តើប្រធានភូមិត្រូវប្រកាន់ឥរិយាបថបែបណា ក្នុងការដឹកនាំឱ្យស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ?
ប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង បានសម្ដែងនូវការពុំពេញចិត្តទៅនឹងការដឹកនាំរបស់អាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានរបស់ពួកគេ ពិសេសប្រធានភូមិតែម្តង។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋមានការមិនពេញចិត្តទៅនឹងអាជ្ញាធរភូមិរបស់ខ្លួន ក៏ដោយសារតែសកម្មភាពរបស់មេភូមិមួយចំនួន ហាក់បីដូចជាមិនបានតាំងចិត្តថា នឹងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យអស់ពីពោះនោះទេ ប៉ុន្តែបែរជាស្ម័គ្រចិត្តដើរតាមបម្រើគោលនយោបាយបក្សជាធំទៅវិញ។
តើអ្វីនឹងអាចកើតឡើង នៅពេលដែលមេភូមិទាំងនោះមិនបានតាំងចិត្តបម្រើប្រជាពលរដ្ឋ ហើយបែរបម្រើបក្សនោះ?
បញ្ហាប្រាកដជាមានចោទឡើង សម្រាប់ប្រជាពលរដ្ឋដែលមាននិន្នាការបក្សនយោបាយមិនស្របនឹងបក្សខ្លួន បញ្ហារើសអើង បញ្ហាបក្ខពួកនិយម និងបញ្ហាសង្ស័យគ្រប់ប្រជាពលរដ្ឋណាដែលមិនបានជ្រើសរើសយកគោលដៅបក្សនយោបាយរួមដូចខ្លួន។ កន្លងមក សកម្មភាពរបស់ប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋាន ភាគច្រើនត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញាធរភូមិ។ ថ្មីៗនេះ សកម្មភាពចូលរួមក្នុងបក្សនយោបាយរបស់ប្រជាពលរដ្ឋ ហាក់បីដូចជានៅមានកម្រិត។ នៅមានកម្រិតត្រង់ថា ប្រជាពលរដ្ឋមួយចំនួនមិនទាន់ហ៊ានចេញមុខជាចំហ ដោយសារអ្នកគ្រប់គ្រងពួកគាត់នៅតាមថ្នាក់មូលដ្ឋាន នៅបន្តតាមដានស្ទើរតែរាល់សកម្មភាពរបស់ប្រជាពលរដ្ឋ។ មហាបាតុកម្មទាំងបីលើករបស់បក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត មានប្រជាពលរដ្ឋមួយចំនួនព្រមចេញមុខជាចំហ ហើយមួយចំនួនទៀតនៅមានការលាក់លៀម។ លាក់លៀមពីព្រោះថា ខ្លាចឈ្មោះខ្លួនបានចូលទៅក្នុងបញ្ជីខ្មៅរបស់អាជ្ញាធរ។ កាលណាចូលទៅក្នុងបញ្ជីខ្មៅនោះហើយ ពិបាកណាស់ក្នុងការផ្តល់សេវាកម្មផ្សេងៗពីសំណាក់អាជ្ញាធរភូមិ ដែលមាននិន្នាការទៅរកបក្សកាន់អំណាចទាំងនោះ។
