំងក្រោយការបោះឆ្នោតម្តងៗ នឹងនៅតែមានបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