មេភូមិមួយចំនួនមិនទាន់បានបំពេញតួនាទីក្នុងការបម្រើផលប្រយោជន៍ប្រជាជនរបស់ខ្លួនជាធំនោះទេ ក៏ប៉ុន្តែ បែរជាយកផលប្រយោជន៍បក្សនយោបាយខ្លួនជាធំទៅវិញ។ នេះអាចនិយាយម្យ៉ាងទៀតបានថា មេភូមិភាគច្រើនត្រូវបានលើកឡើងឲ្យក្លាយជាអ្នកគ្រប់គ្រង តាមរយៈសែស្រឡាយ ឬបក្ខពួករបស់ខ្លួន ដោយមិនមានការជ្រើសរើសដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះ ទើបបានជាសកម្មភាពរបស់មេភូមិមួយចំនួន គឺធ្វើដើម្បីបក្សខ្លួនទៅវិញ។ កន្លងមក គណបក្សប្រឆាំងតែងតែបានលើកឡើងថា ប្រសិនបើបក្សខ្លួនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល នោះមេភូមិនឹងត្រូវជ្រើសរើសដោយការបោះឆ្នោត ទើបអាចធានាបានថា ជាមេភូមិដែលជាអ្នកបម្រើប្រយោជន៍ឲ្យប្រជាពលរដ្ឋ។
ទោះជាយ៉ាងក៏ដោយ មេភូមិដែលកើតចេញពីការលើកបន្តុបក្តី មេភូមិដែលកើតចេញពីការជ្រើសរើសដោយការបោះឆ្នោតក្តី គួរត្រូវពិចារណាថា ការដែលខ្លួនមកកាន់តំណែងជាអ្នកដឹកនាំគេនោះ ត្រូវធ្វើយ៉ាងណាលះបង់នូវគំនិតអាត្មានិយម ការគិតផលប្រយោជន៍បក្ស និងគួរត្រូវបញ្ឈប់នូវរាល់សកម្មភាពយកការណ៍ពីសំណាក់ប្រជាពលរដ្ឋណា ដែលមាននិន្នាការមិនស្របខ្លួន។ ទង្វើបែបនេះ ពុំគួរឲ្យកើតមានទៀតឡើយ ពីព្រោះវានឹងអាចនាំឱ្យមានការរើសអើងនៅក្នុងសង្គម និងអាចឈានទៅដល់ការមិនទុកចិត្តគ្នា និងទាញឲ្យការអភិវឌ្ឍសង្គមមានការធ្លាក់ចុះទៀតផង។
ជាសរុបមក មេភូមិមានតួនាទីសំខាន់ណាស់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងសង្គមកម្ពុជា មិនមែនអ្វីដែលមេភូមិមួយចំនួនកំពុងតែប្រព្រឹត្តខ្លួនជាអ្នកស៊ើបអង្កេតពីប្រជាពលរដ្ឋទាំងឡាយណា ដែលប្រកាន់បក្សនយោបាយខុសពីខ្លួន ដើម្បីរាយការណ៍មកថ្នាក់លើនោះទេ។ ចូលកុំភ្លេចថា កន្លងមក មេឈ្លប មេជំនាញការ អាចយកការណ៍ពីថ្នាក់ក្រោមទៅថ្នាក់លើ ដើម្បីផ្គាប់ផ្គន់មេធំខាងលើ។
ក៏ប៉ុន្តែ ពេលនេះ សកម្មភាពយកការណ៍ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន ទៅប្រាប់ថ្នាក់លើទៀតនោះ វានឹងអាចកាន់តែធ្វើឲ្យប្រជាជនរឹតតែមិនពេញចិត្ត និងម្យ៉ាងទៀត អាចទំនងជាធ្វើឱ្យសំឡេងឆ្នោតនាពេលបោះឆ្នោតធំម្តងៗ កាន់តែធ្លាក់ចុះទៅវិញ។ មេដឹកនាំនៃបក្សនយោបាយ គួរពង្រឹងឡើងវិញចំពោះអ្នកគ្រប់គ្រងតាមមូលដ្ឋាន ពិសេសមេភូមិឱ្យគិតពីប្រយោជន៍រាស្ត្រ និងសុខទុក្ខប្រជាពលរដ្ឋជាធំ មិនមែនធ្វើការបម្រើបក្សជាធំនោះទេ។ ចូរចាំថា សំឡេងឆ្នោតអាចប្រែប្រួលទៅបាន ក៏អាចជាចំណែកមួយនៃការគ្រប់គ្រងនៅតាមថ្នាក់មូលដ្ឋានដែរ។ ដូចនេះ ជាការល្អប្រសើរ មេដឹកនាំនៅតាមថ្នាក់មូលដ្ឋាន គប្បីលះបង់ចោលនូវវប្បធម៌បម្រើបក្សខ្លួន ហើយគួរងាយមកធ្វើសកម្មភាពទាំងឡាយណា ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ទើបជាការចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
